ខេត្តឧត្ត​រមានជ័យ​ ៖ ដោយសារ​តែ​​មិន​អាច​ចែករំលែក​​ស្រីដែលខ្លួន​ស្រលាញ់ទៅ​​ឱ្យនរ​ណា​​​ម្នាក់​​រួមរ័ក​​មេត្រីបាន បុរសទាហាន​​ស្ទុះ​ទាញ​កាំ​ភ្លើង​​អាកា បាញ់​សំលាប់មិត្ត​សម្លាញ់​​​របស់ខ្លួន​​ឱ្យ​​ដេក​ដួលក្នុង​ថ្លុក​ឈាម រួចហើយ​​បាញ់​​សម្លាប់​នារី​​ជាសង្សារ​​តាមក្រោយ ​ដោយ​ឥត​​ញញើត​ដៃ​ និង​បន្ទាប់​មក​​​បាញ់សម្លាប់​​ខ្លួន​​ឯង ដើម្បី​បញ្ចប់​​បញ្ហា​ ឬហៅ​ថា អត្តឃាត​​ស្នេហ៍ ។​ សកម្ម​ភាព​យក​សេចក្តីស្លាប់​​​មក​ដោះស្រាយ​​វិបត្តិស្នេហ៍​​​នេះបានកើតឡើង​​កាលពីវេលា​ម៉ោង​​១០​យប់ថ្ងៃទី ​​២៩ ធ្នូ ២០១០ ​នៅហាង​ខារ៉ា​អូខេ ​យីហោ ម៉ែ​អាតុង ស្ថិត​ក្នុងភូមិជើង​ភ្នំ ឃុំត្រពាំង​ប្រីយ៍ ​ស្រុកអន្លង់​​វែង លើ​ជួរ​ភ្នំ​​ដង​រែក ​ចែក​ខណ្ឌ​​ទឹកដីកម្ពុជា​-សៀម ។ ​ស្ត្រី​​ម្ចាស់​ហាង​ខារ៉ា​អូខេ ​ឈ្មោះ​ម៉ែន សារឿន ​អាយុ​​៣៩​ឆ្នាំ ​មានប្តី​ឈ្មោះ​​ហ៊ីង ហ៊ឹង អាយុ​៤២​ឆ្នាំ ​ស្នាក់​នៅទីតាំង​​ខារ៉ាអូខេ ​ខាងលើ ​បាន​ឱ្យ​ដឹង​ថា ​​ការបាញ់​​សម្លាប់គ្នា​​នោះ​គឺ​ផ្តើម​​​ចេញ​ពីកំហឹង​​ក្រេវ​ក្រោធនៃ​ភ្លើង​​ប្រច័ណ្ឌ​​ដោយសារ​ថា​ បុរស​ជា​​ឃាត​ជន​បាន​ស្រលាញ់​នារី​ខារ៉ាអូខេ ​ហើយ​នារី​ខារ៉ា​អូខេបែរ​ជា​​ស្រលាញ់​​មិត្ត​ភក្តិ​​របស់ឃាត​ជន​ទៅវិញ​​ ធ្វើ​ឱ្យ​ខក​ចិត្ត មិន​អាច​ចែក​រំលែកបាន​​ក៏បាញ់​​សម្លាប់​​ទាំងអស់​គ្នា​តែម្តង ។​
អ្នកស្លាប់​ទាំង​​៣​ មាន​១-​ឈ្មោះ​ស៊ុម ​សុគៀ ​អាយុ​​៣៥​ឆ្នាំ ​ជា​ទាហាន​​កង​ល្បាតលេខ​៥ ប្រចាំ​​អង្គ ភាព​​៤០៣ ជា​ជនដៃ​ដល់​​បាញ់​ប្រហារ​​គួរ​ឱ្យ​​តក់ស្លុត ២-​ឈ្មោះ​​មឿន ដាឡែន ភេទស្រី អាយុ​​២៣​ឆ្នាំ ជា​ស្ត្រី​បំរើ​​ហាង​ខារ៉ាអូខេ មានស្រុក​កំណើត​​នៅភូមិ​​ខ្នារថ្មី ឃុំជ្រាវ ក្រុង​សៀម​រាប ត្រូវ​​ឃាត​ជន​​បាញ់ចំទ្រូង​ខាងស្តាំ ធ្លាយ​ទៅ​​ក្រោយ​​១គ្រាប់ ​ចំត្រគាក​​ធ្លាយ​ទៅក្រោយ​​​១​គ្រាប់ ស្លាប់នៅនឹង​កន្លែង ៣-​ឈ្មោះ​​សោម សុង អាយុ​​៣០​ឆ្នាំ ជា​ទាហាន​​ប្រចាំ​ការ​​នៅអង្គ​ភាព​​លេខ​​២០៣ ស្លាប់នៅនឹង​កន្លែង ហើយត្រូវ​បានសាច់ញាតិ​នាំ​យក​សព​ទៅធ្វើបុណ្យ​​នៅស្រុក​កំណើត​​ភូមិ​​ពែង​មាសខាងជើង ឃុំស្ពឺ ស្រុក​ចំការ​លើ ​ខេត្ត​​កំពង់ចាម ។​
