ខេត្ត​ព្រះ​សីហនុ​​ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​២​នាក់​ដែលលួច​កាច់​សោ​.ក​ម៉ូតូ​ម៉ាក​វ៉េវ​​អាល់​ហ្វា​ ពណ៌​ក្រហម​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ ត្រូវ​​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កាល​ពី​រសៀល ​ថ្ងៃ​ទី​២៩ ធ្នូ។ លោក​អនុ​សេនីយ៍​ឯក អ៊ុក ថាន់​ដារិទ្ធិ​ មន្ត្រី​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​លុយ ដារ៉ា ហៅ​​គីម​ ណា​គី​ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅក្នុង​​​ភូមិ​តា​នី ឃុំ​តា​នី ស្រុក​អង្គរ​ជ័យ​​ ខេត្ត​កំពត​។ ដោយ​ឡែក​ម្នាក់​ទៀត​​ដែល​ជា​អ្នក​សម​គំនិត​ គឺ​ជា​ស្ត្រី​ស្នេហ៍​របស់​គេ​​។
ប្រភព​ដដែល​បន្ត​ថា ម្ចាស់​បាន​ទុក​ម៉ូតូ​ខាង​មុខផ្សារ​​​សា​ម៉ូ​ដឺ​រ៉ា ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៤​ ក្រុង​ព្រះ​សីហនុ​ ហើយ​ចូល​ទិញ​អី​វ៉ាន់​ លុះ​ពេល​ចេញ​មក​វិញ​ស្រាប់​តែ​បាត់​ម៉ូតូ​របស់​ខ្លួន​។ ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ​តាម​​ប្រព័ន្ធ​កាមេ​រ៉ា​នៅ​ផ្សារ​ទំនើប​សា​ម៉ូ​ដឺ​រ៉ា​​គឺ​ឃើញ​រូប​ភាព​ជាក់​ស ្តែង​ពេល​ជន​សង្ស័យ​ចូល​ធ្វើ​សកម្ម​ភាព​លួច​កាច់​សោ.ក​ម៉ូតូ​។ លោក​អនុ​សេនីយ៍​ឯក​​ អ៊ុក​ ថាន់​ដារិទ្ធិ បន្ត​ថា ជន​សង្ស័យបាន​សារ​ភាព​ថា ​រូប​គេ​បាន​ជិះ​ម៉ូតូ​​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ក្រ.ព្រះ​សីហនុ​១​A៦២៧១ ឌុប​ស្រី​ស្នេហ៍​​​ទៅ​ឈប់​ខាង​មុខ​ផ្សារ​។ គេ​បានប្រគល់​​កូន​សោ​ម៉ូតូ​ឱ្យ​​ទៅ​ស្រី​ស្នេហ៍​ ហើយ​នាង​ធ្វើ​ជា​ចូល​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ។
ចំណែករូប​គេ​​ចាប់​ផ្តើម​កាច់​សោ​.ក​ម៉ូតូ​ម៉ាក​វ៉េវ​ រួច​ជិះ​ចេញ​ឆ្ពោះ​ទៅ​ខាង​ក្រោយ​មហោ​ស្រព​ចាស់​រង់​ចាំ​ស្រី​ស្នេហ៍​។ នៅ​ពេល​ស្រី​ស្នេហ៍​របស់​គេ​មក​ដល់​ គេ​​ប្រគល់​ម៉ូតូ​ដែល​ទើប​លួចបាន​នោះឱ្យ​​ជិះ​គេច​ខ្លួន​ភ្លាម​។ យោង​តាម​ជំនាញរបស់​មន្ត្រី​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ រយៈ​ពេល​២​ម៉ោង​ក្រោយ​មក​​ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ផ្ទះ​សំណាក់​មួយ​ ចំណែក​ស្រី​ស្នេហ៍​ដែល​ជិះម៉ូតូ​គេច​ខ្លួន​នោះ​សមត្ថ​កិច្ច​កំពុង​តាម​ចាប់​​ខ្លួន​យក​ទៅ​​ផ្តន្ទា​ទ ោស​។ សូម​បញ្ជាក់​ថា ម្ចាស់​ម៉ូតូ​ដែល​ចោរ​លួច​​នោះ​ជា​ជន​ជាតិ​បារាំង៕