ស្រ្តីជនជាតិចិនម្នាក់មានឈ្មោះថា Fu Chunli កាលពីពេលថ្មីៗនេះទើបតែទទួលបានរង្វាន់
ចំនួន ១ម៉ឺនដុល្លាអាមេរិក ដោយសារតែគាត់ជាអ្នកប្រើប្រាស់ម្នាក់ដែលបានទាញយកកម្ម
វិធីលើកទី ២៥ ពាន់លានពី Apple Store។ ការប្រកួតផ្តល់រង្វាន់នេះត្រូវបាន Apple ធ្វើការ
ប្រកាសកាលពីដើមខែមីនា ឆ្នាំ ២០១២ កន្លងមកនេះ។ ហើយកម្មវិធីដែលស្ត្រី Fu Chunli
បានទាញយកមកប្រើប្រាស់នៅលើទូរស័ព្ទ iPhone របស់គាត់នោះគឺជា game កំសាន្តដែល
មានឈ្មោះថា Where's My Water ផលិតឡើងដោយ Walt Disney ។ ក្រោយពេលដែល
កំណត់បានអ្នកដែលត្រូវរង្វាន់ហើយ Apple បានហៅទូរស័ព្ទទៅកាន់ស្ត្រីខាងលើ និងបាន
ទិញសំបុត្រយន្តហោះអោយគាត់ធ្វើដំណើរមកកាន់ទីក្រុងប៉េកាំងដើម្បីទទួលរង្វាន់។ ប៉ុន្តែ
ស្ត្រី Fu Chunli បានអោយដឹងថារង្វាន់នោះមិនមែនជាទឹកប្រាក់នោះទេ ជំនួសមកវិញគឺ
រង្វាន់ជា iTunes giftcard ដែលមានតំលៃស្មើ។
តាមប្រភពពត៌មានពី GSM Arena បានអោយដឹងថាស្ត្រីឈ្មោះ Fu Chunli ទើបតែបានទិញ
ទូរស័ព្ទ iPhone នៅមុនពេលត្រូវរង្វាន់បានរយៈពេលប្រហែលជាមួយខែប៉ុណ្ណោះ។ គាត់
មិនបានដឹងថាក្រុមហ៊ុន Apple បើកការប្រកួតយករង្វាន់ដូចខាងលើនោះទេ។ ដំបូងឡើយ
Fu Chunli មានការច្របូកច្របល់យ៉ាងខ្លាំងនៅពេលដែលទទួលបានការហៅទូរស័ព្ទប្រាប់
ដំណឹងពីខាង Apple ហើយមិនតែប៉ុណ្ណោះគាត់ថែមទាំងសង្ស័យថានេះគឺជាល្បែង បោក
បញ្ឆោត ទៀតផង។ លុះក្រោយមកគាត់ក៏ទទួលបានសារអេឡិចត្រូនិចជូនដំណឹងមួយពី
ខាងក្រុមហ៊ុន Apple ទើបគាត់ជឿជាក់ថាគាត់ពិតជាឈ្នះរង្វាន់ប្រាកដមែន៕
ប្រភព៖ Gsmarena
ដោយ៖ រស្មី