តាមព័ត៌មាន​​ជុំវិញ​​កន្លែង​កើតហេតុ ​លោក​អនុ​សេនីយ៍​ឯក ងួន ទីរិទ្ធ មេបញ្ជា​ការ​ប៉េអឹម​ស្រុក​អន្លង់​វែង​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើត​ហេតុ​ឈ្មោះ​​សោម សុង និង​ឈ្មោះ​ស៊ុម គា ដែល​ជា​មិត្ត​ភក្តិ​នឹង​គ្នា​បាន​នាំ​គ្នា ​ចូល​ទៅ​ច្រៀង​ខារ៉ា​អូខេ​នៅ​ផ្ទះ​មួយ​លើ​ខ្នង​ភ្នំ​ដង​រែក​ក្នុង​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង ដោយ​មាន​ស្រី​ស្អាត​អង្គុយ​កំដរ​អារម្មណ៍​ក្នុង​ការ​ផឹក​ស៊ី​ផង និង​ច្រៀង​ផង។ ក្នុង​ពេល​នោះ​​នាង​បំរើ​ខារ៉ា​អូខេឈ្មោះ​មឿន ដាឡែន ជា​ស្រី​ស្អាត ​បាន​ឆក់​បេះ​ដូង​អ្នក​ទាំង​២​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អន្លង់​ស្នេហ៍​រហូត​ដល់​វេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី​២៩ ធ្នូ ទើប​ពួក​គេ​ទាំង​៣​នាក់​បញ្ចប់​កម្ម​វិធី​ខារ៉ា​អូខេ។
តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​បន្ត​ថា ឈ្មោះ​សោម សុង ទំនង​ជា​បាន​និយាយ​ត្រូវ​រ៉ូវ​គ្នាមុន​​ជា​មួយ​ស្រី​ស្រស់​ដាឡែននោះ​ ទើប​ពួក​គេ​ទាំង​២​នាក់​​បាន​នាំ​គ្នាទៅនែប​និត្យ​​ក្នុងល្បែងស្នេហ៍​យ៉ាង​ត្រេកត្រអាល​នៅចំណុច​អតីត​ស្រះ ​ទឹក​តាម៉ុក​ក្បាល​ទន្សោងក្បែរ​បន្ទាយ។​​ លុះ​ដល់​​វេលាម៉ោង​​១០យប់​ថ្ងៃ​ដដែល​ ស្រាប់​តែ​ឈ្មោះ​ស៊ុម គា ដែលមា​នកំហឹង​ ព្រោះ​មិនអាច​ឆក់​បេះ​ដូង​នារី​រូបស្រស់​នេះ​បាន​ ក៏​ទាញ​កាំ​ភ្លើង​អាកា​​ទៅបាញ់​ឈ្មោះសោម សុង និងស្រីស្អាត ​ឈ្មោះ​មឿន ដាឡែន​​ ពេល​កំពុង​តែ​ឡើង​ឋាន​សួគ៌​​នៅក្នុង​ផ្ទះ​មួយក្បែរ​អតីត​ស្រះទឹកតាម៉ុក​​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​​ជីវិ ត​​ជា​បន្តបន្ទាប់​ហើយឈ្មោះ​ស៊ុម គា ក៏បាន​បាញ់ខ្លួន​ឯង​ធ្វើ​អត្ត​ឃាត​ដែរ ​​។
លោក​អនុ​សេនីយ៍​ឯក​ងួន​ ទិ​រិទ្ធ​ បាន​បន្ត​ទៀត​ថា ភ្លាមៗ​នោះ សមត្ថកិច្ចប៉េ​អឹម​​បាន​​ចុះ​​ទៅ​ដល់កន្លែង​កើត​ហេតុ​​ធ្វើការ​ត្រួតពិនិត្យ​ឃើញថា ស្ត្រីរង​គ្រោះ​​បានដេកស្លាប់​លើ​ស្មៅ​ក្រៅ​ផ្ទះ​ក្នុង​​សភាព​រាង​កាយអាក្រាត ដែលបង្ហាញថា ពេល​អាសន្ន​នោះ​នាង​បានព្យា​យាម​រត់គេច​ខ្លួន​ដោយ​មិនខ្វល់​ពី​សំលៀក​បំពាក់​ឡើយ​ តែរត់​មិន​រួច ។​ចំណែក​ឈ្មោះ​សោម សុង ស្លាប់​ក្នុង​សភាព​ស្លៀក​​តែខោខ្លី​ ។ បន្ទាប់​ពីបានធ្វើ​ការ​ត្រួត​ពិនិត្យ​​រួច សមត្ថ​កិច្ច​​បានឱ្យអ្នកស្គាល់​សព​នាំ​យកទៅ​​តំកល់​ទុកនៅ​ វត្ត​អូរ​គ្រញូងរង់​ចាំ​បង​ប្អូន ឪពុក​ម្តាយ​មក​យកទៅ​ធ្វើបុណ្យនៅ​តាមលំនៅ​ឋាន​រៀងៗ​ខ្លួន​ ៕