
រាជធានីភ្នំពេញ ៖ កំលាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ហួសចិត្តនឹងក្រុមអ្នកផឹកស្រាស្រវឹង ហើយបើកបរនៅពេលយប់ ដោយសារតែពួកគេមិនព្រមផ្លុំឧបករណ៍វាស់ជាតិអាល់កុល ព្រោះ តែដឹងខ្លួនថា ស្រវឹងខ្លាំងខ្លាចត្រូវសមត្ថកិច្ចផាកពិន័យ និងមានទោស ។ ប៉ុន្តែទោះបីបែបណា ក៏នៅតែចៀសមិនផុតពីការផាកពិន័យ និងនាំខ្លួនទៅធ្វើការអប់រំផងដែរ ។ ជាក់ស្តែងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី ២២ មករា កំលាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោកគិត សុផា អភិបាលខណ្ឌ និងលោកហែម ដារិទ្ធិ លោកសេង គន្ធា អភិបាលរងខណ្ឌ បានដាក់កំលាំងធ្វើការត្រួតពិនិត្យជាតិស្រវឹង និងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចមុខផ្សារស៊ិនជូរីផ្លា ហ្សា លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ ។ ពេលនោះមានអ្នកស្រវឹងបើករថយន្តនិងម៉ូតូជាង១០នាក់ និងអ្នកស្រវឹងតែជិះខាងក្រោយរាប់សិបនាក់ទៀតឆ្លងកាត់ ហើយពេលកំលាំងសមត្ថកិច្ច ជាពិសេសលោកអភិបាលខណ្ឌឃាត់ឱ្យពួកគេចុះពីលើរថយន្ត ឬម៉ូតូដើម្បីត្រួតពិនិត្យ និងផ្លុំឧបករណ៍ពិនិត្យជាតិស្រវឹង ពួកគេមួយចំនួនហាក់បីដូចជាមិនគោរពច្បាប់ ។ ដោយមានអ្នកខ្លះមិនព្រមចុះពីក្នុងរថយន្ត ឬម៉ូតូទេ ហើយបែរជាដកលុយហុចឱ្យសមត្ថកិច្ចធ្វើពុកជាអត់ចេះផ្លុំ ឧបករណ៍នោះ ដែលទង្វើទាំងនេះ គឺចង់គេចវេះចេញពីការពិតខ្លាចប៉ូលិសផាកពិន័យ ឬឃាត់ខ្លួននាំទៅអប់រំនៅប៉ុស្តិ៍ ។
ល្បិចកលទាំងនោះបានធ្វើឱ្យកំលាំងគណៈបញ្ជា ការឯកភាពខណ្ឌដង្កោ ហួសចិត្តយ៉ាងខ្លាំង ប៉ុន្តែទោះបីជាបែបណា ក៏នៅមានអ្នកស្មោះត្រង់ទទួលសារភាពថា ខ្លួនស្រវឹងពិតប្រាកដ និងបានអនុវត្តតាមការណែនាំឱ្យផ្លុំឧបករណ៍វាស់ជាតិស្រវឹងពី សំណាក់សមត្ថកិច្ច ជាងនេះទៅទៀតក៏នៅមានអ្នកខ្លះស្រវឹងដាបរហូតផ្លុំឧបករណ៍ នេះលែងកើតផងដែរ ។ សមត្ថកិច្ចបានឱ្យដឹងថា អ្នកធ្វើពុតជាអត់ចេះផ្លុំ និងមិនស្តាប់តាមការណែនាំ ព្រមទាំងការបង្គាប់ពីសំណាក់មន្ត្រីជំនាញប៉ូលិសចរាចរនោះ គឺជាអ្នកធ្លាប់ឆ្លងកាត់ការផ្លុំនៅគោលដៅផ្សេងជាញឹកញាប់មក ហើយ ។ លុះមកដល់ពេលនេះពួកគេមានបទពិសោធន៍ដឹងថា ខ្លួនឯងស្រវឹង ប្រសិនបើផ្លុំឧបករណ៍នោះលទ្ធផលប្រាកដជាមានជាតិអាល់កុលខ្ពស់ ដោយត្រូវទទួលការផាកពិន័យ ឬឃាត់ខ្លួនទៅធ្វើការអប់រំធ្វើកិច្ចសន្យារហូតដល់ឱ្យក្រុម គ្រួសារទៅទទួលយកទៀតផង ។ ដូច្នេះហើយទើបពួកគេធ្វើពុតជាមិនចេះផ្លុំបែបនេះ ដោយនឹកស្មានថា បានរួចខ្លួន ប៉ុន្តែទោះបីជាបែបណាពួកគេនៅតែត្រូវឃាត់ខ្លួនផាកពិន័យតាម ផ្លូវច្បាប់ បន្ទាប់មកធ្វើកិច្ចសន្យា និងដើម្បីបញ្ចៀសគ្រោះថ្នាក់ ទាស់តែក្រុមគ្រួសារទៅយក ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងយុទ្ធនាការត្រួតពិនិត្យនាយប់នោះមានអ្នកស្រវឹងឆ្លង កាត់ជាច្រើន ហើយក្នុងនោះកំលាំងបានធ្វើការអប់រំនៅនឹងកន្លែង ដោយពួកអ្នកទាំងនោះស្រវឹងដែរ ប៉ុន្តែជាអ្នកជិះខាងក្រោយ ចំណែកឯអ្នកបើកបរជាង១០នាក់ទៀត ត្រូវឃាត់ខ្លួនទៅកាន់ផ្នែកចរាចរខណ្ឌដង្កោ និងទីបញ្ជាការប៉េអឹមខណ្ឌ ដើម្បីធ្វើការអប់រំ និងផាកពិន័យ ។ តាមច្បាប់បើពិនិត្យឃើញមានជាតិអាល់កុលលើសកំណត់ បើអ្នកជិះម៉ូតូត្រូវផាកពិន័យចំនួន៦.០០០រៀល អ្នកបើករថយន្តតូច១២.០០០រៀល និងរថយន្តធំចំនួន២៥.០០០រៀល ហើយពួកគេត្រូវទទួលការអប់រំបន្ទាប់មកឱ្យក្រុមគ្រួសារទៅ ទទួលយក ។ ប្រភពដដែលបានបន្តថា ការចុះត្រួតពិនិត្យខាងលើមានការប៉ះពាល់ដោយពាក្យសំដីពីក្រុម អ្នកខ្លាំងនិងរឹងទទឹងខ្លះៗ មិនតែប៉ុណ្ណោះយប់នោះក៏មានអ្នកស្រវឹងខ្លះជិះម៉ូតូមិនចង់ត្រង់ ផ្លូវ ហើយនៅពេលកំលាំងសមត្ថកិច្ចឃាត់ ដើម្បីត្រួតពិនិត្យបានស្ទុះទៅវាយប៉ូលិសថែមទៀត ។ ជនម្នាក់នោះត្រូវបានចាប់ខ្លួនយកទៅឃុំនៅផ្នែកព្រហ្មទណ្ឌ ប៉ូលិសខណ្ឌដង្កោ ៕
http://kohsantepheapdaily.com.kh/art...23-192143.html