
រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍ស្វាយប៉ាក ចាប់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ មករា បន្ទាប់ពីទិញប្រេងកាតចាក់ដុតផ្ទះប្រជាពលរដ្ឋ ឥតញញើតដៃ ឥតខ្លាចខ្នោះ ឥតខ្លាចគុកច្រវាក់...ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជិតខាងជួយជះទឹក និងបាញ់ទឹកពន្លត់ទាន់ ភ្លើងពុំអាចឆាបឆេះធ្ងន់ធ្ងរឡើយ គឺគ្រាន់តែឆេះរនាបក្តារតិចតួចប៉ុណ្ណោះ ។
ជនជាតិវៀតណាមដែលត្រូវចាប់ខ្លួននេះឈ្មោះង្វៀង យ៉ាំងហា ហៅទី សំអឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ តាមមន្ត្រីប៉ូលិសប៉ុស្តិ៍បានឱ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ មករា ជនជាតិវៀតណាមម្នាក់នេះបានទិញប្រេងកាតមកចាក់ដុតផ្ទះ របស់ឈ្មោះកាំយ៉ាង ភេទស្រី អាយុ៥១ឆ្នាំ ដែលឱ្យជននោះស្នាក់នៅផងដែរ បណ្តាលឱ្យឆាបឆេះបន្តិចបន្តួចបង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនាំគ្នាមកជះទឹក និងបាញ់ទឹកពន្លត់ទាន់មិនបណ្តាលឱ្យឆេះធ្ងន់ធ្ងរ ទេ គឺឆេះតែរនាបក្តារប៉ុណ្ណោះ ។ បន្ទាប់ពីដុតផ្ទះ រួច ជននោះបានរត់គេចខ្លួន ប៉ុន្តែវេលាម៉ោង១០និង៣០នាទីយប់ត្រូវកំលាំងសមត្ថកិច្ច ស្រាវជ្រាវរកឃើញចាប់ខ្លួនបានតែម្តង។
សមត្ថកិច្ចឱ្យដឹងថា កាលពីកន្លះខែមុន ជនជាតិវៀតណាមម្នាក់នេះធ្លាប់បានដុតផ្ទះម្តងមកហើយ តែត្រូវប្រជាជនពន្លត់ទាន់ ព្រមទាំងឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចធ្វើការអប់រំផងដែរ ។ នេះចាត់ទុកជាសំណាងហើយ ដែលមិនបង្កឱ្យគ្រោះថ្នាក់ធំដុំ បើភ្លើងឆាបឆេះសន្ធោសន្ធៅរាលដាលធំវិញនោះ ច្បាស់ជាក្លាយជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាមិនខាន ព្រោះតំបន់នោះសំបូរទៅដោយសំណង់មិនរៀបរយ ៕
http://kohsantepheapdaily.com.kh/art...123-21479.html