
ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនៅក្នុងអំពើឃាតកម្មអារក និងបាញ់សម្លាប់បុរស២នាក់ឪពុក-កូន កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ ស្ថិតនៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អភិបាលរងខណ្ឌឫស្សីកែវ លោក នុត ពុធដារ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២៥ នេះថា នៅវេលាម៉ោង ១យប់ឈានចូលថ្ងៃទី២៥ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធទៅអំពើឃាតកម្មអាករ និងបាញ់សម្លាប់បុរសជាឪពុក-កូនខាងលើនេះ។ ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងតែសាកសួរនៅអធិការដ្ឋានខណ្ឌឫស្សីកែវ។
លោក នុត ពុធដារ៉ា មិនបានបញ្ជាក់ថា អីពើឃាតកម្មនេះ ជាករណីគំនុំ ឬជាករណីប្លន់នោះទេ គឺត្រូវរង់ចាំក្រោយការសាកសួរលើជនសង្ស័យ និងស្ត្រីរងគ្រោះជាប្រពន្ធ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតសិន។
តែទោះជាយ៉ាងណាប្រភពពីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានឱ្យដឹងថា អំពើឃាតកម្មនេះ ជាករណីប្លន់ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ហែម វែន អាយុ ៧២ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ គ្រួច ម៉ាក់មីន អាយុ ៦៧ ឆ្នាំកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត, កូនប្រុសមានឈ្មោះ ហែម វណ្ណៈ អាយុ៣៧ ជាវិស្វករ ដោយឡែកទ្រព្យសម្បត្តិដែលបាត់បង់នោះមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
យោងតាមប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ជនសង្ស័យ ហើយក៏ជាជនដៃដល់ក្នុងអំពើឃាតកម្មនេះម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។
http://dap-news.com/index.php?option...news&Itemid=50