ខេត្តកំពង់​ស្ពឺ​ ៖ ​ឧបទ្ទវហេតុ​​ដ៏រន្ធត់​មួយ​បណ្តាល​ឱ្យ​មន្ត្រី​គយ​មួយ​គ្រួសារ​យ៉ាង​ហោច​ណាស់​ស្លាប់​ចំនួន​៤​នាក់​ និង​២​នាក់​រងរបួស​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​សារ​​រថយន្ត​២គ្រឿង​​ធ្លាក់​ពី​ផ្លូវ​​ជាតិ​លេខ៤ ចុះពី​អាស្រម​​លោក​យាយ​ម៉ៅ​ពេជ្រ​​និល ចំងាយ​ប្រមាណ​ជា៥០០​ម៉ែត្រ ។ អ្នក​​ស្លាប់​ត្រូវ​បាន​​គេ​ស្គាល់​ថា ជា​ក្រុម​គ្រួសារ​គយ​ ១-លោក​ឃុត វិរៈ​​ខឹម អាយុ​​៤២​ឆ្នាំ ជា​មន្ត្រី​បំរើ​ការ​នៅ​អង្គភាព​នាយក​ដ្ឋាន​របប​គយ​នៃ​ទីចាត់​ការ​គយ​និង​រដ្ឋា​ករ​ ២-​អ្នក​ស្រី​ចាន់ សុធារី ត្រូវជា​ភរិយា​ និង​២​នាក់​ទៀត​ជា​កូនស្រី​ក៏ត្រូវ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ផងដែរ ។ ​ចំណែក​កូន​ប្រុស​ម្នាក់​អាយុ​១១ឆ្នាំ​ និង​ស្រី​អ្នក​បំរើ​ម្នាក់​ស្ថិត​ក្នុង​សភាព​​រងរបួស​យ៉ាង​ធ្ងន់​ធ្ងរ កំពុង​ទទួល​ការ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។​ ឧបទ្ទវហេតុ​ខាង​លើ​ត្រូវ​បាន​សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៧ មករា មាន​រថយន្ត​ឡង់​គ្រីស័្សរ​១គ្រឿង​ ដែល​ជារថយន្ត​​របស់ក្រុម​គ្រួសារ​មន្ត្រី​​គយ​រូបនេះ​បាន​ធ្វើ​ដំណើរ​ពីភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេ ខ​៤ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ។ សាក្សី​បន្ត​ថា ក្នុង​រថយន្ត​ឡង់គ្រី​ស្ស័រ​​នោះ​​មាន​មនុស្ស​ជិះ​៦​នាក់ ។ លុះ​បើក​ដល់​​ព្រំ​ប្រទល់​ខេត្ត​កំពង់​ស្ពឺ​និង​ខេត្ត​ព្រះសីហនុ​​គឺចំណុច​​បង្គោល​គីឡូម៉ែត្រ​លេខ​១ ០៤ រថយន្ត​ម៉ាក​ឡង់គ្រីស្ស័រនេះ​​បានបើក​វ៉ា​​រថយន្ត​កាមរីឆ្លាម ១គ្រឿង ពណ៌​សំបក​ឪឡឹកវ៉ា​​ផុតចំងាយ​​ប្រមាណ​​តែ​​២៥ទៅ​៣០ម៉ែត្រប៉ុណ្ណោះ​ ​ក៏ស្រាប់​តែ​មាន​រថយន្ត​​កុងតឺន័រ​​ធុន​ធ្ងន់​​១គ្រឿងទៀត​បើក​មក​​បញ្ច្រាស​ទិសគ្នា​​​ចំផ្លូវកោង​ខ្លាំង ​ បានធ្វើ​ឱ្យរថ​យន្ត​​ឡង់គ្រីស្ស័រ​​របស់​មន្ត្រីគយ​យក​ចង្កូត​គេច​ពី​រថ​យន្ត​កុងតឺន័រ​ បណ្តាល​ឱ្យ​រេចង្កូត​​ធ្លាក់ពីលើ​ផ្លូវចូល​ទៅ​ក្នុង​ជំរាល​​ជ្រោះពេជ្រ​និល ក្រឡាប់​ជាច្រើន​ត្រឡប់​ចំងាយ​ពីចិញ្ចើម​ផ្លូវ​ប្រមាណ​២០​ម៉ែត ​ធ្វើ​ឱ្យ​អ្នក​​ជិះក្នុង​រថយន្ត​​ស្លាប់ និង​របួស