Intel កាលពីពេលថ្មីៗនេះបានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងរដូវវិស្សមកាលក្នុងឆ្នាំនេះ តំលៃលក់របស់បណ្តាសមិទ្ធិផល Ultrabook ថ្មីនឹងធ្លាក់មកសល់ត្រឹមតែ ៦៩៩ ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង គឺមានការថយចុះរហូតដល់ ៣០០ ដុល្លាអាមេរិកធៀបជាមួយកំរិតតំលៃដែលបានគ្រោងទុកកាលពីដំបូងឡើយ។
បច្ចុប្បន្ននេះមានគំរូ ultrabook ចំនួនតិចតួចតែប៉ុណ្ណោះដែលកំពុងដាក់លក់ក្នុងតំលៃទាបបំផុតចាប់ពី៨០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង។ ចំណែក ultrabook ក្រៅពីនោះសុទ្ធសឹងតែមានតំលៃខ្ពស់បំផុតគឺរហូតដល់ជាង ១ពាន់ដុល្លាអាមេរិកឯណោះ។ Intel បានអោយដឹងថាខ្លួននឹងដាក់បង្ហាញសមិទ្ធិផលultrabook ជាមួយតំលៃចាប់ពី ៦៩៩ ដុល្លាអាមេរិកនៅក្នុងរដូវវិស្សមកាលនេះ។
យោងតាមប្រភពពត៌មានរបស់ IDG News អោយដឹងថាមានចំនួនប្រមាណជា ៧៥ គំរូនៃសមិទ្ធិផលultrabook ថ្មីកំពុងតែធ្វើការស្រាវជ្រាវនិងត្រៀមដាក់បង្ហាញវត្តមាន ក្នុងនោះរួមមានទាំងសមិទ្ធិផលកាត់ (មានមុខងារទាំងជា Tablet និង laptop) ផងដែរ, និងទាំងគំរូ laptop ដែលមានអេក្រង់ជា touchscreen ក្នុងទិសដៅស្វែងយល់ពីមុខងារថ្មីៗរបស់ Windows 8 ។
ដំណឹងនេះត្រូវបានលោក Kirk Skaugen អគ្គនាយកប្រតិបត្តិផ្នែក PC របស់ Intel បញ្ជាក់នៅលើទំព័រForum សំរាប់ក្រុមអ្នកស្រាវជ្រាវអភិវឌ្ឍន៍របស់ Intel ។ លោក Kirk ក៏បានអោយដឹងបន្ថែមដែរថារាល់សមិទ្ធិផល ultrabook ទាំងនោះសុទ្ធតែត្រូវបំពាក់ដោយ Chip ជំនាន់ទី ៣ របស់ Intel គឺ Ivy Bridge ទាំងអស់ ហើយក៏នឹងត្រួវដាក់បង្ហាញវត្តមាននៅក្នុងទីផ្សារចាប់ពីពេលនេះតទៅរហូតដល់រដូវស្លឹកឈើលាស់ឆ្នាំក្រោយនេះ។
គិតចាប់តាំងពីពេលដែល Intel ធ្វើការប្រកាសពីគំរោងធ្វើការអភិវឌ្ឍន៍គំរូសមិទ្ធិផល ultrabook កាលពីកំឡុងខែ ឧសភា ឆ្នាំ ២០១១ កន្លងទៅ, រហូតមកដល់ពេលនេះគឺមានចំនួនប្រហែលជា ២១ នៃគំរូសមិទ្ធិផល ultrabook ត្រូវបានដាក់លក់ចេញពីក្រុមហ៊ុនផលិតផ្សេងៗគ្នា។ Ultrabook ត្រូវបានគេសង្ឃឹមថាជាអនាគតរបស់ laptop ជាមួយនឹងរូបសណ្ឋានខ្លាំងរឹងមាំ ការរចនាមានកំរាស់ស្តើង ទំងន់ស្រាល និងមានថ្មប្រើប្រាស់បានរយៈពេលយូរជាង ពិសេសគឺមានតំលៃក្រោម ១ពាន់ដុល្លាអាមេរិកក្នុងមួយគ្រឿង។ Intel បានធ្វើវិនិយោគប្រហែលជា ៣០០ លានដុល្លាអាមេរិកសំរាប់គំរោងនេះ៕ ប្រភព៖ CBS ដោយ៖ រស្មី