រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោកឈឹម ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានឆ្មក់ចូលផ្ទះលេខ៧១E1 ផ្លូវលេខ១៣៦ ភូមិ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ មករា ២០១១ ធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦នាក់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង ។ ក្នុងកិច្ចបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅចំណុចខាងលើមនុស្ស៦នាក់ត្រូវ បានឃាត់ខ្លួន១-ឈ្មោះឆាយ លីហួរ ហៅដំឡូង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៧១E1 ផ្លូវលេខ១៣៦ ភូមិ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ពីបទចែកចាយគ្រឿងញៀន ២-ឈ្មោះសេង ធាវី ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះខាងលើ ពីបទផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន ៣-ឈ្មោះវេង ម៉ុងជូ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៤-ឈ្មោះស្រេង ឌីណូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ២Eo ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ៥-ឈ្មោះម៉េង បញ្ញា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និង៦-ឈ្មោះអ៊ិន ស៊ីដានី ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកទាំង៤នាក់នេះត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ។ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានបញ្ជាក់ថា ខណៈឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៣កញ្ចប់តូច ថ្នាំញៀនប្រភេទម្សៅពណ៌ផ្កាឈូកចំនួនមួយកញ្ចប់តូច ឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត ។ លោកឈឹម ឌីណា បានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះតាមការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌដូនពេញ ក៏ដូចជាចលនាមហាជនចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព យោងតាមផែនការណែនាំចុះថ្ងៃទី១៦ សីហា ២០១០ របស់ក្រសួងមហាផ្ទៃ និងយោងតាមផែនការណែនាំលេខ០២០ ផ.ក ចុះថ្ងៃទី១៦ សីហា ២០១០ របស់ក្រសួងមហាផ្ទៃ និងយោងតាមពីសាលារាជធានីភ្នំពេញលេខ១២ ជ.ក.ច.ស.ម ចុះថ្ងៃទី១៤ កញ្ញា ២០១០ ។ ជនសង្ស័យទាំង៦នាក់ខាងលើបច្ចុប្បន្ន ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕
