រាជធានីភ្នំពេញ ៖ យោងតាមប្រភពស្និទ្ធនឹងអង្គការប្រឆាំងអំពើពុករលួយបានខ្សឹបប្រាប់ឱ្យដឹងថា លោកម៉ឹក ដារ៉ា បន្ទាប់ពីបញ្ជូនត្រឡប់មកកាន់រាជធានីភ្នំពេញវិញនោះ កាលពីរសៀលថ្ងៃទី ១៧ មករា ២០១១ ត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃ.សបាត់ហើយ ដើម្បីរង់ចាំធ្វើការស៊ើបអង្កេត គឺធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ និងស្ងៀមស្ងាត់បំផុត ។សូមបញ្ជាក់ថា បន្ទាប់ពីសាកសួរយ៉ាងសកម្មនៅពេលយប់ទៅលើលោកម៉ឹក ដារ៉ា និងលោកជា ឡេង ពាក់ព័ន្ធបទល្មើសគ្រឿងញៀនក្នុងតុលាការខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៦ មករា នោះ មកដល់ព្រឹកថ្ងៃទី១៧ មករា ២០១១ ត្រូវបានមន្ត្រីតុលាការខេត្តបង្ហើបឱ្យដឹងថា លោកម៉ឹក ដារ៉ា ត្រូវបានបញ្ជូនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយរាជធានីភ្នំពេញវិញ យ៉ាងប្រញាប់ប្រញាល់ ដើម្បីសំរេចថា តើត្រូវបញ្ជូនទៅតុលាការ ឬយ៉ាងណា? ចំណែកលោកជា ឡេង ត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ដើម្បីធ្វើការស៊ើបអង្កេត និងសាកសួរបន្តនៅតុលាការខេត្តបន្ទាយមានជ័យនេះ ។អគ្គលេខាធិការអាជ្ញាធរប្រឆាំងគ្រឿងញៀន លោកម៉ឹក ដារ៉ា និងលោកជា ឡេង ប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលជួបប្រទះរឿងអាស្រូវពុករលួយពាក់ព័ន្ធគ្រឿងញៀន និងបទល្មើសមួយចំនួនទៀតនោះ ត្រូវបានចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការសាកសួរទាំងយប់ និងបន្តមកដល់ព្រឹកថ្ងៃទី១៧ មករា ២០១១ មួយភ្លែតទៀត ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនពួកលោកទៅដល់ទីនោះកាលពីវេលាម៉ោងប្រមាណជ ាង៧យប់ថ្ងៃទី១៦ មករា ម្សិលមិញ ។មុននេះបន្តិច កោះសន្តិភាពពិបាកស្វែងរកប្រភពព័ត៌មានពេកណាស់ ដោយខាងសមត្ថកិច្ចពាក់ព័ន្ធគេលាក់លៀមរឿងនេះដូចជា លោកសួន រចនា នាយកអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ បាននិយាយថា រឿងបញ្ជូនលោកម៉ឹក ដារ៉ា មកកាន់តុលាការខេត្តបន្ទាយមានជ័យនេះ លោកមិនបានដឹងទេ ព្រោះលោកកំពុងស្ថិតនៅខាងក្រៅ...លោកឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទូរស័ព្ទមិនចូល...លោកកែវ រ៉េមី អ្នកនាំ ពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ទូរស័ព្ទចូលហើយមិនព្រមទទួល...។ ប៉ុន្តែមន្ត្រីតុលាការខ្សឹបប្រាប់ថា លោកម៉ឹក ដារ៉ា ត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នាំខ្លួនទៅដាក់គុកព្រៃ.សកាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី១៧ មករា ២០១១ នេះ បាត់ទៅហើយ ។គួររំលឹកថា នៅឯខេត្តបន្ទាយមានជ័យឯណោះវិញ លោកចៅក្រមអាំង មាលតី ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជាអ្នកសាកសួរលោកម៉ឹក ដារ៉ា, ចំណែកលោកជា ឡេង ត្រូវចៅក្រមធាម ច័ន្ទពិសិដ្ឋ ជាអ្នកសាកសួរ...មកដល់ព្រឹកថ្ងៃទី១៧ មករា អ្នកទាំង២ត្រូវចៅក្រមសាកសួររួចរាល់ហើយ ។ លោកម៉ឹក ដារ៉ា ត្រូវបានចាត់បញ្ជូនមកកាន់រាជធានីភ្នំពេញវិញ និងបន្តទៅដាក់គុកព្រៃ.ស ចំណែកលោកជា ឡេង ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស៊ើបអង្កេត និងសាកសួរបន្ត ៕
