ខេត្តបន្ទាយមានជ័យ ៖ សាច់មាន់ខូចគុណភាព និងកំទេចមីដែលឈ្មួញលួចនាំចូលពីប្រទេសសៀមត្រូវកំលាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តចាប់បាននៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៩ មករា ឆ្នាំ២០១១ នៅចំណុចភូមិនិមិត្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពពីលោកវរសេនីយ៍ត្រីចាប សុផាប្ញទ្ធិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា ទោះជាមានការបង្ក្រាបចាប់សាច់មាន់ខូចគុណភាពជាច្រើនលើកយកទៅដុត និងកប់ចោលពីសំណាក់សមត្ថកិច្ចក្តី ក៏នៅមានឈ្មួញខិលខូច លួចដាក់បង្កប់សាច់មាន់ខូចគុណភាពពីប្រទេសសៀមដោយផ្គើននឹងសមត្ថកិច្ចដដែល ។
ជាក់ស្តែងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៩ មករា កំលាំងរបស់លោកបានបើកការត្រួតពិនិត្យរថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ១តោនមួយគ្រឿងពណ៌ខៀ វ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A 3640 បើកបរដោយឈ្មោះអ៊ុន ស៊ានលី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅក្នុង សមត្ថកិច្ចបានឆែកឆេររកឃើញសាច់មាន់ ភ្លៅមាន់ចំនួន៩កេស ក្នុង១កេស ទំងន់២០គីឡូក្រាម សរុប១៨០គីឡូក្រាម និងកំទេចមីចំនួន៣ សរុបទំងន់១០៥គីឡូក្រាម ដែលសាច់មាន់ និងមីខូចគុណភាពទាំងនេះត្រូវឈ្មួញដាក់កប់ជាមួយបន្លែរបស់ម្ចាស់ឈ្មោះសុខ មន្ថា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិយាងថ្មី ឃុំធូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា តាមការសាកសួរអ្នកបើកបររថយន្តបានបំភ្លឺប្រាប់សមត្ថកិច្ចថា សាច់មាន់ ភ្លៅមាន់ និងកំទេចមីព្រមទាំងបន្លែទាំងនេះ គឺដឹកចេញពីចំណុចច្រករបៀងខាងក្រោយកាស៊ីណូជាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯកចាន់ កុសល ស្នងការស្តីទីមានប្រសាសន៍ថា សាច់មាន់ ភ្លៅមាន់ និងកំទេចមីទាំងនេះ ស្នងការដ្ឋាននគរបាលខេត្តបានបង្កើតគណៈកម្មការដែលមានសមាសភាពមន្ត្រីនគរបាលប្រឆាំងបទល្មើសស េដ្ឋកិច្ច កាំកុងត្រូល និងពេទ្យសត្វចូលរួមពិនិត្យ រួចយកទៅដុតកំទេចចោលនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ៕