រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាវាយប្លន់យកប្រាក់ និងគ្រឿងអលង្ការម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុសិ៍្តទួលសង្កែ ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ មករា តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានី ។ ជនសង្ស័យដែលចាប់ខ្លួននេះឈ្មោះស៊ូ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករសំណង់ ទីលំនៅផ្ទះជួលក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ តាមប្រភពពីមន្ត្រីប៉ូលិសប៉ុសិ៍្តទួលសង្កែ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៨៣៦ចុះថ្ងៃទី១១ វិច្ឆិកា ឆ្នាំ ២០១០ ដោយចៅក្រាមស៊ើបសួរលោកជ័យ សុវណ្ណ ពីបទប្លន់វាយយកប្រាក់ និងគ្រឿងអលង្ការប្រព្រឹត្តនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ កញ្ញា ឆ្នាំ២០១០ កន្លងទៅ ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១០ ជនសង្ស័យមានបក្សពួកចំនួន៣នាក់ បានធ្វើសកម្មភាពវាយប្លន់យកប្រាក់ចិញ្ចៀន ខ្សែដៃ ពីប្រជាពលរដ្ឋ ។ នៅក្នុងសកម្មភាពនោះសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ចាប់បានជនសង្ស័យម្នាក់ និងរត់រួចចំនួន២នាក់ ។ បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបក្សពួកបន្តទៀត ។ នៅយប់ មុនពេលចាប់ខ្លួនមានប្រជាពលរដ្ឋបានរាយការណ៍ថា ជននេះមកច្រៀងខារ៉ាអូខេ នៅចំណុចផ្លូវ K5 ក្នុងភូមិទួលសង្កែ ហើយភ្លាមនោះកំលាំងសមត្ថកិច្ចប៉ូលិសចុះទៅចាប់ខ្លួនបានតែម្តង។
តាមការឱ្យដឹងពីនាយប៉ុសិ៍្តនគរបាលសង្កាត់ទួលសង្កែបានឱ្យដឹងថា ចាប់ពីខែតុលាឆ្នាំ២០១០ សមត្ថកិច្ចប៉ូលិសប៉ុសិ៍្ត បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យតាមដីការបស់សាលាដំបូងរាជធានីមានចំនួន៥នាក់ ដែលក្នុងនោះចាប់ខ្លួនពីបទមនុស្សឃាតដោយចេតនាចំនួនម្នាក់ និង៤នាក់ទៀតពីបទប្លន់វាយយកប្រាក់ និងគ្រឿងអលង្ការពីប្រជាពលរដ្ឋ ។ ការឈានដល់ការចាប់ខ្លួនមុខសញ្ញាជនសង្ស័យតាមដីកានេះ ដោយសារតែមានការសហការ និងផ្តល់ព័ត៌មានពីប្រជាពលរដ្ឋល្អៗនៅក្នុងមូលដ្ឋានទាន់ពេលវេលា ៕