ខេត្ត​កណ្តាល ៖ ស្នេហា​​ផ្អែម​ល្ហែម​​​របស់​យុវ​​វ័យ​​​មួយគូ​អស់​រយៈ​ពេល​ជិត​​មួយ​ឆ្នាំ​ ​រហូត​ដឹក​ដៃ​គ្នា​ឡើង​ឋានសួគ៌​​​​ជា​ច្រើន​ដង ប្រាសចាក​គន្លង​ប្រពៃណី​មិនឱ្យ​​អា​ណា​ព្យា​បាល​ដឹង​នោះ​ នៅ​ទី​បំផុតត្រូវ​បែកធ្លាយ​​​ដោយ​​អា​ណា​ព្យា​បាល​​​ទៅ​ទាន់ ខណៈ​កំពុង​នាំគ្នា​ឡើង​ឋានសួគ៌​នៅ​​ផ្ទះ​ខាង​ស្រី ។ ​រឿង​នេះ​តួ​ឯក​ប្រុស​​​ក្លាយ​ជា​អ្នក​ទោស​​ដោយអាណា​ព្យា​បាល​​ខាងស្រី​ ប្តឹង​ប៉ូលិស​​​ឱ្យ​ចាប់​ខ្លួន​កាល​ពីវេលាម៉ោង​១​រសៀល​ថ្ងៃទី​២៤ មករា ឆ្នាំ២០១១ នៅ​ផ្ទះ​​របស់នាង​​ស្ថិត​នៅ​ ​សង្កាត់​​ដើម​មៀន ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល ។ ​

មន្ត្រី​ប៉ូលិសឱ្យ​ដឹង​ថា​ អ្នក​ទោស​​សេ្នហានោះ​ឈ្មោះ​ទុំ ​សារ៉ាឌីន ​អាយុ​២១​ឆ្នាំ រស់នៅភូមិ​ព្រែកតាឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំពេញ​​ ​​ជា​កសិករ ។ ​ចំណែក​តួឯក​ស្រី​អាយុ​១៦​ឆ្នាំ ជាសិស្ស ។ នៅអធិការ​ដ្ឋាននគរ​បាល​​ក្រុង​តា​ខ្មៅ​​នាង​អង្វ​រ​​អា​ណា​ព្យា​បាល​របស់​​ ខ្លួន​ឱ្យដក​ពាក្យ​បណ្តឹង​វិញ ព្រោះ​​ពួកនាង​ស្រឡាញ់​គ្នា​យ៉ាង​ប្តូរ​​ផ្តាច់​យូរ​មកហើយ ​មិន​មានការ​ចាប់បង្ខំ​ទេ ។ ទោះ​​បីជា​បែបណា​ក្តី ​នាង​មាន​​វ័យ​១៦​ឆ្នាំ មិន​អាចការពារ​ទង្វើ​របស់​ខ្លួន​បែប​នេះ​បានឡើយ ព្រោះ​ស្ថិត​​ក្នុង​វ័យអនីតិជន​​ ។

​ឈ្មោះ​ទុំ ​សារ៉ាឌីន ​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ពួក​គេ​ទាំងពីរ​នាក់​បានស្គាល់គ្នា​តាំងពី​ខែ​មិថុនា ឆ្នាំ​២០១០ ​និង​ធ្លាប់​​ដើរ​លេង​កសាង​អនុស្សា​វ​រីយ៍​​ជា​​ច្រើន​ជា​មួយគ្នា ។ ថ្វី​ដ្បិត​​តែ​ផ្ទះ​​ពួកគេ​នៅ​ឆ្ងាយ​ពី​គ្នា​ តែពួកគេ​តែង​តែទូរស័ព្ទ​​ណាត់ជួបគ្នា​ជាញឹកញាប់​​​ ។ រយៈ​ពេល​កន្លង​​មក ពួកគេ​បាន​ណាត់ជួប​គ្នា​នៅ​ផ្ទះ​ខាង​ស្រី និងបានរួមរ័ក​ជា​មួយ​គ្នា​ចំនួន​៤​ដង​រួច​មកហើយ ​​ខណៈ​ពេល​​អាណា​ព្យា​បាល​​របស់នាងចេញ​ទៅ​ប្រកប​មុខរបរ​​​នៅ ផ្សារ​តាខ្មៅ ។

