
រាជធានីភ្នំពេញ ៖ សពស្ត្រីបុគ្គលិកព្រឹត្តិបត្រឌឹឃែមបូឌាដេលី នាងជីស៊ីកា គ្លែរ ថមម៉ូសុន ដែលស្លាប់ដោយសារគាំងបេះដូង បណ្តាលមកពីផឹកស្រាច្រើនហួសកំណត់នោះ កំពុងត្រូវបានបូជានៅវត្តទួលសង្កែ សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ នាវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃអង្គារ ទី២៥ មករា ២០១១ នេះហើយ មុននឹងយកធាតុទៅកាន់សហរដ្ឋអាេមរិក ដែលជាស្រុកកំណើតរបស់នាង ។
ការបូជានេះ ធ្វើឡើងក្រោមការរៀបចំរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយមានមន្ត្រីស្ថានទូត ជនបរទេស-កម្ពុជា ដែលជាអ្នកកាសែត និងមិត្តភក្តិនាងជីស៊ីកា គ្លែរ ថមម៉ូសុន ជាច្រើននាក់ចូលរួមយ៉ាងច្រើនកុះករផងដែរ ខណៈឪពុក-ម្តាយ និងសាច់ញាតិរបស់នាងធ្វើដំណើរមកពីសហរដ្ឋអាមេរិក មិនទាន់ពេលវេលានោះទេ ដោយរង់ចាំផ្ញើធាតុ ឬមកទទួលធាតុនៅពេលក្រោយ។ តាមប្រភពព័ត៌មានពីមន្ត្រីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជាបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៣ មករា ២០១១ ថា នាងជីស៊ីកា គ្លែរ ថមម៉ូសុន គឺជាអតីតកូនស្រីរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេស ឥណ្ឌា...នាងមកកម្ពុជាដើម្បីធ្វើកម្មសិក្សាលើផ្នែក សារព័ត៌មានប៉ុណ្ណោះ ។ តាមប្រភពព័ត៌មានពីមន្ត្រីពាក់ព័ន្ធផ្សេងៗបានធ្លោយឱ្យ ដឹងថា ការស្លាប់ និងការសន្លប់របស់បុគ្គលិកកាសែតឌឹឃែមបូឌាដេលី ទាំង៤នាក់នោះ អាចបណ្តាលមកពីការប្រើប្រាស់ថ្នាំហួសកំណត់ជាមួយនឹងជាតិ ស្រវឹង (ស្រាបៀរ)...។
គួររំលឹកថា ការភ្ញាក់ផ្អើលអំពីការស្លាប់ និងសន្លប់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២២ មករា ២០១១ ដោយសារគេប្រទះឃើញនារីបុគ្គលិកកាសែតឌឹឃេមបូឌាដេលី ជនជាតិអាេមរិកាំងម្នាក់គឺនាងជីស៊ីកា គ្លែរ ថមម៉ូសុន ស្លាប់នៅក្នុងបន្ទប់ដេក និងបុរសម្នាក់ទៀតគឺលោកឌ្រូ ស៊ី.ហ្វូស្ទ័រ មានលក្ខណៈសន្លប់ស្តូកស្តឹងធ្ងន់ធ្ងរជាងគេ ចំណែក២នាក់ទៀតគ្រាន់តែសន្លប់ធេងធោងប៉ុណ្ណោះគឺនាងលូស៊ី ចន និងលោកគ្លីនស៊ីម៉ាហ្គាលីកេន នៅក្នុងបន្ទប់ផ្ទះវីឡាលេខ១២ ច្រកផ្លូវលេខ៤១ ក្រុមទី៦១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលជាទីកន្លែងបុគ្គលិកកាសែតឌឹឃែមបូឌាដេលីទាំង៤ នាក់បានជួលស្នាក់នៅ រួមគ្នា ។
ផ្ទះវីឡានេះជារបស់លោកឈួន សុធី ដែលបានជួលទៅឱ្យក្រុមអ្នកអ្នកកាសែតបរទេសទាំងនេះ ។ មុនដំបូងគឺបានលោកគ្លីនស៊ី ម៉ាហ្គាលីកេន ដែលរងការសន្លប់ស្រាលជាងគេនោះ ក្រោកពីសន្លប់ រួចហើយបើកទ្វារហៅឱ្យគេជួយទើបឈានទៅភ្ញាក់ផ្អើលតែម្តង ។ សមត្ថកិច្ចបានពិនិត្យជនរងគ្រោះទាំង៤ ទាំងអ្នកស្លាប់ និងអ្នកសន្លប់ នៅលើខ្លួនប្រាណរបស់ពួកគេពុំមានរងរបួសស្នាមដោយការ ប្រើអំពើហិង្សាណាមួយឡើយ ។
សន្តិសុខយាមផ្ទះវីឡាខាងលើបានប្រាប់ឱ្យដឹង ពីហេតុការណ៍នេះផងដែរថា អ្នកកាសែតឌឹឃែមបូឌាដេលីទាំង៤ខាងលើបានដើរលេងផឹកស៊ីជាមួយគ្នា រហូតដល់ម៉ោង៤ទៀបភ្លឺ ទើបត្រឡប់ចូលផ្ទះ ហើយរហូតដល់ម៉ោង១២និង៣០នាទីថ្ងៃទី២២ មករា ឆ្នាំ២០១១ ទើបមានការភ្ញាក់ផ្អើលឡើងដោយសារបុគ្គលិកម្នាក់គឺលោក គ្លីនស៊ី ម៉ាហ្គាលីកេន បានក្រោកពីសន្លប់ទាំងប្រវេប្រវាឃើញជនរងគ្រោះស្លាប់ និងសន្លប់ក៏ស្រែកហៅគេឱ្យជួយរហូតមានរថយន្តពេទ្យមកសង្គ្រោះ ៕
http://kohsantepheapdaily.com.kh/art...24-191220.html