ខេត្ត​ស្វាយ​រៀង ៖ រថ​យន្ត​ដឹក​ឈើ​អារ​ចំនួន​២​គ្រឿង​​ត្រូវ​ស​មត្ថ​កិច្ច​ចំរុះ​ និង​មន្ត្រី​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​​ឃាត់​ត្រួត​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី​១១​ មករា វេលា​ម៉ោង​​១២​អធ្រាត្រ​​​នៅ​ត្រង់​ចំណុច​ថ្នល់​កែង​​ភូមិ​បាក់​រនាស់​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង ​។ រថ​យន្ត​​២​គ្រឿង​នោះ​ម៉ាក​មីត​ស៊ុយ​ប៊ី​ស៊ី​ ពណ៌ស​ យី​ឌុប​ភ្លៅ​៥​ ពាក់​ស្លាក​លេខ​ក្រ​.ព្រះ​សីហនុ​៣​A០០៧៧​ ផ្ទុក​ឈើ​អារ​ចំនួន​២០​​ម៉ែត្រ​​គូប និង​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស​ ភ្លៅ​៥យី​ឌុប ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A២៩៩៨​​របស់​ក្រុម​ហ៊ុន​សល សុភាព ពាណិជ្ជ​ដឹក​ឈើ​អារ​ចំនួន​២០​ម៉ែត្រ​គូប ​។​មន្ត្រី​ជំនាញ​ឱ្យ​ដឹង​ថា សំរាប់​រថ​យន្ត​១​គ្រឿង​ទំងន់​សរុប​២៥​តោន​ តែ​ពេល​ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​ និង​ថ្លឹង​​ឃើញ​ថា ​ទំងន់​ផ្ទុក​សរុប​៤៥​តោន​ គឺ​លើស​រហូត​​២០​តោន​ ម្យ៉ាង​ទៀត​ផ្លូវ​ជាតិ​លេខ​១៣​ពី​បាក់​រនាស់​ទៅ​ស្រុក​រមាស​ហែក​ទៅ​កាន់​ផ្លូវ​ជាតិ​ថ្មី​ ក្របៅ​ ខេត្ត​កំពង់​ចាម គឺ​ជា​ផ្លូវ​​ហាម​ឃាត់​មិន​ឱ្យ​រថ​យន្ត​ធុន​ធំ​យី​ឌុប​ដឹក​ទំនិញ​ធ្វើ​ចរា​ចរទេ ដោយ​សារ​ស្ពាន​ទឹក​វិល​ ស្រុក​រមាស​ហែក​ជា​ស្ពាន​បាឡេត៍​​ទ្រ​ទំងន់​បាន​តែ​១៥​តោន​ប៉ុណ្ណោះ​ ចំណែក​​លូ​ស្ពានតូច​មិន​អាច​ទ្រ​ទំងន់​ពី​៤៥​​ទៅ​៥០​តោន​បាន​ទេ​ ។ស្ពាន​ទឹក​វិល​ក្នុង​ស្រុក​រមាស​ហែក​ជា​ស្ពាន​​​តូច​ឆ្លង​កាត់​​ទន្លេ​ងាយ​បាក់​ស្រុត​ខ្លាំង​ណាស់​ និង​ផ្លូវ​ជាតិ​លេខ​១៣​​ទើប​​តែ​កសាង​រួច​បាន​៣​ខែ​ប៉ុណ្ណោះ​ក៏​ត្រូវ​បាក់​ស្រុត​បែក​ជ្រាយ​ក្រហេង​​ក្រហ ូង​អស់​ដោយ​សារ​ក្រុម​ឈ្មួញ​​ដឹក​ស្រូវ​​ ដឹក​ឈើ​នៅ​ពេល​យប់​ ព្រម​ទាំង​ធ្វើ​ឱ្យ​ខូច​​ស្ពានផង​ដែរ​ ។ ដូច្នេះ​ហើយ​ទើប​លោក​អភិ​បាល​ខេត្ត​ចាត់​ឱ្យ​ក្រុម​សមត្ថ​កិច្ច​​យាមទាំង​​​យប់​ថ្ងៃ​ដើម្បី​​ត្រួត​ពិនិត ្យ​មើល​រថ​យន្ត​​ដែល​ប្រព្រឹត្ត​បទ​ល្មើស ហើយ​​ជួប​រថ​យន្ត​២​គ្រឿង​​របស់​ក្រុម​ហ៊ុន​សល សុភាព ពាណិជ្ជ​ ដែល​ដឹក​ឈើ​តាម​ផ្លូវ​​ជាតិ​លេខ​១៣​ឆ្លង​កាត់​ស្ពាន​ទឹក​វិល​រមាស​ហែក ។រថ​យន្ត​ដឹក​ឈើ​ទាំង​ពីរ​គ្រឿង​នេះ​ដឹក​ចេញ​ពី​ខេត្ត​ស្ទឹង​ត្រែង​ឆ្លង​កាត់​ខេត្ត​ក្រចេះ ខេត្ត​កំពង់​ចាម​ចូល​ខេត្ត​ស្វាយ​រៀង​​​ដោយ​មាន​ចុះ​ហត្ថ​លេខា​​ពី​លោក​គាំ សីហា នាយក​រង​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទឹង​ត្រែង​ ។ អាជ្ញា​ធរព្រួយ​បារម្ភ​អំពី​ការ​​ស្រុត​ស្ពាន​ លូ និង​ខូច​ថ្នល់​បើ​មិនទប់ស្កាត់​ការ​ដឹក​​លើស​​ចំណុះ​ទេ​ ៕