អ្នកទោស​​សេ្នហា​បន្ត​ទៀត​ថា ​​នៅ​ថ្ងៃ​ទី២៤ មករា ​គេបានទូរស័ព្ទ​​​ទៅសង្សារ​​ ហើយ​បាន​ដឹង​ថា​ អាណា​ព្យាបាល​​របស់នាង​​មិ​ន​នៅ​ផ្ទះ គេ​ក៏​ទៅ​​ផ្ទះ​នាង​នា​ម៉ោងប្រហែល​ជាង​១២​​ថ្ងៃត្រង់ ។ ខណៈ​​ពួក​គេកំពុង​នាំគ្នា​ឡើង​ឋានសួគ៌ ស្រាប់​តែ​ឪពុក​ខាងស្រី​មក​ទាន់​ និងគោះ​ទ្វារ​​ផ្ទះ​ស្រែក​ហៅ ។ ​ពេលនោះ​​រូប​គេភ័យ​ស្លន់​ស្លោ​ស្លៀក​ខោ​​ពាក់​អាវ​ស្ទើរ​តែ​មិនទាន់ ។ ​ពេល​បើក​ទ្វារឃើញ​រូបគេនៅ​ក្នុង​ផ្ទះ​ជាមួយកូនស្រី​​តែ​ពីរ​នាក់​ គាត់​សួរ​នាំ​ដឹងរឿងក៏ទះ​កំផ្លៀង​​រូបគេ​ចំនួន​២ ទៅ៣​ដៃ បណ្តាល​ឱ្យ​ហូរឈាម​​តាមច្រមុះ​ ។ ​បន្ទាប់​មកគាត់​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​គេ ។

ចំណែក​​តួ​ស្រី​រៀបរាប់ប្រាប់​ប៉ូលិសថា នាង​និងឈ្មោះ​ទុំ សារ៉ា​ឌីន ​ស្គាល់​គ្នាតាម​រយៈ​ទូរ​ស័ព្ទ​​ និងឈាន​​ដល់​ការ​យល់ចិត្ត​​​ថ្លើ​មគ្នា​ ។ ពួកនាង​​​ធ្លាប់​បាន​រួម​​រ័កជាមួយ​គ្នានៅ​ក្នុងផ្ទះរបស់នាង​​ ខណៈ​ឪពុក​ម្តាយ​​មិន​នៅ​​ ។ ពួកនាង​បាន​សន្យា​គ្នា​ថា នឹង​ចូល​ស្តី​ដណ្តឹង រួច​រៀប​ការ​តាម​ប្រពៃ​ណី​នៅពេល​ខាងមុខ ។

​តាមប្រភពព័ត៌​មានថា ​នៅព្រឹក​ថ្ងៃទី២៥ មករា បន្ទាប់ពីប៉ូលិស​​ចាប់​ខ្លួន​ឈ្មោះ​ទុំ សារ៉ាឌីន​នាំ​ទៅអធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ គេ​ឃើញ​​ភាគី អាណាព្យាបាល​​ទាំង​សង​ខាង​ពិភាក្សា​​ត្រូវ​រ៉ូវគ្នា ​ហើយ​សុំ​ដក​ពាក្យ​បណ្តឹង​​វិញ ដើម្បី​​ឱ្យ​ពួក​​គេ​ទាំងពីរ​នាក់បានរៀបការ​នឹង​គ្នា ប៉ុន្តែសមត្ថកិច្ច​ប៉ូលិស​មិនយល់ព្រម​​ឡើយ ព្រោះ​រឿង​នេះ​បាន​រាយ​ការណ៍​ទៅព្រះរាជអាជ្ញា​​រួច​រាល់​​ហើយ ៕

http://kohsantepheapdaily.com.kh/art...25-034545.html