រាជធានីភ្នំពេញ ៖ ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​​សង្កាត់​​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក មាន​ប្រតិ​​កម្ម​យ៉ាង​ខ្លាំង​ចំពោះ​​អាជ្ញា​ធរ​មូល​ដ្ឋាន​ដែល​បាន​ដើរ​ប្រមូល​ថវិកា​ក្នុង​ការ​ស្ថាបនា​​ផ ្លូវ​មួយ​លេខ​១៥៦ ​ដោយ​មិន​បាន​​ជួប​ប្រជុំ​ និង​ប្រកាស​ពី​គំរោង​​ស្ថាបនា​ឱ្យ​ប្រជា​ពល​រដ្ឋ​បាន​ដឹង​ជា​មុន ។ ​ប្រជា​ពល​រដ្ឋ​បាន​ឱ្យ​ដឹង​ថា រយៈ​ពេល​ប្រមាណ​​១​អាទិត្យ​មក​ហើយ ដែល​ប្រធាន​ភូមិ​ទី​១២ គឺ​លោក​ឱ អោក ​រួម​ទាំង​ក្រុម​ប្រឹក្សា​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ​ចុះ​តាម​ផ្ទះ​អម​​សង​ខាង​​ផ្លូវ​​ទារ​ប្រាក់​​គ្មាន​​គោល​ការណ៍​​ច្បាស់​លាស់​​ដែល​ផ្ទះ​ខ្លះ​​បង់​៥០​ដុ ល្លារ ​ខ្លះ​១០០​ដុល្លារ ​និង​ខ្លះ​ទៀត​​អស់​រហូត​ដល់​៤៥០​ដុល្លារ ។ ​ប្រជា​ពល​រដ្ឋ​​មួយ​ក្រុម​​បាន​ឱ្យ​ដឹង​ទៀត​ថា បើ​សិន​​ផ្លូវ​លេខ​១៥៦ ជា​គំរោង​​អភិ​វឌ្ឍន៍​តាម​គោល​ការណ៍ របស់​រាជ​ធានី​ភ្នំពេញ ៥០%+៥០% គួរ​​ណាស់​​​អាជ្ញា​ធរ​សង្កាត់​​​​ជួប​ប្រជុំ​ណែ​នាំ​ដល់​​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ឱ្យ​យល ់​​ និង​ឱ្យ​ដឹង​ជា​មុន​មិន​ត្រូវ​​ចុះ​មក​ទារ​ប្រាក់​តាម​តែ​នឹក​ឃើញ​នោះ​ទេ ។ ផ្លូវ​លេខ​១៥៦ ឆ្លង​កាត់​២សង្កាត់​​ គឺ​សង្កាត់​​ទឹក​ល្អក់​ទី​២ និង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ មាន​​ប្រវែង​១.៤៦៣​ម៉ែត្រ ​។ ប្រជា​ពល​រដ្ឋ​​​ឆ្ងល់​​ថា ផ្លូវ​លេខ​១៥៦ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ​​មិន​មាន​​អាជ្ញា​ធរ​ណា​មក​យក​ប្រាក់​​​៥០+៥០​នោះ​ទេ ​ដែល​​ខ្លះ​ថា ជា​អំណោយ​របស់​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ខ្លះ​ទៀត​ថា ប្រើ​ប្រាស់​ថវិកា​សាលា​​រាជ​ធានី​ភ្នំពេញ ។បើ​តាម​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ ​មួយ​រូប​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​តាម​ទូរស័ព្ទ​ថា ផ្លូវ​លេខ​១៥៦ ស្ថាបនា​​ដោយ​ប្រើ​ប្រាស់​ថវិកា​របស់​សាលា​រាជ​ធានី​ភ្នំពេញ ​ដែល​​មាន​ប្រវែង​១.