រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោដឹកនាំដោយលោកហែម ដារិទ្ធិ អភិបាលរងខណ្ឌបានប្រមូលក្រុមអាជីវកររកស៊ីលក់ និងបញ្ចូលហ្គាស ព្រមទាំងលក់សាំងដប ទៅចូលរួមប្រជុំណែនាំឱ្យពួកគាត់សុំច្បាប់អាជីវកម្មឱ្យបានត្រឹមត្រូវ ព្រមទាំងហាត់រៀនពីបច្ចេកទេសគ្រប់គ្រង បញ្ចូល និងស្តុកទុកហ្គាស ដើម្បីធានាសុវត្ថិភាពបង្ការគ្រោះថ្នាក់កើតឡើងដូចជាគ្រោះអគ្គីភ័យជាដើម ។ កិច្ចប្រជុំនោះបានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី៦ មករា ឆ្នាំ ២០១១ នៅសាលប្រជុំតូចរបស់សាលាខណ្ឌដោយមានមន្ត្រីការិយាល័យរ៉ែ និងថាមពលខណ្ឌដង្កោចូលរួមពន្យល់ណែនាំពីបច្ចេកទេសដល់ក្រុមអាជីវករទាំងនោះផងដែរ ។លោកហែម ដារិទ្ធិ អភិបាលរងខណ្ឌដង្កោ បានថ្លែងថា ការលក់ហ្គាសចាប់ពី៥ធុងឡើងទៅ គឺត្រូវតែសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវចាប់ពីថ្នាក់សង្កាត់-ខណ្ឌ រហូតដល់រាជធានី ដើម្បីអាជ្ញាធរងាយស្រួលក្នុងការគ្រប់គ្រង ហើយអាចផ្តល់នូវបទពិសោធន៍ និងលក្ខណៈបច្ចេកទេសស្តុកទុកហ្គាស បញ្ចូលហ្គាស និងទីតាំងទំហំប៉ុន្មានអាចអនុញ្ញាតឱ្យដាក់ហ្គាសប៉ុន្មានធុងលក់បាន ចៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ ។ លោកហែម ដារិទ្ធិ បានបន្តថា នៅទូទាំងខណ្ឌដង្កោមានកន្លែងស្តុក និងរកស៊ីបញ្ចូលហ្គាសចំនួន៦១កន្លែង ដោយមិនរាប់បញ្ចូលសង្កាត់ចំនួន១១ដែលទើបកាត់ចូលពីខេត្តកណ្តាលនោះទេ ។ នៅក្នុងចំណោមទីតាំងខាងលើនេះមានខ្លះមានច្បាប់មិនពេញលេញទេ និងខ្លះទៀតគឺអត់មានឯកសារអ្វីទាំងអស់ ពេលនេះសាលាខណ្ឌអញ្ជើញពួកគាត់មកប្រជុំណែនាំឱ្យសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវងាយស ្រួលអាជ្ញាធរគ្រប់គ្រង ។លោកអភិបាលរងខណ្ឌបានបន្តទៀតថា សាលាខណ្ឌដង្កោ បានតំរូវឱ្យអាជីវករទាំងអស់ចាប់ផ្តើមសុំច្បាប់ចាប់ពីក្រោយពេលប្រជុំនេះរយៈពេល១ខែ ហើយមុននឹងអនុញ្ញាតច្បាប់ឱ្យគឺទាល់តែឆ្លងកាត់មន្ត្រីជំនាញចុះទៅត្រួតពិនិត្យសិន ។ ម្យ៉ាងទៀតបើនរណាម្នាក់មិនសុំច្បាប់ហើយលក់ និងបញ្ចូលហ្គាសទាំងបំពាននោះសាលាខណ្ឌនឹងមានវិធានការចុះទៅចាប់ និងរឹបអូសយកសំភារតែម្តង ។ ចំណែកឯអ្នកលក់សាំងដប គឺមិនអនុញ្ញាតឱ្យលក់ទេ ដែលការរឹតបន្តឹងនេះ គឺសាលាខណ្ឌអនុវត្តតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញ ហើយក៏ជាការការពារ និងទប់ស្កាត់រាល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុផងដែរ ៕

