ខេត្តស្វាយរៀង ៖ មនុស្ស៣នាក់រងរបួសយ៉ាងធ្ងន់ធ្ងរដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង កាលពីថ្ងៃទី៧ មករា វេលាម៉ោង៥ល្ងាច ។ ហេតុការណ៍នេះបានកើតឡើងបណ្តាលមកពីកូនគោរត់កាត់ផ្លូវ ស្របពេលអ្នកបើកបរម៉ូតូជិះមកដល់ក៏បុកបង្កការគ្រោះថ្នាក់បែបនេះទៅ ។ បើតាមអ្នកឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេឃើញបុរស៣នាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវជាតិលេខ១យ៉ ាងលឿន លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានកូនគោមួយក្បាលបានរត់កាត់ថ្នល់ពីត្បូងមកជើងតាមរកមេវាដែលម្ចាស់គោបានចងឱ្យស៊ីស ្មៅនៅតាមចិញ្ចើមថ្នល់ បណ្តាលឱ្យម៉ូតូដែលជិះឌុបគ្នានោះបុកចំត្រគាកគោខ្ទាតទៅក្នុងទឹកប្រឡាយក្បែរថ្នល់ រីឯជនរងគ្រោះទាំង៣នាក់ដួលបោកក្បាលទៅលើថ្នល់ ខ្លះរបួសបែកក្បាល បែកចិញ្ចើម មាត់ ដៃ ជង្គង់ និងសន្លប់ម្នាក់ ។បន្តិចក្រោយមកគេឃើញអ្នករត់ម៉ូតូឌុបម្នាក់មានរបួសក្បាល និងជង្គង់ក្រោកឡើងឃើញអ្នកជិះម៉ូតូដេកសន្លប់លើថ្នល់ក៏ស្ទុះឡើងលើកម៉ូតូអូសចេញពីកន្លែងកើតហេតុ បាន១០ម៉ែត្រ ក៏ធាក់បញ្ឆេះម៉ូតូបើករត់ទាំងដំណើរទ្រេតទ្រោត ។ រីឯម្នាក់ក្នុងចំណោមអ្នកជិះម៉ូតូឌុបនោះ ស្ទុះក្រោកឡើងលើកបុរសម្នាក់ដែលត្រូវជាបងប្រុសរបស់ខ្លួន រួចដោះមួកសុវត្ថិភាពពីក្បាលបងប្រុសគ្រវាត់ចោលដោយពោលថា មកពីមួកនេះហើយបានជាស៊យបែបនេះ ។ក្រោយពីធ្វើចលនាជនរងគ្រោះត្រូវជាបងបានដឹងខ្លួន ដោយរបួសក្បាលពីក្រោយ និងបែកចិញ្ចើម រីឯប្អូនប្រុសរលាត់ជង្គង់សងខាង និងកែងដៃត្រូវសមត្ថកិច្ចហៅរថយន្តឈ្នួលដឹកទៅមន្ទីរពេទ្យខេត្ត តែជនរងគ្រោះមិនព្រមទៅដោយឆ្លើយថា គ្មានប្រាក់ទេ សុំឱ្យរថយន្តដឹកទៅផ្ទះនៅខាងកើតផ្សារក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំវិញ ។សមត្ថកិច្ចប៉ូលិសបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកក៏ម្ចាស់គោយកមេគោមានកូនមកចងលើចិញ្ចើមថ្នល់ ដូច្នេះកូនគោរត់ឆ្លងថ្នល់ចុះឡើង ទើបបណ្តាលឱ្យម៉ូតូបុក ។ ប៉ូលិសកត់សំគាល់ថា នៅចំណុចកើតហេតុនោះប្រជាពលរដ្ឋម្ចាស់គោតែងតែយកគោមកចងឱ្យស៊ីស្មៅក្បែរថ្នល់ ហើយគោដើរឆ្លងថ្នល់ទៅមកធ្វើឱ្យខ្សែគោទាក់អ្នកជិះម៉ូតូបង្កគ្រោះថ្នាក់ជារឿយ៕
