
រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ និងកូនប្រុសត្រូវបានឃាតកចូលបាញ់សំលាប់យ៉ាងសាហាវព្រៃផ្សៃបំផុត គឺបាញ់ចំក្បាលទាំង២នាក់តែម្តង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយស្ត្រីជាម្តាយត្រូវបានឃាតករឹត.ក និងវាយសំលាប់ តែបានត្រឹមសន្លប់ស្តូកស្តឹងប៉ុណ្ណោះ ហើយពួកឃាតកក៏រត់គេចខ្លួនបាត់...ប៉ុន្តែសំណាងល្អ ស្រ្តីចំណាស់នេះនៅរស់រានមានជីវិត ក៏ត្រូវសាច់ញាតិចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ទោះបីជា យ៉ាងណា ជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្សពួកចំនួន៤នាក់ ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវស្ទាក់ឃាត់ខ្លួនជាបន្តបន្ទាប់ គឺ២នាក់ត្រូវឃាត់ខ្លួនតាំងពីយប់ក្រោយកើតហេតុបន្តិចមកម្ល៉េះ និងម្នាក់ទៀតឃាត់ខ្លួនពេលព្រឹក ក្រោយកើតហេតុមួយយប់ ។ នេះជាអំពើមនុស្សឃាតគ្រោងទុកជាមុនដោយ ឃាតកបានរៀបចំប្រដាប់ប្រដារួចជាស្រេច ដូចជាទិញទូកកាណូត កាំដណ្តើរដាក់ឡើងរបងចូលទៅក្នុងលំនៅឋានរបស់ជនរងគ្រោះ បន្ទាប់មកធ្វើសកម្មភាពបាញ់សំលាប់យ៉ាងសាហាវព្រៃផ្សៃ ហើយជិះកាណូតគេចខ្លួនមកកាន់សង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ។
ឃាតកម្មនេះត្រូវសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃ ទី២៤ មករា នៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះដែលបានស្លាប់ត្រូវសមត្ថកិច្ចឱ្យដឹងថា ១-ឈ្មោះហែម វ៉ែន ភេទប្រុស អាយុ៧២ឆ្នាំ ជាឪពុក និងប្តីក្នុងគ្រួសារនេះ ត្រូវឃាតកបាញ់១គ្រាប់ ចំក្បាលធ្លាយមក.ក ខណៈគាត់កំពុងដេកក្នុងមុង ២-ឈ្មោះហែម ប៊ុនណាក់ ភេទប្រុស អាយុ៤០ឆ្នាំ ជាវិស្វករ (កូន) មានលំនៅផ្ទះលេខ៣១៣៣E2 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ត្រូវឃាតកបាញ់១គ្រាប់ចំក្បាល ពីក្រោយធ្លាយមកថ្ងាសស្តាំ ។ ចំណែកស្ត្រីជាម្តាយដែលនៅរស់រានមានជីវិតឈ្មោះក្រួច ម៉ាក់មីន អាយុ៦៨ឆ្នាំ ។
តាមព័ត៌មានឱ្យដឹងថា ឃាតកមានគ្នា៤នាក់ ប្រដាប់ដោយអាវុធខ្លីម៉ាក K59 បានរៀបចំគំរោងទុកជាស្រេចចូលទៅបាញ់សំលាប់ក្រុមគ្រួសារជនរងគ្រោះ ហើយមុនពេលចាកចេញ ពួកគេបានយកទូរស័ព្ទចំនួន៣គ្រឿងទៅជាមួយផង ដោយជិះទូកកាណូតគេចខ្លួន ៕
http://kohsantepheapdaily.com.kh/art...24-222113.html