៤៦៣​ម៉ែត្រ ទទឹង​៨,០៣​ម៉ែត្រ ​ចាប់​ពី​ផ្សារ​​ដេប៉ូ​ ក្នុង​សង្កាត់​​ផ្សារ​ដេប៉ូទី​១ រហូត​ដល់​ផ្លូវ​លេខ​២៧១ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​​គោក ។ ទោះ​បី​​ជា​យ៉ាង​ណា​ក៏​ដោយ បើសិន​​ជា​ការ​ស្ថាបនា​​ផ្លូវ​នេះ​ប្រើ​ប្រាស់​​ថវិកា​សាលា​រាជ​ធានី​ភ្នំពេញ ១០០% ហើយ​មាន​អ្នក​ដើរ​តត្រុក​តាម​ផ្ទះ​​ទារ​​​យក​ប្រាក់​​​៥០% ពី​ប្រជា​ពល​រដ្ឋ​​នោះ​ច្បាស់​ជា​មាន​មន្ត្រី​មូល​ដ្ឋាន​មួយ​ចំនួន «​ជា​ត្រី​​ងៀត​ ឆ្លៀត​​ពង» ​មិន​គួរ​អនុ​គ្រោះ​ឡើយ ។ទាក់​ទិន​នូវ​ប្រតិ​​កម្ម​​របស់​ប្រជា​ពល​រដ្ឋ​​លោក​សេង សារ៉ាន់ ចៅ​សង្កាត់​ទឹក​ល្អក់​ទី​២ បាន​ឱ្យ​ដឹង​ថា ​ផ្លូវ​លេខ​១៥៦ មុន​ដំបូង​តាម​គំរោង​ស្ថាបនា​ដោយ​គោល​​ការណ៍​សាលារាជ​ធានីភ្នំពេញ ៥០%​បូក​៥០% គឺ​ប្រជា​ពល​រដ្ឋ​​៥០% និង​សាលា​រាជ​ធានី​​ភ្នំពេញ ៥០% ។ សាលា​ខណ្ឌ​​បាន​ណែ​នាំ​​ដល់​​សាលា​​សង្កាត់​​ចុះ​ជួប​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​ដង​ផ្លូវ​​ធ្វើ​ការ​ផ្សព្ វ​ផ្សាយ​ និង​ចលនា​ប្រជា​ពល​រដ្ឋ​ឱ្យ​​ចូល​រួម​ គឺ​មិន​​បាន​ជួប​ប្រជុំ​​ប្រជា​ពល​រដ្ឋ​នោះ​ទេ ។ លោក​ចៅ​សង្កាត់​​បាន​បន្ត​ទៀត​ថា ការ​ចលនា​ប្រជា​ពល​រដ្ឋ​ឱ្យ​ចូល​រួម​ បាន​ប្រាក់​តែ​ជាង​៤​ពាន់​ដុល្លារ មិន​បាន​​គ្រប់​គ្រាន់​ក្នុង​ការ​ស្ថាបនា​ផ្លូវ​នេះ​ឡើយ ។លោក​សេង រតនៈ អភិ​បាល​ខណ្ឌ​ទួល​គោក ​បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ​តាម​គំរោង​ស្ថានា​ផ្លូវ​លេខ​១៥៦ ​មុន​ដំបូង​ស្ថាបនា​​តាម​គោល​ការណ៍​សាលា​​រាជ​ធានី​ភ្នំពេញ ៥០%​បូក​៥០% ហើយ​សាលា​ខណ្ឌ​ក៏​បាន​ណែ​នាំ​សង្កាត់​ចុះ​ចលនា​ប្រជា​ពល​រដ្ឋ​ ដើម្បី​ចូល​រួម​ស្ថាបនា​​ដែរ ប៉ុន្តែ​ក្រោយ​មក​សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​ជួយ​ស្ថាបនា​ផ្លូវ​លេខ​១៥៦ ដោយ​ប្រើ​ប្រាស់​​ថវិកា​សាលា​រាជ​ធានី​ភ្នំពេញ​ទាំង​ស្រុង​វិញ ។ លោក​និយាយ​ថា ព្រោះ​​ថវិកា​ដែល​បាន​មក​ពី​ប្រជា​ពល​រដ្ឋ​តិច​តួច​មិន​គ្រប់​គ្រាន់​​ក្នុង​ការ​ស្ថាបនា ។លោក​សេង​ រតនៈ បាន​បន្តទៀត​ថា ​ថវិកា​មួយ​ចំនួន​ដែល​ប្រមូល​បាន​មក​ពី​ប្រជា​ពល​រដ្ឋ​​រួច​ហើយ​នោះ សាលា​ខណ្ឌ​ទួល​គោក មាន​បំណង​ចង់​បង្វែ​ទៅ​ស្ថាបនា​​​ដាក់​បង្គោល​ភ្លើង​​បំភ្លឺ​ផ្លូវ​វិញ ។ បើ​សិន​ប្រជា​ពល​រដ្ឋ​មិន​​ឯក​ភាព ​សាលា​ខណ្ឌ​ទួល​គោក និង​ប្រគល់​ជូន​ប្រជា​ពល​រដ្ឋ​វិញ ។ តាម​កោះ​សន្តិ​ភាព​ដឹង គឺ​ប្រជា​ពលរដ្ឋ​​​ច្រើន​ណាស់​ខឹង​សម្បារ​ដោយ​ចោទ​ថា រដ្ឋ​អំណាច​មូល​ដ្ឋាន​កុហក​ពួក​គេ​ ។ បើ​ដឹង​ថា សាលា​រាជ​ធានី​ភ្នំពេញ ​ចេញ​ការ​​ចំណាយ​ទាំង​ស្រុង​ ហេតុ​ម៉េច​នៅតែ​ដើរ​ប្រមូល​ប្រាក់​ទៀត? ​ពេល​វេលា​នេះ​ហើយ​ គួរ​លោក​អភិ​បាល​រាជ​ធានី​ភ្នំពេញ ជួយ​​ដោះ​ស្រាយ​បញ្ហា​ ដែល​អ្វី​ប៉ះ​ពាល់​​ជា​មួយ​ប្រជា​ពល​រដ្ឋ​ គួរ​តែ​កុំ!!