ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ និងទី៨ មករា នៅខេត្តកំពង់ស្ពឺ មានចំនួន៣លើក បណ្តាលឱ្យមនុស្សស្លាប់អស់ចំនួន៣នាក់ នៅកន្លែងខុសគ្នា។ នៅថ្ងៃទី៧ មករា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៤ ខាងលិចរោងចក្រសាប្រ៊ីណា នាវេលាម៉ោង៥ល្ងាច បង្កឡើងដោយរថយន្តម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-1044 បើកបរដោយឈ្មោះធី វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង បើកពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ។ ពេលទៅដល់ចន្លោះគីឡូម៉ែត្រលេខ៣២ និង៣៣ រថយន្តនោះបុកបុរសម្នាក់កំពុងដើរឆ្លងថ្នល់ពីជើងទៅត្បូង បណ្តាលឱ្យស្លាប់ភ្លាម។ប៉ូលិសចរាចរស្រុកសំរោងទងប្រាប់ថា ជនរងគ្រោះឈ្មោះឃុន កែវ អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិស្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រថយន្តត្រូវប៉ូលិសចរាចរយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសំរោងទង រង់ចាំការដោះស្រាយ។ សពត្រូវបានដឹកបញ្ជូនទៅធ្វើបុណ្យនៅភូមិស្រឡាំង ឃុំរលាំងកែន។ ចំណែកនៅម៉ោងជាង១១ព្រឹក ក៏មានគ្រោះថ្នាក់រថយន្តក្រឡាប់ចូលជ្រោះដែរ ធ្វើឱ្យគ្រួសារមន្ត្រីគយស្លាប់៤នាក់។នៅម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៧ មករា ដដែលមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចខាងត្បូងសាលាខេត្តកំពង់ស្ពឺ ចំងាយប្រមាណ២០០ម៉ែត្រ ដោយម៉ូតូហុងដាC125 ជិះគ្នា២នាក់ ប៉ះដៃម៉ូតូធុន C100កូរ៉េ របស់ឈ្មោះឈូក ម៉ន ភេទប្រុស អាយុ៤០ឆ្នាំ បណ្តាលឱ្យដួល។ អ្នកជិះម៉ូតូ C100 កូរ៉េរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ តាមសាក្សីប្រាប់ថា ក្រោយកើតហេតុយុវជន២នាក់ដែលជិះម៉ូតូ C125 បានបើកគេចចេញទៅបាត់ស្រមោល។ ប៉ូលិសនិយាយថា អស់រយៈពេលយូរទើបដឹងហេតុការណ៍ ហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ពេក។ សពត្រូវប្រពន្ធទទួលយកទៅធ្វើបុណ្យនៅភូមិទ្រាំង ឃុំរលាំងគ្រើល ស្រុកសំរោងទង។នៅថ្ងៃទី៨ មករា ២០១០ វេលាម៉ោង១០និង៣០នាទីព្រឹក គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បង្កឡើងដោយរថយន្តកាមរីពណ៌ទឹកប្រាក់ពុំមានស្លាកលេខ បើកបរពីទិសភ្នំពេញទៅស្រែអំបិលក្នុងល្បឿនលឿន លុះដល់ចន្លោះគីឡូម៉ែត្រលេខ៨៣ និង៨៤ វាក់នឹងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម បើកបរដោយឈ្មោះសូត្រ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ក៏បុកបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។រថយន្តកាមរីពណ៌ទឹកប្រាក់បានបើកបន្ថែមល្បឿនទៅទ ិសខាងលិចបាត់។ ជនរងគ្រោះឈ្មោះសូត្រ សំណាង តាមអត្តសញ្ញាណប័ណ្ណបញ្ជាក់ថា រស់នៅរាជធានីភ្នំពេញ មានមុខងារជាអ្នកបកប្រែភាសាចិននៅរោងចក្រកែច្នៃល្ហុងខ្វង ក្នុងឃុំត្រែងត្រយឹង។ មន្ត្រីប៉ូលិសចរាចរស្រុកកំពុងស្វែងរកអ្នកបើកបររថយន្តកាមរីពណ៌ទឹកប្រាក់ដែលបង្កហេតុ នោះ។ សពជនរងគ្រោះក្រោយពីប៉ូលិសយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ត្រូវបងប្អូនទៅទទួលយកក្នុងថ្ងៃដដែលនោះ៕
