ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីប៉ូលិសក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៦ មករា បានចុះអនុវត្តធម៌ក្តៅដល់អាជីវករលក់ដូរតាមផ្លូវជាតិលេខ៥ ដែលតែងតែដាក់លក់ហៀរចូលមកថ្នល់ជាតិធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងពេលខ្លះបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ អាជីវករលក់ដូរនោះ គឺមានតែ៣ផ្ទះប៉ុណ្ណោះដែលពុំព្រមស្តាប់ការណែនាំរបស់ប៉ូលិស ទោះបីមានកិច្ចសន្យាម្នាក់ៗ៣-៤ដងក្តី ក៏នៅតែមិនព្រមអនុវត្តតាម ទើបមន្ត្រីប៉ូលិសចុះរៀបចំ និងរុះរើដោយខ្លួនឯងតែម្តង ដែលបីផ្ទះនោះស្ថិតនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។លោកសំ សិទ្ធី អធិការក្រុងកំពង់ឆ្នាំងដែលដឹកនាំការរៀបចំសណ្តាប់ធ្នាប់នោះបាននិយាយថា មន្ត្រីប៉ូលិសក្រុងប្រមាណ៣០នាក់បានចុះមករៀបចំនៅព្រឹកនេះ ។ លោកបានបន្តថា កន្លងទៅម្ចាស់ផ្ទះទាំង៣គ្រួសារបានដាក់លក់ដូរហៀរចូលថ្នល់ជាតិ ហើយទោះប៉ូលិសហៅមកអប់រំធ្វើកិច្ចសន្យាក្តីពេលត្រឡប់ទៅវិញពួកគាត់នៅតែដាក់លក់ចូលមកចំណី ថ្នល់ជាតិដដែល។ ដោយសារពួកគាត់នៅតែផ្គើនមិនព្រមស្តាប់ការណែនាំ និងគោរពកិច្ចសន្យាបែបនេះហើយ ទើបលោកស្នងការនគរបាលខេត្តបញ្ជាឱ្យលោកដឹកនាំកំលាំងចុះរៀបចំដោយផ្ទាល់ និងជួយរុះរើចេញឱ្យផុតពីចំណីផ្លូវ ។ លោកបញ្ជាក់ថា ផ្ទះទាំង៣នេះ គឺដាក់លក់ប្រជែងគ្នាម្នាក់បន្តិចៗ និងចេះតែលូតទៅមុខរៀងៗខ្លួនទើបហៀរចូលថ្នល់ជាតិបែបនេះ ហើយនៅពេលមានរថយន្តម៉ូតូឈប់ទិញឥវ៉ាន់ម្តងៗធ្វើឱ្យស្ទះចរាចរណ៍ ព្រោះតែរថយន្តបានចតអស់មួយចំហៀងថ្នល់ជាតិទៅហើយ ។ជាងនេះទៀត មានពេលខ្លះបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទៀតផង ព្រោះតែអ្នកធ្វើដំណើរចៀសរថយន្តដែលឈប់ទិញអីវ៉ាន់នោះចូលមកកណ្តាលទ្រូងផ្លូវ ហើយក៏បុកគ្នាជាមួយរថយន្ត ឬម៉ូតូដែលបើកបញ្ច្រាសទិសគ្នា ដូចករណីម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យមនុស្សស្លាប់កាលពីប៉ុន្មានអាទិត្យមុននេះ ។ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការក្នុងខេត្តមានការអបអរសាទរជាខ្លាំងចំពោះការរៀបចំសណ្តា ប់ធ្នាប់របស់សមត្ថកិច្ចប៉ូលិសនេះ ព្រោះធ្លាប់ទើសភ្នែកយូរហើយ និងខ្លះទៀតនិយាយថា ខ្លួនវិះបុកគ្នានៅកន្លែងនេះញយដងហើយ និងសូមឱ្យការរៀបចំបែបនេះនៅស្ថិតស្ថេរយូរអង្វែង កុំឱ្យបានតែ៣-៤ថ្ងៃហើយថ្ងៃក្រោយនៅដដែល៕
