កាលពីកំឡុងខែកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Yahoo បានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅកាន់តុលាការរដ្ឋ California ដោយធ្វើការចោទប្រកាន់លើក្រុមហ៊ុន Facebook ថាក្រុមហ៊ុនមួយនេះបានរំលោភលើប័ណ្ណកម្មសិទ្ធិចំនួន ១០ របស់ខ្លួន។ ប័ណ្ណកម្មសិទ្ធិដែល Yahoo បានធ្វើការចោទប្រកាន់នោះរួមមានដូចជាមុខងារការផ្តល់នូវពត៌មាន news feed, ការផ្សព្វផ្សាយពាណិជ្ជកម្ម និងមុខងារ securitysettings ជាដើម...។ ជាការឆ្លើយតបទៅនឹងករណីនេះ ក្រុមហ៊ុន Facebook កាលពីថ្មីៗនេះក៏បានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅកាន់តុលាការក្នុងទីក្រុង San Francisco ដើម្បីប្តឹងចំពោះក្រុមហ៊ុន Yahoo វិញផងដែរ។ ហើយក្នុងពាក្យបណ្តឹងនោះ Facebook ក៏បានចោទប្រកាន់ថាក្រុមហ៊ុន Yahoo បានរំលោភលើប័ណ្ណកម្មសិទ្ធិរបស់ខ្លួនចំនួន ១០ ដូចគ្នា។
មានប័ណ្ណកម្មសិទ្ធិចំនួន ៥ នៅក្នុងចំណោមប័ណ្ណកម្មសិទ្ធិទាំង ១០ ដែល Yahoo បានរំលោភនោះគឺផ្តោតលើមុខងារដែលទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើប្រព័ន្ធអ៊ីនធើណែតរបស់ Yahoo, ដែលត្រូវបានគេដឹងថាបានចូលរួមចំណែករហូតដល់ ៨០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពីឆ្នាំ ២០១១ កន្លងទៅនេះ។ សេវាកម្មចែករំលែករូបភាព Flickr ក៏ត្រូវបាន Facebook ដាក់ចូលទៅក្នុងពាក្យបណ្តឹងរបស់ខ្លួនផងដែរ។ ដោយឡែកនៅក្នុងចំណោមប័ណ្ណកម្មទាំងនោះ យ៉ាងហោចណាស់ក៏មានប័ណ្ណកម្មសិទ្ធិ ១ ដែល Facebook បានធ្វើការប្រកាសថាគឺត្រូវបានបង្កើតឡើងដោយ CEO លោក Mark Zuckerberg ជាអ្នករកឃើញដោយផ្ទាល់ទៀតផង។Ted Ullyot បុគ្គលិកជាន់ខ្ពស់មា្នក់របស់ Facebook បានអោយដឹងថា ជាមួយនឹងពាក្យបណ្តឹងដែលទើបតែដាក់ទៅកាន់តុលាការនោះ Facebook ចង់ធ្វើការបង្ហាញពីជំហ៊រដ៏រឹងមាំរបស់ខ្លួននៅចំពោះមុខសកម្មភាពវាយប្រហារខាងផ្នែកផ្លូវច្បាប់ពីសំណាក់ភាគី Yahoo។ ពាក្យបណ្តឹងស្តីពីបទរំលោភលើប័ណ្ណកម្មសិទ្ធិបញ្ញានេះមិនត្រឹមតែមានបំណងទាមទារយកនូវផលប្រយោជន៍ស្របច្បាប់របស់ Facebook មកវិញនោះទេ តែវាក៏គឺជាចំលើយមួយរបស់យើងខ្ញុំចំពោះ Yahooផងដែរ។ ដោយសារតែការសំរេចខ្វះការពិចារណានៅពេលដែលធ្វើការវាយប្រហារទៅលើដៃគូរមួយក្នុងចំណោមដៃគូរទាំងឡាយរបស់ពួកគេ, ទន្ទឹមនឹងនោះពួកគេមើលឃើញការចោទប្តឹងគឺមានសារៈសំខាន់ជាងការធ្វើការអភិវឌ្ឍន៍និងបំលាស់ប្តូរថ្មី ។ ចំពោះភាគីខាង Yahoo វិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបានធ្វើសេចក្តីអត្ថាធិប្បាយជុំវិញពាក្យបណ្តឹងរបស់ Facebook ថា វាមិនមានអ្វីក្រៅពីការប្រឹងប្រែងប្រកបដោយភាពទន់ខ្សោយដើម្បីបង្វែងការយកចិត្តទុកដាក់របស់សាធារណមតិចេញពីហេតុផលទន់ខ្សោយរបស់ Facbook នៅចំពោះមុខតុលាការនោះទេ៕
ប្រភព៖ Reutersដោយ៖ រស្មី