ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលយកពុទ្ធសាសនាធ្វើជាសាសនារបស់រដ្ឋ ប៉ុន្ដែ
ក៏បានអនុញ្ញាតអោយមានការទទួលយក ឬជឿទៅលើសាសនាដទៃ ដូចជាសាសនាគ្រឹស្ដ
និងសាសនាអ៊ីស្លាម។ល។ ក្នុងចំណោមសាសនាជាច្រើននៅក្នុងប្រទេសកម្ពុជា សាសនា
គ្រឹស្ដបាន និងកំពុងបញ្ចេញសកម្មភាពយ៉ាងខ្លាំងក្លាជាងគេក្នុងការទាក់ទាញបរិស័ទ។
គ្រឹស្ដបរិស័ទក្នុងវិហារមួយនៅកម្ពុជា
សកម្មភាពអ្នកផ្សាយសាសនាគ្រឹស្ដ
និយាយអំពីសាសនាគ្រឹស្ដ ជារៀងរាល់ថ្ងៃនៅក្នុងក្រុងភ្នំពេញអ្នកប្រាកដជាបានឃើញ
ក្រុមអ្នកផ្សព្វផ្សាយសាសនាធ្វើដំណើរតាមដងផ្លូវក្នុងក្រុង ក្នុងភូមិដែលមានប្រជាជន(ជា
ពិសេសគឺប្រជាជនដែលមានជីវភាពក្រលំបាក)រស់នៅច្រើន។
ប្រជាជនខ្មែរមួយចំនួនធំ មានជីវភាពក្រីក្រ កូនច្រើន មិនអាចរកប្រាក់ចំណូលគ្រប់គ្រាន់
សម្រាប់ចិញ្ចឹមកូន និងអោយកូនទៅសិក្សា នេះគឺជាប្រការមួយដែលក្រុមអ្នកផ្សព្វផ្សាយ
សាសនាគ្រឹស្ដយកធ្វើជាចំណុចខ្លាំងរបស់ខ្លួន ទន្ទឹមនឹងការផ្ដល់ជំនួយ ចំណេះដឹងផ្នែក
ភាសាអង់គ្លេស តន្រ្ដី និងជំនាញផ្សេងៗទៀតដល់បរិស័ទ។
ក្រុមអ្នកដឹកនាំសាសនាគ្រឹស្ដបានបង្កើត និងបង្កើនចំនួនមជ្ឈមណ្ឌលអប់រំផ្នែកសាសនា
គ្រឹស្ដជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដោយផ្ដោតសំខាន់ទៅលើក្រុមយុវវ័យ និងក្មេងៗ
ចាប់ពីអាយុ ៤ ឆ្នាំឡើងទៅដែលស្ថិតនៅក្នុងគ្រួសារមានជីវភាពក្រីក្រ។
ក្នុងចំណោមមជ្ឈមណ្ឌលអប់រំផ្នែកគ្រឹស្ដសាសនានៅក្នុងក្រុងភ្នំពេញ យើងសូមនិយាយ
អំពីមជ្ឈមណ្ឌលមួយនៅក្នុងភូមិឬស្សីស្រស់ ដែលស្ថិតនៅក្នុងសង្កត់និរោធ ខណ្ឌមានជ័យ
ក្រុងភ្នំពេញ។ មជ្ឈមណ្ឌលនេះមានឈ្មោះថា Mollydooker 3 និងមានផ្លាកធំមួយនៅក្បែរ
នោះ ដែលសរសេរថា ផ្លាស់ប្ដូរកម្ពុជា។ សិស្សដែលនឹងត្រូវបានអនុញ្ញាតអោយមកសិក្សា
នៅទីនេះគឺត្រូវតែជាសិស្សក្រីក្រ និងមានអាយុ ៤ ឬ ៥ឆ្នាំ។
នៅពេលបានមកសិក្សានៅមជ្ឈមណ្ឌលខាងលើ សិស្សនឹងទទួលបានអាហារពីរពេលជា
រៀងរាល់ថ្ងៃ អង្ករ ២០គ.កជារៀងរាល់ខែ និងសិក្សាភាសាអង់គ្លេសជាដើម ដោយឥតគិត
ថ្លៃ។
នៅពេលដែលគ្រួសារអ្នកកំពុងជួបការលំបាក មិនមានប្រាក់អោយកូនទៅរៀន តើអ្នកនឹង
ធ្វើបែបណា ? អោយកូនចូលសាសនាគ្រឹស្ដដើម្បីអាចមានចំណេះដឹង ឬទ្រាំមើលកូនអវិជ្ជា?
