កុំព្យូរទ័រ ៖ Avast ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់កម្មវិធីកម្ចាត់វីរុសឈានមុខគេ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងការវាយប្រហារទៅលើ គ្រឿងអេឡិកត្រូនិកក្នុងផ្ទះ ដែលតភ្ជាប់បណ្ដាញអ៊ីនធឺណិត ដោយក្រើនរំលឹកថា ពួក Hacker កំពុងផ្ដោតគោលដៅគម្រាមកំហែងទៅលើ Router ក្នុងផ្ទះរបស់អតិថិជន។

ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Avast លោក Ondrej Vlcek បាននិយាយថា មនុស្សកាន់តែច្រើនឡើង បាននិងកំពុងប្រើប្រាស់ ឧបករណ៍ ដែលអាចភ្ជាប់អ៊ិនធឺណិតបាន ដែលលោកបានរៀបរាប់ថា វាជា«សុបិនដ៏អាក្រក់ នៅពេលនិយាយដល់កត្ដាសន្ដិសុខ។ យោងតាមក្រុមហ៊ុននេះ ដែលមានមូលដ្ឋាន នៅទីក្រុង Prague  បានឱ្យដឹងថា គ្រឿងប្រើប្រាស់ ដែលងាយរងគ្រោះទាំងនោះរួមមានដូចជា ទូរទស្សន៍ ប្រព័ន្ធអូឌីយ៉ូ ម៉ាស៊ីនកាហ្វេ និងប្រដាប់ក្មេងលេង ដែលជារៀងរាល់ខែ ក្រុមហ៊ុននេះ បានចុះឈ្មោះអ្នកប្រើប្រាស់ចំនួន ៤៤៤ លាននាក់ និងការពារការវាយប្រហារមេរោគចំនួន  ៣,៥  ពាន់លាន ហើយអ្នកប្រើប្រាស់ ៥០០ លាននាក់ចូលមើលគេហទំព័ដ៏គ្រោះថ្នាក់។

កាលពីខែកុម្ភៈ ប៉ូលីសទីក្រុងឡុងដ៍ បានចាប់ខ្លួនជនជាតិអង់គ្លេសម្នាក់ ដោយសង្ស័យថា គេធ្វើការវាយប្រហារអ៊ីនធឺណិត ទៅលើរ៉ោតទ័តាមផ្ទះជាច្រើន ដែលគ្រប់គ្រងដោយក្រុមហ៊ុនទូរគមនាគមន៍ Deutsche Telekom កាលពីខែវិច្ឆិកាឆ្នាំ ២០១៦  ដែលធ្វើឱ្យគ្រួសារអាល្លឺម៉ង់ ប្រមាណជា ១ លានគ្រួសារ ត្រូវផ្អាកប្រើអ៊ីនធឺណិត។ លោក Steckler នាយកប្រតិបត្ដិរបស់ Avast បាននិយាយថា ក្រុមហ៊ុនរបស់លោក បាន Hack ចូលទៅក្នុង Router មួយ នៅឯការតាំងបង្ហាញថ្មីមួយ នៅសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីគ្រោះថ្នាក់ ដែលការវាយប្រហារបែបនេះ អាចធ្វើបាន។

/

ក្រុមហ៊ុន Avast បានផ្លាស់ប្តូរ firmware របស់ Router គ្រប់គ្រង TV Set និងកំណត់ឱ្យទូរទស្សន៍ចាក់បញ្ចាំងតែសុន្ទរកថារបស់លោក អូបាម៉ា សារចុះឡើង។ លោក Steckler ថ្លែងថា៖ «បើទោះបីជាអ្នកបិទទូរទស្សន៍  Router ក៏នៅតែបើកទូរទស្សន៍ត្រឡប់មកវិញដដែល ហើយអ្នកប្រើមិនអាចមើលឃើញអ្វី ផ្សេងក្រៅអំពីសុន្ទរកថារបស់ លោកអូបាម៉ា ឡើយ  ហើយបន្ទាប់មក ពួក Hacker នឹងអាចគ្រប់គ្រងលើទូរទស្សន៍ ហើយជម្រិតទារប្រាក់លោះ។

លោក បាននិយាយទាំងអស់សំណើចថា៖ ខ្ញុំដឹងថា មនុស្សភាគច្រើន ជាពិសេសជនជាតិអាមេរិក តែងខ្វល់ច្រើនអំពីទូរទស្សន៍របស់ពួកគាត់ ជាងខ្វល់អំពីទិន្នន័យរបស់ពួកគាត់ទៅទៀត។ ពួកគាត់ប្រហែលជានឹងបង់ប្រាក់លោះលឿនជាងអ្វីផ្សេង ។ សន្ដិសុខអ៊ីនធឺណិត បានក្លាយជាប្រធានបទក្តៅគគុក កាលពីថ្ងៃសុក្រ នៅពេលដែលការវាយប្រហារ ransomware បានវាយលុកកុំព្យូទ័រ ជាង ៣០០,០០០ គ្រឿង នៅទូទាំងពិភពលោក ធ្វើឱ្យប៉ះពាល់ដល់ សេវាសុខាភិបាលជាតិរបស់ចក្រភពអង់គ្លេស ក្រុមហ៊ុនយក្ស FedEx របស់សហរដ្ឋអាមេរិក និងបណ្តាញផ្លូវដែក Deutsche BAHN របស់ប្រទេសអាល្លឺម៉ង់៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ AFP