រាជធានីភ្នំពេញ​ ៖ កាបូប​ស្ពាយ​ ក្នុង​នោះ​​មាន​នាឡិកា​​២​គ្រឿង​ ទូរ​ស័ព្ទ​ដៃ​២​គ្រឿង​ ​ប្រាក់​ប្រមាណ​៥.០០០​ដុល្លារ​ ខ្សែ.ក​ដាំ​ពេជ្រ​ និង​ចិញ្ចៀន​ពេជ្រ​​១​វង់​ ​ត្រូវ​​ក្រុម​ចោរ​គាស់​ទ្វារ​រថ​យន្ត​លួច​យក​​នៅ​ពេលម្ចាស់​​ចត​រថ​យន្ត​ម៉ាកកាមរី​នៅ​តាម​ដង​ផ្លូវ ​​ ហើយ​ទៅ​ទិញ​ត្រី​ក្រឹម។ ​នេះ​ជា​ការ​អះ​អាង​របស់​ម្ចាស់​រថ​យន្ត​។ ហេតុ​ការណ៍​ចោរ​គាស់​រថ​យន្ត​យក​គ្រឿង​អលង្ការ​ និង​ប្រាក់​នេះ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា កើត​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៩ មករា នៅ​មុខ​ផ្ទះ​លេខ​៧០​ ផ្លូវ​លេខ​​៥៩២​ សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក​។​ ម្ចាស់​រថ​យន្ត​ដែល​ចោរ​គាស់​យក​គ្រឿង​អលង្ការ​ឈ្មោះ​សេង សុខ​ចេង ភេទស្រី អាយុ​២៥​ឆ្នាំ រស់​នៅ​​ផ្ទះ​លេខ​៥២១​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​នារី​រូប​នោះ រួម​ទាំង​ស្វា​មី​ជិះ​រថយន្ត​ម៉ាក​កាមរី​ពណ៌​ទឹក​ប្រាក់​ គ្មាន​ស្លាក​លេខទៅ​​​ឈប់​មុខ​ផ្ទះ​​លេខ​៧០​ ផ្លូវ​លេខ​៥៩២​ សង្កាត់​បឹង​កក់​ទី​២ ក្នុង​គោល​បំណង​រក​ទិញ​ត្រី​ក្រឹម​។ ខណៈ​ប្តី​ ប្រពន្ធ​​ទាំង​២​នាក់​​ចុះ​ពី​រថ​យន្ត​ទៅ រក​ទិញ​ត្រី​ក្រឹម​ បាន​​ទុក​កាបូ​ប​ស្ពាយ​ក្នុង​រថ​យន្ត​ លុះ​ពេល​ត្រឡប់​ទៅ​រថ​យន្ត​វិញ​ស្រាប់​តែត្រូវ​​ចោរ​គាស់​យក​កាបូបបាត់​។ នៅ​ក្នុង​កាបូប​ស្ពាយនោះ​​មាន​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​ ទូរ​ស័ព្ទ​​២​គ្រឿង​ នាឡិ​កា​ចំនួន​២​គ្រឿង​ ខ្សែ​.ក​ដាំ​ពេជ្រ​​១​ខ្សែ​ និង​ចិញ្ចៀន​ពេជ្រ​១​វង់​។ ទោះ​បី​ជា​យ៉ាង​ណាក្តី ​គេ​ពុំ​ដឹងថា ​គ្រឿង​អលង្ការ​មាន​តំលៃ​ប៉ុន្មាន​ឡើយ​៕