រាជធានីភ្នំពេញ ៖ អតីតឧត្តមសេនីយ៍ត្រីហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឈៀង សុន ស្នងការរង ទទួលបន្ទុកជាប្រធានការិយាល័យកណ្តាលភស្តុភារ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យផងដែរនោះ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាត់បញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ រួចហើយ កាលពីព្រឹកថ្ងៃទី១១ មករា ២០១១ ព្រមទាំងសំណុំរឿងពាក់ព័ន្ធបទល្មើស និងអំពើពុករលួយដើម្បីឱ្យស្ថាប័ននេះចាត់ការតាមផ្លូវច្បាប់ ។ ការបញ្ជូនខ្លួននេះបានធ្វើឡើងក្រោយពីប៉ូលិស ធ្វើការឃាត់ខ្លួន អតីតស្នងការ-ស្នងការរងនេះកាលពីព្រឹកថ្ងៃទី១០ មករា ២០១១ នៅនាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ ខណៈលោកទាំង២ចូលបង្ហាញខ្លួនបន្ទាប់ពីត្រូវបានដកហូតចេញពីមុខតំណែង ។លោកហ៊ុន ហ៊ាន អតីតស្នងការ និងលោកឈៀង សុន ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានគេគិតថា មិនសង្ឃឹមថា ក្រោយពីសាកសួរហើយលោកទាំង២ត្រូវបានដោះលែងនោះទេ ពីព្រោះទំហំបទ ល្មើស និងអំពើពុករលួយហាក់ធំធេងបន្តិចហើយ ដូច្នេះនឹងត្រូវចាត់ការទៅតាមផ្លូវច្បាប់ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១១ មករា ២០១១ ថា លោកហ៊ុន ហ៊ាន និងលោកឈៀង សុន ដែលជាប់សង្ស័យឃុប ឃិតប្រព្រឹត្តបទល្មើស និងអំពើពុករលួយនោះត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃបញ្ជូនទាំងសំណុំរឿង និងមនុស្សទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តហើយ ។តាមប្រភពសិទ្ធិនឹងក្រសួងមហាផ្ទៃឱ្យដឹងថា មុននេះប្រមាណ៣-៤ខែ លោកវរសេនីយ៍ត្រីលឹម ម៉ាប់ ប្រធានការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានថ្នាក់លើបញ្ជាឱ្យចាប់ខ្លួនដាក់ពន្ធនាគាររួចហើយ ពីបទឃុបឃិតជួញដូរគ្រឿងញៀន...ករណីឃុបឃិតនេះអាចជាប់ទាក់ទងនឹងលោកស្នងការ-លោកស្នងការរងទាំង២នេះ ។ ក្រៅពីគ្រឿងញៀននៅមានពាក់ព័ន្ធអំពើពុករលួយរត់ពន្ធរថយន្តរាប់សិបគ្រឿងទៀត។ នេះជាលើកទី២ហើយ ដែលមន្ត្រីជាន់ខ្ពស់ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីការឃាត់ខ្លួនលោកតុប ចន្ទសេរីវុធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងខណៈពេលនេះផងដែរ មន្ត្រីរាជការដែលតែងតាំងដោយព្រះរាជក្រឹត្យកំពុងត្រៀមខ្លួនប្រកាសអំពីទ្រព្យសម្បត្តិនា ពេលឆាប់ៗខាងមុខនេះ ។គួររំលឹកថា លោកហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានដកហូតមុខតំណែងចំថ្ងៃប្រារព្ធទិវាជ័យជំនះ៧ មករា ដែលថ្ងៃជោគជ័យនេះមន្ត្រីជាច្រើនបានជប់លៀងសប្បាយរីករាយ ប៉ុន្តែលោកហ៊ុន ហ៊ាន បែរជាទទួលរងនូវភាពក្រៀមក្រំសោះកក្រោះគួរឱ្យសង្វែគទៅវិញ...អ្នកដែលឡើងកាន់តំណែងស្នង ការស្តីទីគឺលោកចាន់ កុសល អតីតស្នងការរងនៃអង្គភាពនេះ ។ ពិធីផ្លាស់ប្តូរមុខតំណែងបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ មករា ២០១១ នៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តអ៊ុង អឿន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ មន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងប្រដាប់អាវុធ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត ៕
