បច្ចេកវិទ្យា ៖ សារដំបូងដែលត្រូវបានផ្ញើរចេញកាលពី ២៥ ឆ្នាំមុន នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ១៩៩២ ។ មានវិស្វករម្នាក់ឈ្មោះ Neil Papworth បានផ្ញើពាក្យ រីករាយបុណ្យណូអែល ឬ (merry Christmas) ពីកុំព្យូទ័ររបស់គាត់ទៅកាន់ទូរស័ព្ទដៃចល័តដែលជាកម្មសិទ្ធិរបស់នាយកក្រុមហ៊ុន Vodafone លោក Richard Jarvis ។ បន្ទាប់ពីនោះមក កំណើននៃការផ្ញើរសារក៏ចាប់ផ្តើមប្រើប្រាស់ នៅជុំវិញពិភពលោក ។
មុនពេលដែលស្មាតហ្វូនត្រូវបានបង្កើត មានមនុស្សត្រូវប្រើទូរសព្ទដៃបញ្ជាដោយប៊ូតុងក្នុងការបញ្ចូលអក្សរ ដោយមានការខុសប្លែកពីការចុចលើអេក្រង់នៃស្មាតហ្វូននាពេលបច្ចុប្បន្ននេះ ហើយប្រព័ន្ធនោះត្រូវបានគេឲ្យឈ្មោះថាប្រពន្ធ័ T9 ដែលតំណាងឲ្យអក្សរលើប៊ូតុងទាំង ៩ មុនមានការវិវត្តចូលស្មាតហ្វូនប្រើក្ដារចុច QWERTY ដូចជា BlackBerry, Moto Q, Palm Treo និងអ្វីផ្សេងៗជាច្រើនទៀត រហូតឈានដល់ការប្រើ Touch Screen ដូចសព្វថ្ងៃនេះផងដែរ ។
នៅក្នុងខែមិថុនា ឆ្នាំ ២០០០ សារចំនួន ១២ លានត្រូវបានគេផ្ញើរជារៀងរាល់ខែនៅសហរដ្ឋអាមេរិក ។ នៅខែមិថុនាឆ្នាំ ២០០៦ តួលេខនេះមានរហូតដល់ ១២,៥ ពាន់លានហើយក៏បានកើនឡើងដល់ ៤៥ ពាន់លាន ជារៀងរាល់ខែ រហូតដល់ខែមិថុនា ឆ្នាំ ២០០៧ ។ ហើយនៅពេលដែលមានវត្តមាន iPhone ចាប់ផ្តើមបង្ហាញខ្លួននៅលើទីផ្សារបានរយៈពេល ពីរឆ្នាំក្រោយមកក៏មានចំនួន ១៦១ ពាន់លានសារត្រូវបានផ្ញើក្នុងរយៈពេលមួយខែ ។
យោងតាមប្រភពផ្លូវការមួយបានបញ្ជាក់បន្ថែមទៀតថា គុណសម្បត្តិនៃការប្រើប្រាស់ SMS វាពិតជាអស្ចារ្យខ្លាំងមែនទែន ជាពិសេសគឺនៅពេលដែលយើងព្យាយាមហៅចេញទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសារ ហើយពួកគាត់ជាប់រវល់មិនបានឆ្លើយតប ដូច្នេះហើយអ្នកអាចធ្វើការផ្ញើរសារចេញទៅពួកគាត់ ហើយនៅពេលដែលពួកគាត់បានឃើញ និងប្រញាប់តបមកអ្នកវិញតាមដែលអាចធ្វើទៅបាន ។ ហើយជាងនេះទៅទៀតគឺនៅមានគុណសម្បត្តិជាច្រើនទៀត ក្នុងការប្រើប្រាស់សេវាមួយនេះ ។
គួរបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី ០៣ ធ្នូ ឆ្នាំ ២០១៧ នេះ គឺការបង្កើតសារដែលត្រូវបានផ្ញើរ និងជាទីពេញនិយមរបស់យើងនាពេលបច្ចុប្បន្ននេះ គឺត្រូវបានបង្កើតអស់រយៈពេលចំនួន ២៥ ឆ្នាំមកហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ phonearena