និង​ក្លាយ​ជា​​សោក​នាដ​កម្ម​​​សំរាប់​គ្រួសារ​​​មួយ គួរ​​ឱ្យ​អាណោច​អាធ័ម​បំផុត​ ។​ចំណែក​រថយន្ត​​ម៉ាកកាមរី ឆ្លាម ​​ពេលឃើញ​ហេតុការណ៍​​នៅចំពី​មុខ​ចំងាយ​ពីគ្នា​ប្រមាណ​២៥​ម៉ែត្រ​ បែបនេះក៏​បានស្លន់​ស្លោជាន់​ហ្វ្រាំង​​​យ៉ាង​គំហុក​​បណ្តាល​ឱ្យ​រេចង្កូត​​ក្រឡាប់​ធ្លាក់​ពីលើ​​​ផ្លូវជា តិ​ដែរ តែបាន​ដើមឈើ​​ និង​វល្លិ​ជួយទប់ ។​ ទោះបីជា​បែបណា ​អ្នក​បើក​​​បរ​របួស​ធ្ងន់​​ត្រូវ​បាន​​​បញ្ជូនទៅមន្ទីរពេទ្យ​​ខេត្តកោះកុង និង​ស្ត្រីម្នាក់​បាន​រួច​ផុតពី​គ្រោះ ថ្នាក់ដែល​រថយន្ត​នេះ​ជិះគ្នា​២​នាក់​ ។​ ក្រោយពី​ហេតុការណ៍​​កើតឡើង​​​រយៈ​ពេល​ច្រើនម៉ោង​​​ ទើបគេ​​ឃើញ​​សមត្ថ​កិច្ច​​នគរបាល​ចរាច​រ​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ​​ទៅដល់​​​កន្លែង​កើត​ហេតុ​ បាន​ដុត​​ដៃ​ដុតជើង​​គាស់យកសព​​ និងអ្នករបួស​​ចេញ​ពីក្នុង​រថយន្តឡង់គ្រីស្ស័រ​ ដែលក្រឡាប់​​របើក​ដំបូល​​ខ្ទេច​ខ្ទី​។ លទ្ធ​ផល ​​ភ្លាមៗ​នៅ​ក្នុងរថយន្ត​នេះ​ មាន​មនុស្ស​​​​៤នាក់​ត្រូវ​ស្លាប់ គឺមន្ត្រី​​គយ និង​​ភរិយា​​​ ព្រមទាំង​​កូនស្រី​​២​នាក់ ​និង​នៅមាន​ជីវិត​​២នាក់​គឺកូនប្រុស​​​អាយុ​​១១​ឆ្នាំ និង​អ្នកបំរើ​​ស្ថិត​ក្នុង​​ស្ថានភាព​​របួសធ្ងន់​ធ្ងរ​ណាស់​ ។បន្ទាប់​ពី​​យក​សព​ចេញពី​រថយន្ត​ហើយ​ សមត្ថ​កិច្ច​បាន​​រុំយ៉ាង​ត្រឹម​ត្រូវ​នូវ​សពទាំង​៤​រួច​​​បញ្ជូន​​មកកាន់​រាជធានី​ភ្នំពេញ និង​​អ្នក​របួស​​​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​​កាល់ម៉ែត ។ ចំណែក​​​សព​ត្រូវបាននាំទៅ​តំកល់​​​​នៅ​អាសយដ្ឋាន​​របស់​សពនៅ​សង្កាត់​បឹង​​រាំង ខណ្ឌ​​ដូនពេញ ដើម្បីធ្វើ​បុណ្យ​​តាមប្រពៃណី ។ នៅម៉ោង​ប្រមាណ​ជាង​​៥រសៀល​​ថ្ងៃដដែល​នគរ​បាល​ខេត្តកំពង់ស្ពឺ​​បានស្ទូច​​រថយន្ត​​ទាំង​២​គ្រឿង​នាំយក​ទៅ​រ ក្សា​​ទុក ។ ប្រភពព័ត៌មាន​​ពីសមត្ថ​កិច្ច​​​ដែលបាន​​ទៅ​ពិនិត្យ​​កន្លែង​​​កើតហេតុ​​បាន​អះអាង​ថា រថយន្ត​ឡង់​គ្រីស្ស័រ​​ពិតជា​​បើក​វាក់នឹង​រថយន្ត​កុងតឺន័រ​មែន ​បន្ទាប់ពី​​បើក​វ៉ា​នៅចំណុច​​ផ្លូវកោង​​ ទើប​បណ្តាល​​ឱ្យ​​គ្រោះថ្នាក់​​បែបនេះ ។​ ​មិនតែប៉ុណ្ណោះ ​បណ្តាល​​ឱ្យ​គ្រោះថ្នាក់​​​ដល់រថយន្ត​​កាមរីឆ្លាម​១គ្រឿងទៀត​ដែលកំពុង​​បើក​បរ​តាម​ផ្លូវនិង​​ដែល​គេ​វ៉ា ផុត​បន្តិច​ ៕