ខេត្តកំពត ៖ ជ្រូក៧ក្បាលត្រូវបានម្ចាស់ឱ្យដឹងថា បានងាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃដែលក្រុមមន្ត្រីជំនាញចាប់កាលពីរសៀលថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១០ មក ដែលគិតមកដល់ពេលនេះមានរយៈពេលជិតកន្លះខែហើយ ។ ជុំវិញការចាប់ជ្រូកនេះដោយសារតែក្នុងលិខិតបញ្ជាក់ពីមន្ត្រីតាមមូលដ្ឋានថា ដឹកតែ២០ក្បាល ប៉ុន្តែបានដឹកលើស៨ក្បាល ។ ទោះបីជាបែបណា ការដឹកលើសនោះវាគួរតែធ្វើការពិន័យ តែផ្ទុយទៅវិញ បែរជាចាប់ទុកទាំងអស់ដាក់នៅកន្លែងដែលមិនធានាសុវត្ថិភាពធ្វើឱ្យជ្រូកងាប់ជាបន្តបន្ទា ប់ ។តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១០ កន្លងទៅ អ្នករកស៊ីជួញជ្រូកម្នាក់បានដឹកជ្រូកសាច់ចំនួន២៨ក្បាល ចេញពី ស្រុកកំពង់ត្រាច ពេលមកដល់ចំណុចភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ត្រូវបានកំលាំងសមត្ថកិច្ចជំនាញពេទ្យសត្វឃាត់ពិនិត្យ ដើម្បីទប់ស្កាត់ការពារជ្រូកឆ្លងដែនខុសច្បាប់ពីប្រទេសវៀតណាម ។ ការចាប់នោះគេឃើញមានលិខិតបញ្ជាក់ពីពេទ្យមូលដ្ឋានពិនិត្យត្រឹមត្រូវហើយ ប៉ុន្តែដោយខុសចំនួនជ្រូក គឺលិខិតបញ្ជាក់ចំនួនជ្រូកតែ២០ក្បាលទេ រីឯការជាក់ស្តែងជ្រូកមានដល់ទៅ២៨ក្បាលឯណោះ ។ សមត្ថកិច្ចជំនាញជ្រូកបានឱ្យដឹងថា ឈ្មួញដឹកលើសចំនួនជ្រូកក្នុងលិខិតកំណត់នេះ ដើម្បីបន្ថយការបង់ចំនួនក្បាលជ្រូកពីបសុពេទ្យមូលដ្ឋានផង តាមផ្លូវផង ទុកចំនួន៨ក្បាលនេះ សំរាប់បង់ខាតតាមផ្លូវ ។ ចៃដន្យអាក្រក់ត្រូវបានពេទ្យសត្វឃាត់ទុកនៅការិយាល័យបសុពេទ្យតាំងពីថ្ងៃទី៣ ០ ធ្នូ ឆ្នាំ២០១០ កន្លងទៅ រហូតមកដល់ថ្ងៃទី១២ មករា នៅពុំទាន់ដោះស្រាយចប់នៅឡើយទេ ។ ឥឡូវនេះជ្រូកដែលពេទ្យសត្វឃាត់ទុកធ្វើការដោះស្រាយតាមច្បាប់នេះ ត្រូវងាប់អស់៧ក្បាលទៅហើយ ។ ពេលនេះមហាជនកំពុងតែចាំមើលថាតើសមត្ថកិច្ចជំនាញអនុវត្តច្បាប់នេះត្រូវដោះស្រាយយ៉ាងណា ជាមួយប្រជាពលរដ្ឋដែលរកស៊ីបន្តិចបន្តួច ហើយត្រូវខាតបង់យ៉ាងនេះ ។ទាក់ទិននឹងការចាប់ជ្រូក២៨ក្បាលទុកពន្យារពេលការដោះស្រាយរហូតដល់ជ្រូករបស់ប្រជាពលរដ្ឋ ងាប់អស់៧ក្បាលនេះ កោះសន្តិភាពសុំការបំភ្លឺពីលោកម៉េង សន្តិភាព ប្រធានពេទ្យសត្វខេត្តកំពត ពុំបានបំភ្លឺទេ ដោយលោកប្រាប់ថា ជាប់រវល់ជាមួយភ្ញៀវ ។ ទោះបីជាបែបណា ការទាក់ទងទៅលោកងួន វិទូ ផ្នែកការិយាល័យរដ្ឋបាលពេទ្យសត្វ បានឱ្យដឹងថា ជ្រូកដែលអាជីវករដឹកតាមរថយន្តកូរ៉េចំនួន២៨ក្បាលនេះគឺជ្រូកខ្មែរក្នុងស្រុកកំពង់ត ្រាច មានលិខិតបញ្ជាក់សុខភាពពីពេទ្យសត្វមូលដ្ឋានត្រឹមត្រូវហើយ ។ ប៉ុន្តែក្នុងករណីក្រុមចំរុះឃាត់នេះ ដោយសារបញ្ហាខុសចំនួនកំណត់នៅក្នុងលិខិតបញ្ជាក់ពីពេទ្យសត្វមូលដ្ឋាន ។ គឺនៅក្នុងលិខិតមានបញ្ជាក់ថា ជ្រូកចំនួន២០ក្បាល បានពិនិត្យ និងបង់ប្រាក់ថ្លៃក្បាលត្រឹមត្រូវ ។ ប៉ុន្តែការជាក់ស្តែងជ្រូកមានដល់ទៅ២៨ក្បាលទើបកំលាំងជំនាញសហការជាមួយក្រុមចំរុះឃាត់យក មករក្សាទុកនៅទីតាំងពេទ្យសត្វដើម្បីធ្វើការដោះស្រាយទៅតាមច្បាប់ ។ លោកវិទូ បានបន្តទៀតថា ការឃាត់ជ្រូកទុកពុំទាន់ដោះស្រាយ និងដោះលែងនេះ ដោយរង់ចាំការសំរេចពីនាយកដ្ឋានផលិតកម្មបសុព្យាបាលទើបហ៊ានដោះលែង ។ លោកងួន វិទូ បានបញ្ជាក់ថា ម្ចាស់ជ្រូកមិនត្រឹមតែសមត្ថកិច្ចឃាត់ហើយត្រូវជ្រូកងាប់អស់៧ក្បាលថា ខាតនោះទេ គឺម្ចាស់ជ្រូកត្រូវបង់ផាកពិន័យថែមទៀតទើបរួចខ្លួន ។គួររំលឹកថា កន្លងមកគេឃើញអាជីវករដឹកជ្រូកឆ្លងពីខេត្តកំពតទៅខេត្តព្រះសីហនុ ឬកោះកុងពុំដែលឃើញកុងត្រូលជំនាញតឹងរ៉ឹងដូចពេលនេះទេ គឺពិនិត្យហើយបង់លុយចេញទៅយ៉ាងរលូន ។ ប៉ុន្តែថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១០ ចៃដន្យការបង្ក្រាបនោះមានកំលាំងចំរុះផងដែរ ទើបមាន ការចរចាមិនត្រូវបញ្ហាដូចសព្វដងពីជំនាញពេទ្យសត្វខេត្ត ជាហេតុបណ្តាលឱ្យមានការឃាត់ជ្រូកទុករហូតជ្រូកងាប់អស់៧ក្បាលយ៉ាងនេះ ។ អ្នកស្រុកនិយាយថា ជ្រូកចិញ្ចឹមក្នុងស្រុកសោះ មិនគួរធ្វើបាបឈ្មួញបែបនេះឡើយ ៕
