ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ចំណាស់​​ម្នាក់ត្រូវ​​​ប៉ូលិសមូលដ្ឋាន​​ចាប់​​ខ្លួន​​នាំ​មក​ចាត់​ការ​តាម​ច្បាប់ បន្ទាប់ពី​​​បុរស​រូបនោះ​បាន​​សម្រាត​​ខោ​ប្រពន្ធ​​​គេ កាល​ពី​វេលាម៉ោង​​៣​និង​​៣០​នាទីរសៀលថ្ងៃទី​​​២២ ធ្នូ នៅ​ភូមិបាញ់​​ធ្គោល ឃុំ​​ស្រែ​​បាក់ ស្រុក​រលាប្អៀរ ។ យោង​តាម​​មន្ត្រី​​ប៉ូលិស​​​ប៉ុស្តិ៍​បាន​​និយាយ​ថា ​បុរស​សង្ស័យ​​រូបនោះ​​ឈ្មោះ​ប៉ាវ សា​លឿន អាយុ​​​៥២​ឆ្នាំ ។ នៅ​ថ្ងៃ​​​កើតហេតុ​​បុរសដែលត្រូវ​ឃាត់ខ្លួន​​​នេះ​​​បានផឹក​​ស៊ីតាំង​ពីម៉ោង​​១០ព្រឹក​​ ជា​មួយ​ប្តី​នារី​រងគ្រោះ​​រហូត​ដល់​​​​ម៉ោង​​៣ជាង ។ ពេលនោះ​នាង​ជា​​​ប្រពន្ធ​​ ដែល​មាន​អាយុ​​២៧​ឆ្នាំ ​​​ដើរ​ទៅ ហៅ​​ប្តី​ ឱ្យ​​ត្រឡប់​មក​​​ផ្ទះវិញ តែ​ត្រូវ​​ឈ្មោះ​​ប៉ាវ សាលឿន ​ស្តីបន្ទោស​​ថា ប្តី​ផឹក​ស៊ី​​តិច​តួច​​ក៏មក​តាម​ដែរ​​ ហើយ​ក៏​​ដេញ​ឱ្យស្ត្រី​​នេះ​ត្រឡប់​​​ទៅផ្ទះវិញ ​។
ប៉ុន្តែ​​ស្ត្រីរូបនេះ​​ពុំ​ព្រម​​ទៅ​ទេ​​ នៅ​​តែ​​​ទទូច​ហៅប្តី​របស់ខ្លួន​​​ដែលកំពុង​​អង្គុយ​​ផឹកជា​មួយ​​បុរស​រពឹសដៃ​នេះ ។ ដោយ​សារ​តែ​​​និយាយ​ដេញ​ តែ​ពុំ​ព្រម​ចេញ បុរស​​ឈ្មោះ​​សា​លឿន ​ក៏បាន​​ចាប់​ទាញ​​សម្រាត​ខោ​​របស់​នាង​ដល់ត្រឹម​​​ជង្គង់ នៅសល់តែ​​ខោ​​ក្នុង​ ហើយស្ត្រី​រង​គ្រោះ​​ក៏លើកស្លៀក​​​វិញ ។ ក្រោយ​​មក​​បុរស​រូប​នោះ​​​ បាន​ទាញ​​​សម្រាត​​ម្តង​ទៀត​ជា​លើកទី​២ ។ ដោយទ្រាំ​មិន​បាន​​នឹង​ទង្វើ​​មើល​ងាយ​បែបនេះ ទើបស្ត្រី​រងគ្រោះ​​​រត់មក​ប្តឹង​​ប៉ូលិស​​ប៉ុស្តិ៍​​ ហើយ​ក៏​មាន​​ការចាប់ខ្លួន​ភ្លាមៗ​តែ​ម្តង​​នៅកន្លែង​ផឹកស៊ី​ ។
ប្រភពដដែលបញ្ជាក់​ថា ពេលសម្រាត​​ខោ​នោះ​ ស្ត្រី​រងគ្រោះ​​បាន​ខោ​​ក្នុង​ជួយបិទ​​បាំង​ខ្លះ​​កុំអី​លេចកេរ្តិ៍​ខ្មាស​​នៅកណ្តាល​​​វាល​ពុំខាន ។ លោកស្រី​​ប្រាក់ សៅនី ប្រធាន​​ការិយា​ល័យ​​ប្រឆាំងការ​ជួញដូរ​​មនុស្ស និង​​ការពារ​​អនីតិជន​ខេត្ត ​បាន​និយាយ​ថា ជនល្មើស​​បានបញ្ជូន​​ទៅ​តុលាការ​​តាមផ្លូវច្បាប់​ ក្រោម​​​ការ​​ចោទ​ប្រកាន់​​ពី​​បទ «ប្រទូស្ត​កេរ្តិ៍​ខ្មាស» តាម​ក្រម​ព្រហ្ម​ទណ្ឌ​​​មាត្រា​​២៤៦ មានទោស​ពី​១ទៅ​​៣​ឆ្នាំ ៕​​