ក្រៅពីការអូសទាញបរិស័ទដោយប្រការខាងលើ ក្រុមអ្នកដឹកនាំសាសនាគ្រឹស្ដនៅកម្ពុជា
ហាក់ដូចជាបានមើលឃើញភាពវិជ្ជាមានរបស់កុមារនៅកម្ពុជាផងដែរ ព្រោះថាពួកគេប្រៀប
ដូចជាក្រណាត់.ស មួយផ្ទាំងដែលងាយលាបពណ៌បំផុត។ ដូច្នេះក្មេងដែលមិនទាន់ដឹងក្ដី
គឺជាគោលដៅសំខាន់ក្នុងការអូសទាញ។ ការចាប់ផ្ដើមទាក់ទាញបានក្មេងៗចាប់ពីពេល
នេះ គឺមានន័យថា អនាគតនឹងមានគ្រឹស្ដបរិស័ទកាន់តែច្រើន ហើយពួកក្មេងៗទាំងនេះ
នឹងនាំគ្នាអូសទាញមិត្តភ័ក្ដ ឬបងប្អូនរបស់ខ្លួនអោយមានជំនឿទៅលើគ្រឹស្ដសាសនា ម្យ៉ាង
ទៀតកុមារគឺជាទំពាំងស្នងឬស្សី ដូច្នេះ អនាគតប្រទេសកម្ពុជានឹងមានអ្នកកាន់សាសនា
គ្រឹស្ដច្រើនដែលយើងនឹកស្មានមិនដល់។
យើងក្រឡេកមកមើលពុទ្ធសាសនាវិញម្ដង!
សម្រាប់ប្រទេសកម្ពុជា ព្រះពុទ្ធសាសនាដើរតួយ៉ាងសំខាន់ក្នុងវិស័យអក្សរសាស្ត្រខ្មែរ ការ
តាក់តែងនិពន្ធ ប្រពីណី វប្បធម៌។ល។ ព្រះពុទ្ធសាសនាបាន និងកំពុងរួមចំណែកយ៉ាង
ច្រើនរាប់មិនអស់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងសង្គម ប៉ុន្ដែយើងមើលឃើញថា វត្ត
អារាមនៃព្រះពុទ្ធសាសនាមួយចំនួនធំនៅមានចំណុច និងការខ្វះខាតច្រើនក្នុងការទាក់ទាញ
បរិស័ទវ័យក្មេងក្នុងសម័យបច្ចុប្បន្ន ដូចជា ពិធីបុណ្យភាគច្រើនក្នុងព្រះពុទ្ធសាសនាមិនបាន
បង្ហាញពីភាពសប្បាយរីករាយ ឬអាចអោយយុវវ័យសំដែងការសប្បាយរបស់ខ្លួនតាមចិត្ត
នេះគ្រាន់តែជាប្រការមួយក្នុងចំណោមចំណុចខ្វះខាតធំៗទាំងឡាយ ដែលយុវវ័យសម័យនេះ
មិនចូលចិត្ដ ហើយក៏ជាហេតុមួយធ្វើអោយក្រុមយុវវ័យជំនាន់ថ្មីមិនចាប់មានការអារម្មណ៍។
ដោយសំអាងទៅលើការអូសទាញយ៉ាងខ្លាំងក្លា ជាមួយនឹងភាពទាន់សម័យ ការ វាយលុក
ចំគោលដៅ ប្រកប់ដោយភាពជាក់ស្ដែងពីសំណាក់គ្រឹស្ដសាសនាចំពោះកុមារ និងយុវវ័យ
ដែលជា �ទំពាំងស្នងឬស្សី� នោះមិនយូរប៉ុន្មាន ព្រះពុទ្ធសាសនារបស់កម្ពុជាអាចនឹងត្រូវបាត់
បង់បរិស័ទមួយភាគធំ ហើយបរិស័ទមួយភាគធំនោះនឹងបានទៅលើគ្រឹស្ដសាសនាយ៉ាងពិត
ប្រាកដ ប្រសិនភាពអវិជ្ជមាន ភាពមិនប្រកប់ដោយការទាក់ទាញ ឬចំណុចខ្វះខាតនៃអារាម
ព្រះពុទ្ធសាសនាមិនត្រូវបានកែលំអ៕
ដោយ ៖ សូរីយ៉ា
ដកស្រង់ពីមតិអនាមិក