រាជធានីភ្នំពេញ ៖ ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​ដែល​ម្ចាស់​​​​ខ្ចី​លុយ​គេ​ទិញ​ជិះ ទើប​បាន​​រយៈ​ពេល​៤​ថ្ងៃ ហើយ​នៅ​ពេល​យប់​ចាក់​សោ​​ទុក​នៅ​ក្នុង​ផ្ទះ​យ៉ាង​ត្រឹម​ត្រូវ​មិន​ហ៊ាន​ធ្វេស​ប្រហែស​នោះ​ទេ ​​ប៉ុន្តែ​នៅ​ពេល​ម្ចាស់​​ដេក​លង់​លក់​​ ក៏​មាន​ក្រុម​ចោរ​គាស់​បង្អួច​ចូល​ទៅ​លួច​យក​​បាត់​រហូត​ដល់​​វេលា​​រំលង​អធ្រាត្រ​ ទើប​​ដឹង​ថា បាត់​ហើយ​នាំ​គ្នា​​ភ្ញាក់​ផ្អើល​ចេញ​ដើរ​រក​គ្រប់​ទិស​ទី​ ប៉ុន្តែ​ពុំ​បាន​ប្រទះ​ឃើញ​ឡើយ ។ ហេតុ​ការណ៍​​ភ្ញាក់​ផ្អើល​​​បាត់​ម៉ូតូ​នេះ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​៤៥​នាទី​​​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១១ នៅ​ក្នុង​ភូមិ​ពង​ទឹក សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ ។ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរ​លួច​យក​ទៅ​នោះ​ ម៉ាក​ហុង​ដា ​C125 ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ 1AQ-1352 ជា​កម្ម​​សិទ្ធិ​របស់​បុរស​ឈ្មោះ​​អ៊ូ កុល អាយុ​៤៦​ឆ្នាំ ជា​​កសិ​ករ និង​ជា​ម្ចាស់​ផ្ទះ​​ខាង​លើ ។ តាម​ប្រភព​ព័ត៌​មាន​​បានឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ម្ចាស់​បាន​ទុក​​ម៉ូតូ​នោះ​នៅ​ក្បែរ​ម៉ូតូ​មួយ​​គ្រឿង​ទៀត​ ម៉ាក​​ហុង​ដា ​C125 ស៊េរី​ឆ្នាំ​២០០៨ ឡើង​តែម​​ប្រិ៍​ឆ្នាំ​២០១១ នៅ​​ក្នុង​បន្ទប់​ក្រោម​ផ្ទះ​ ហើយ​​ក្រុម​គ្រួសារ​​​ក៏​ដេក​​នៅ​ក្នុង​នោះ​ដែរ ដោយ​​បិទ​ទ្វារ​ចាក់​​សោ​​ត្រឹម​ត្រូវ ។ បន្ទាប់​ពី​ទុក​ដាក់​របស់​ទ្រព្យ​រួច​រាល់​ហើយ​ ម្ចាស់​ក៏​បាន​ដេក​លង់​លក់​រហូត​ដល់​វេលា​​រំលង​អធ្រាត្រ ទើប​ភ្ញាក់​​ហើយ​​បើក​ភ្លើង​មើល​ម៉ូតូ​ ស្រាប់​តែ​បាត់​មិន​ឃើញ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោ​​ឡោ​ទាំង​យប់ ។ដោយ​ឡែក​ ក្រុម​ចោរ​ក្រោយ​ពី​យក​ម៉ូតូ​ចេញ​ហើយ​ ពួក​គេ​បាន​យក​​ខ្សែ​ចង​ទ្វារ​បន្ទប់​​ពី​ខាង​ក្រៅ​​ជាប់​ធ្វើ​ឱ្យ​ម្ចាស់​បើក​ទ្វារ​​មិន​រួច​ភ្លាមៗ​​​ទ េ រហូត​​មួយ​សន្ទុះ​​ធំ ទើប​ទាញ​ទ្វារ​បើក​​បាន​​​និង​នាំ​​គ្នា​ដើររក​​ម៉ូតូ​គ្រប់​ទី​កន្លែង​ ប៉ុន្តែ​​សូម្បី​​តែ​ស្រមោល​បន្តិច​ក៏​មិន​ឃើញ​ផង ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គេ​មិន​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​​​ប៉ុន្មាន​នាក់​​ទេ បាន​ធ្វើ​សកម្ម​ភាព​កាត់​របង​លួស​ចូល​បន្ទាប់​មក​គាស់​បង្អួច​ក្បែរ​ចង្ក្រាន​បាយ​​ចូល​ទៅ​ក្នុង​បន្ទប់​ក ្រោម​ផ្ទះ ហើយ​​លួច​យក​ម៉ូតូ ចេញ​បាត់​ដោយ​សុវត្ថិ​ភាព ។ ប្រជា​ពល​រដ្ឋ​បាន​ឱ្យ​ដឹង​ថា កន្លង​មក ផ្ទះ​​នៅ​ជិត​នោះ​ត្រូវ​ក្រុម​​ចោរ​បំពុល​ឆ្កែ និង​លួច​យក​​ធុង​បាស់ ព្រម​ទាំង​រថយន្ត​ម៉ាក​ទី​កូ​អស់​១​គ្រឿង​ម្តង​មក​ហើយ ​លុះ​ពេល​នេះ​ក្រុម​ចោរ​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​នៅ​ផ្ទះ​ជិត​គ្នា​នេះ​ទៀត ដោយ​មិន​ខ្លាច​ញញើត​អ្វី​ទាំង​អស់​ ព្រោះ​ពួក​គេ​ធ្លាប់​ធ្វើ​សកម្ម​ភាព​បាន​សំរេច​រហូត ៕
http://camnews.com.kh/uploads/thumbn...0ace388f17.jpg