ក្រុងប៉ោយប៉ែត ៖ អន្ទិតម្នាក់ត្រូវ​​សមត្ថ​កិច្ច​​ប៉ូលិស​ក្រុងប៉ោយប៉ែតចាប់​ឃាត់ខ្លួន​​​កាលពី វេលាម៉ោង​​៧​ព្រឹក​ថ្ងៃ​​ទី​៧ មករា នៅ​ភូមិអូរនាង ​សង្កាត់ប៉ោយប៉ែត ​ក្រោយពី​​​រូបគេ​​​ដើរ​អុកឡុក​​​ធាក់​ទ្វារ​ផ្ទះអ្នកស្រុក​​ និងឡើង​​​អង្រួន​​​លើ​គោយន្ត​​ប្រៀប​​ដូចជា​កំរោលចូល ។ មន្ត្រី​សមត្ថ​កិច្ច​​​ឱ្យ​​ដឹង​ថា អន្ទិត​រូបនេះ​ទើប​​ចេញ​ពីប្រទេស​ថៃ​​​ និង​បានដោះ​ស្បង់​ចីវរ​ដោយ​ខ្លួន​ឯង ដើម្បី​​​បាន​​​រស់​នៅ​​ជាមួយអ្នកមេម៉ាយ​​កូន​៥ ។ តាម​ឥរិយាបថ​​របស់បុគ្គល​រូបនេះ ​ទំនង​ជា​​​​​បែក​កម្ម​ដ្ឋាន​​​​ដោយ​សារ​​រៀន​ធម៌​​អារ្យ​ច្រើន​​នៅ​ស្រុកសៀម ។​ អន្ទិត​​នោះ​​ឈ្មោះ​​​ខៀវ ​សុខហឿន ហៅ​ង៉ែត ​អាយុ​​​២៤​ឆ្នាំ ​ជា​អតីត​​សង្ឃ​​ទើប​​ចេញពីប្រទេស​សៀម​​​ និង​មាន​ស្រុកកំណើត​​នៅ​​​​ឃុំ​ព្រែក​​​ថ្មី ស្រុក​​កោះធំ ខេត្ត​កណ្តាល ។តាម​ប្រភព​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​ការ​ឃាត់ខ្លួន​​អន្ទិត​នេះ​​គឺ​ដោយ​សារ​មាន​​សេចក្តី រាយ​ការណ៍​​ពីអាជ្ញាធរ​ភូមិ​​អូរនាង​ថា ​រូប​គេ​​​បាន​ដើរ​អុកឡុក​​​ផ្ទះអ្នក​ភូមិ​​ក្នុងឥរិយាបថ​​​ខូច​សតិ​​ស្មារតី ទើប​កំលាំង​ចុះទៅធ្វើការ​​​ឃាត់​ខ្លួន ដើម្បី​​ទប់​ស្កាត់​​កុំ​ឱ្យបុគ្គល​​នេះ​បង្កបញ្ហា​​កាន់តែ​ធំ​​​​ ។ ​​ប្រភព​ដដែល​បន្ត​​ថា ពេល​​ឃាត់ខ្លួនអន្ទិត​រូប​នេះ​ក៏មាន​​ស្ត្រីម្នាក់​​​ឈ្មោះ​ឈាង សាវង្ស ​អាយុ​​៣២​ឆ្នាំ ​ដែល​ជា​​ស្ត្រី​​មេម៉ាយ​​កូន​៥ បាន​ប្រាប់​ថា ​ជន​​​នេះ​​ជា​ប្តី​មួយប៉ប្រិច​ភ្នែក​​របស់​ខ្លួន ទើប​​តែ​បានគ្នា​​​នៅ​ថ្ងៃទី​​២ មករា ​ខណៈ​រូបគេ​​នៅជា​សង្ឃ​​និមន្ត​​​មក​​ពីប្រទេស​សៀម ​​ជួបគ្នា​​នៅ​​ច្រក​ព្រំ​ដែន​​​​​ក៏​​ឈាន​ដល់​ការ​ស្រលាញ់​​​ដូចរន្ទះ​ ​ហើយ​នាំគ្នា​មក​​ផ្ទះ និង​​រស់នៅ​​ជាមួយគ្នា​ ។ប៉ូលិស​​បាន​បន្ត​​ថា ​ការដោះ​ស្បង់​​ចីវរ​​​ចាក​ភាព​ជាសង្ឃ​គឺអន្ទិត​នេះ​បាន​​ធ្វើឡើង​​ដោយ​ខ្លួន​ឯង​​​ ខណៈ​ដែល​​ឡើង​​មក​នៅលើ​​ផ្ទះជាមួយ​អ្នក​មេម៉ាយ​ ដើម្បី​​រស់​​នៅ​ជា​លក្ខណៈ​​ប្តី-ប្រពន្ធ​ហេងស៊យ ។ ​ប៉ូលិស​បញ្ជាក់​​ថា នៅ​​ថ្ងៃ​​ចាប់ខ្លួន​អន្ទិត​​នោះ​​​ភ្លាមៗ​​​សួរនាំ​​ទៅ​អាច​​ដឹង​ខុស​​ត្រូវខ្លះ​​ លុះ​ថ្ងៃ​បន្ទាប់​​សួរ​លែង​ដឹង​អ្វី​ទាំង​អស់​ទំនង​​ជា​សរសៃ​ប្រសាទ​ហើយ ​។ លោក​អនុសេនីយ៍​​ឯកអ៊ុំ សុផល ​អធិការ​នគរ​បាល​ក្រុង​បាន​ប្រាប់​ថា អន្ទិត​រូបនេះ​​នឹង​ត្រូវ​កសាង​​សំណុំ​​រឿង​​បញ្ជូន​ទៅស្នងការ​​ដ្ឋាន​នគរ​បាល​ខេត្ត​​ ដើម្បី​​ដោះ​ស្រាយ​​បន្ត​តាម​នីតិវិធី ៕​