នៅក្នុងខែវិច្ឆិកានេះ តុលាការខេត្រ ស្វាយរៀង នឹងកំណត់ពេលបើកសវនាការសំណុំរឿងអតីត អភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបានបាញ់ប្រហារទៅលើហ្វូងកម្មករបណ្តាល ឲ្យកម្មការិនីបីនាក់រងរបួស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្រុងបាវិត។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោកហ៊ីង ប៊ុនជាបានថ្លែងឲ្យដឹងថា ដោយសារតែមានការមមាញឹក និងមានបុណ្យច្រើនពេក ទើបធ្វើឲ្យសំណុំរឿងនេះដំណើរការយឺតជាងនិតិវិធីកំណត់។ លោកថា ករណីជនសង្ស័យនៅក្រៅឃុំតាមនិតិវិធី គឺតុលាការនឹងធ្វើចំណាត់ការមិនឲ្យហួសពី១ខែទេ។ លោកបន្ដថា តុលាការនឹងកំណត់ថ្ងៃបើកសវនាការនៅពាក់កណ្តាលខែវិច្ឆិកា ឬចុងខែវិច្ឆិការនេះ។ សូមរំលឹកថា នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១២ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានតុលាការខេត្តស្វាយរៀង សម្រេចចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា ទាក់ទិននៅនឹងព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ដែលមានកម្មករជាង ៦០០០ នាក់មកពីរោងចក្រ ៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត បានធ្វើការតវ៉ាទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន ហើយលោកឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិតបានបាញ់កម្មករ៣នាក់ឲ្យរងរបួស។
ក្នុងសំណុំរឿងដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនោះ កម្មការិនី ៣ នាក់ដែលបានរងរបួសដោយសារការបាញ់ប្រហារពីសំណាក់អតីតអភិបាល ក្រុងបាវិត បានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងលោកឈូក បណ្ឌិត ដោយទាមទារសំណងម្នាក់ៗ ៤៥ ០០០ដុល្លារ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ rfi