
ក្រុងប៉ោយប៉ែត ៖ បុរស២នាក់ខណៈកំពុងជិះម៉ូតូឌុបគ្នាលើដងផ្លូវត្រូវកៅស៊ូតង់ ដែលគេគ្របស៊ីម៉ង់ត៍លើរថយន្តប៉ើងហើរមកគ្របពីលើម៉ូតូបណ្តាល ឱ្យដួលរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ មករា ក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ខណៈដែលមានការប៉ើងកៅស៊ូតង់មកគ្របពីលើបណ្តាលឱ្យដួលបែបនេះធ្វើ ឱ្យម្ចាស់ម៉ូតូព្រលឹងចុងសក់ព្រោះតែខ្លាចរថយន្តដែលបើកមក ពីមុខឬពីក្រោយកិនបន្ថែមច្បាស់ជាស្លាប់មិនខាន។
បុរសរងគ្រោះឈ្មោះអ៊ូ វណ្ណា អាយុជាង៣០ឆ្នាំ ជាជាងជួសជុលរថយន្តនៅភូមិកើតហេតុ បានរងរបួសក្បាលជង្គង់ខាងឆ្វេងដោយដាច់រលាត់បន្តិចបន្តួច ឯបុរសម្នាក់ទៀតដែលរួមដំណើរជាមួយមិនត្រូវបានស្គាល់ឈ្មោះឡើយ។ គ្រោះថ្នាក់ចរាចរណ៍មួយនេះទោះបីពុំបង្កឱ្យមានរបួសឬខូចខាតម៉ូតូ ធ្ងន់ធ្ងរយ៉ាងណាក្តី ប៉ុន្តែវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដល់ជនរងគ្រោះ បើដួលម៉ូតូកណ្តាលផ្លូវចំពេលមានចរាចរណ៍មមាញឹក។
គ្រោះថ្នាក់កើតឡើងដ៏កម្រមួយនេះត្រូវ ជនរងគ្រោះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកខ្លួនជិះម៉ូតូធុនសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1I-0882 ឌុបគ្នាក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវកៅស៊ូតង់ដែលគេគ្របរថយន្តដឹកស៊ីម៉ង់ត៍ចតចោលនោះហើរ មកគ្របលើម៉ូតូរបស់ខ្លួនបណ្តាលឱ្យដួលម៉ូតូកណ្តាលថ្នល់តែម្តង ។ ភ្លាមនោះពួកខ្លួនបានក្រោករត់មកចិញ្ចើមថ្នល់ទាំងព្រលឹងចុងសក់ ព្រោះខ្លាចរថយន្តដែលកំពុងបើកលើថ្នល់កិនស្លាប់។
គ្រោះថ្នាក់នេះបង្កឱ្យមានការភ្ញាក់ ផ្អើលដល់អ្នកដំណើរជាច្រើនបាននាំគ្នាចតរថយន្តនិងម៉ូតូឈរមើល ព្រោងព្រាត ខណៈម៉ូតូជនរងគ្រោះស្ថិតនៅក្រោមកៅស៊ូតង់កណ្តាលថ្នល់នៅឡើយ។ ក្រោយហេតុការណ៍កើតឡើងមួយសន្ទុះទើបគេឃើញប៉ូលិសចរាចរក្រុងមក ដល់កន្លែងកើតហេតុ ហើយម្ចាស់ម៉ូតូរងគ្រោះក៏បានធ្វើការដោះស្រាយជាមួយតំណាងក្រុម ហ៊ុនម្នាក់ដែលជាម្ចាស់រថយន្ត ។ តាមការឱ្យដឹងពីប៉ូលិសចរាចរបានប្រាប់តាមទូរស័ព្ទនៅម៉ោង៤និង៤០ នាទីរសៀលថ្ងៃដដែលថា គ្រោះថ្នាក់នេះខាងក្រុមហ៊ុនបានធ្វើការដោះស្រាយជាមួយជនរង គ្រោះទាំង២នាក់ហើយ ដោយម្ចាស់ម៉ូតូយក១ពាន់បាត ឯអ្នកជិះពីក្រោយយក៥០០បាត ដើម្បីព្យាបាលរបួសនិងជួសជុលម៉ូតូដោយខ្លួនឯង ។
គេកត់សំគាល់ថា នៅចំណុចកើតហេតុគេឃើញរថយន្តដឹកទំនិញពីប្រទេសសៀមបានមកចត ត្រៀបត្រាជាជួរទាំងសងខាងផ្លូវដែលបញ្ហានេះបានធ្វើឱ្យមាន ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរថា ការចតរថយន្តគួរតែចតនៅចិញ្ចើមផ្លូវម្ខាងបានហើយមិនត្រូវចត ទាំងសងខាងបែបនេះទេ ព្រោះវាធ្វើឱ្យផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ដូច្នេះសមត្ថកិច្ចគួរមានវិធានការផង ៕
http://kohsantepheapdaily.com.kh/art...125-01544.html