ភ្នំពេញ ៖ រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​កៀរ​ម៉ូតូ​ម៉ាក​ស្តេប​​ជិះ​ពីរ​នាក់​ ម្ដាយ​កូន បណ្ដាល​ឲ្យ អ្នក​ទាំង​ពីរ​រង​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ។ ចំណែក​ចរាចរ​នៅ លើ​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​ត្រូវ​បាន​កក​ស្ទះ​មួយ​រយៈ​ពេល​ធំ។

សមត្ថកិច្ច​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​កម្ពុជា​ថ្មី ​ថា នៅ​ម៉ោង​៨​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ មាន​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង ម៉ាក FUSU ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A 0674 ជា​របស់​ក្រុមហ៊ុន បាន​មាន​លាភ មាន​ទីស្នាក់ការ​ក្បែវ​វត្ត​ចាក់​អង្រែ បើកបរ​ដោយ​តៃកុង​មិន​ស្គាល់​អត្តសញ្ញា(រត់​គេច​បាត់) បាន​បើក​កៀរ​ម៉ូតូ​មួយ​គ្រឿង​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ពេល​​​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ​ម៉ាក​ស្តេប ពណ៌​ស​លាយ​ខ្មៅ ពាក់​ស្លាក​លេខ 1AR5434 បើក​បរ​ដោយ​ស្រ្តី​ឈ្មោះ​ចាង វណ្ណី អាយុ​៣០​ឆ្នាំ មុខរបរ ធ្វើ​ការ​នៅ​ក្រុមហ៊ុន​វីន និង​ដឹក​កូន​ស្រី​ម្នាក់​ឈ្មោះ​សុខ សុហ្វីយ៉ា អាយុ​៤​ឆ្នាំ រង​របួស​ត្រង់​ប្រអប់​ជើង មាន​ទីលំនៅ​ភូមិ​តាង៉ូវ សង្កាត់​និរោធ ខណ្ឌ​មានជ័យ។

ក្រោយ​បើក​កៀរ​រួច​តៃ​កុង​រថយន្ត​បាន​រត់​គេច​ខ្លួន​ បាត់។ ចំណែក​ស្រ្តី​និង​កូន​ស្រី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ៕

http://www.kampucheathmey.com/local-...-02-12-11.html