រាជធានីភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា បាន​បើក​សវនា​ការ​ផ្តន្ទា​ទោស​ជន​បរទេស​ចំនួន​៣​នាក់​ដែល​មាន​ជន​ជាតិ​នេ​ប៉ាល់​ និង​បង់​ក្លា​ដេស ​ពាក់​ព័ន្ធនឹង​សំណុំ​រឿង​​មាន​គំរោង​ធ្វើ​ភេរ​វកម្ម​លើ​ស្ថាន​ទូត​៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ទោះ​បី​ជា​បែប​ណា​ សវនា​ការ​សាក​សួរ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​ ហើយ​ប្រធាន​ក្រុម​ប្រឹក្សា​បាន​ប្រកាស​លើក​ពេល​​សវនា​ការ​បន្ត​​ទៅ​ថ្ងៃ​ទី​២១​ មករា ខាង​មុខ​ទៀត​ ។​សវនា​ការ​នេះ​មាន​លោក​ស៊ិន វិសាល​ ប្រធាន​ក្រុម​ប្រឹក្សា លោក​លឹម មករន្ទ និង​លោក​ស្រី​គឹម ដា​នី ចៅ​ក្រម​អម​ ព្រម​ទាំង​លោក​ហ៊ឹង ប៊ុន​ជា ព្រះ​រាជ​អាជ្ញា​រង​តំណាង​អយ្យ​ការ ​។ អង្គ​សវ​នា​ការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​ដែល​ត្រូវ​ចោទ​ ១-ឈ្មោះ​ឌីប ពី​ផូ​យ៉ាល់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជន​ជាតិ​នេប៉ាល់, ២-ឈ្មោះ​រ៉ា​ហ៊ី​​កាល់​អ៊ី​ស្លាម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ ជន​ជាតិ​បង់​ក្លា​ដេស​, ៣-ឈ្មោះ​ម៉ា​មី​ យ៉ា​ម៉ូ​ម៉ាប់​ម៉ាន់​ហ៊ុយ​ម៉ា​យ៉ុន ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ ហើយ​ក៏​មាន​ការ​សាក​សួរ​ដេញ​ដោល​រវាង​មេធាវី​ដើម​ចោទ​ និង​ចុង​ចោទតាម​រយៈ​ការ​បក​ប្រែ​ភាសា​អង់​គ្លេស​ផង​ដែរ ​។អង្គ​ហេតុ​នៃ​ការ​ចាប់​ខ្លួន​នាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​នេះ​ ផ្តើម​ចេញ​កាល​ពី​​ខែ​មេសា​ ឆ្នាំ​២០១០​ កន្លង​ទៅ​មាន​ជន​មិន​ស្គាល់​មុខ​បាន​យក​លិខិត​​មួយ​ទៅ​ទំលាក់​ចោល​ក្នុង​ភោជនីយ​ដ្ឋាន​​របស់​ឈ្មោះ​រ៉ា​ហ៊ ី​កាល់​ អ៊ីស្លាម​ ដែល​ក្នុង​លិខិត​នេះ​មាន​បង្កប់​ទៅ​ដោយ​អត្ថ​ន័យ​ថា​ មាន​ជន​អាល់​កៃ​ដា​៤​នាក់​បាន​ឆ្លង​ចូល​ក្នុង​តំបន់​អាស៊ី​​យើង​នេះ ហើយ​មាន​គំរោង​ប៉ុន​ប៉ង​ធ្វើ​ភេរវ​កម្ម​លើ​ស្ថាន​ទូត​៣ គឺ​ស្ថាន​ទូត​អង់​គ្លេស​ អូ​ស្ត្រាលី​ និង​អាមេរិក​ ។ ដោយ​យោង​លើ​លិខិត​បែប​ភេរ​វកម្ម​នោះ ​សមត្ថ​កិច្ច​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​​ និង​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​អស់​រយៈ​ពេល​ជិត​​១​ខែ​ លុះ​នៅ​​ថ្ងៃ​ទី​២០ ឧសភា ទើប​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៣​នាក់​នៅ​មុខ​ផ្សារ​ប៊ីក​អេ​ ក្នុង​​សង្កាត​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​ ដោយ​សង្ស័យ​ទៅ​លើ​ក្រុម​នេះថា ​ជា​អ្នក​រៀប​ចំ​ធ្វើ​លិខិត​នោះ​ឡើង​ ។ក្រោយ​ពី​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​ឃាត់​ខ្លួន​ ជន​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ហើយ​​ចៅ​ក្រម​ស៊ើប​សួរ​ក៏​សំរេច​ឃុំ​ខ្លួន​ចាប់តាំង​​ពី​ពេល​នោះ​មក​ ។ ការ​ឃុំ​ខ្លួន​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​មាន​រយៈ​ពេលជា​​ច្រើន​ខែ និង​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មករា ​សាលា​ដំបូង​រាជ​ធានី​បាន​លើក​យក​រឿង​នេះ​មក​បើក​សវនា​ការ​​ ៕
http://camnews.com.kh/uploads/thumbn...3349c8a696.jpg