រាជធានីភ្នំពេញ ៖ ជនសង្ស័យប្លន់យកម៉ូតូត្រូវនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញស្រាវជ្រាវចាប់ខ្លួនជាបន្តប ន្ទាប់ចំនួន៤នាក់ ក្នុងចំណោមបក្សពួក៨នាក់ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០១០ ។ នគរបាលខណ្ឌដូនពេញមួយរូបឱ្យដឹងថា កាលពីថ្ងៃទី៤ មករា ឆ្នាំ២០១០ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ នៅចំណុចខាងជើងរមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីវាយប្លន់យកម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខភ្នំពេញ១V 3535 ជាកម្មសិទ្ធិរបស់ឈ្មោះចាន់ សៀម ភេទប្រុស អាយុ២៧ឆ្នាំ ។ អំពើប្លន់នេះបង្កឡើងដោយជនដៃដល់ចំនួន៨នាក់ប្រដាប់ដោយកាំបិតប័ុងតោ ដំបង ខណៈពេលជនរង គ្រោះឈប់ម៉ូតូនិយាយជាមួយស្ត្រីរកស៊ីផ្លូវភេទ ។ ពេលប្លន់បានហើយក្រុមចោរជិះម៉ូតូនោះគេចខ្លួនបាត់ ។សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌក្រោយពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមកបានកំណត់មុខស ញ្ញា ហើយនៅថ្ងៃទី៧ មករា ២០១០ ស្រាវជ្រាវចាប់ខ្លួនបានចំនួន២នាក់ម្នាក់ឈ្មោះសន វុត្ថា ហៅកូកា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និងម្នាក់ទៀតឈ្មោះកែវ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់នោះបានចង្អុលបង្ហាញបក្សពួកពីរនាក់ទៀតឱ្យសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះខេង វ៉ាន់ណៃ ហៅវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និង២-ឈ្មោះគុណ សុជាតា ហៅរី ភេទប្រុស ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ នគរបាលបញ្ជាក់ថា ជនសង្ស័យ២នាក់នោះ ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ហើយត្រូវនគរបាលអង្គភាពកងអនុសេនាធំពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន រួចបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំកាលពីថ្ងៃទី៦ មករា ២០១០ ។ ក្រុមជនសង្ស័យសារភាពថា ម៉ូតូដែលពួកគេប្លន់បានត្រូវនគរបាលអង្គភាពខាងលើ ដកហូត ហើយបន្ទាប់មកប្រគល់ឱ្យអធិការដ្ឋាននគរបាលខណ្ឌដូនពេញគ្រប់គ្រង និងកសាងសំណុំរឿងបញ្ជូនទៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ មករា ២០១០ ចោទប្រកាន់ពីបទ «ប្លន់» រីឯបក្សពួក៤នាក់ទៀតដែលគេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕
