ខេត្ត​បាត់​ដំបង​ ៖ កុមារី​អាយុ​៥ឆ្នាំ​ម្នាក់ ដែល​ជា​សិស្ស​មត្តេយ្យ​​សាលា​២ធ្នូ បាន​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​២នៃ​សាលា​នេះ​ ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​​​២០ ឧសភា សង្កាត់​ស្វាយ​​ប៉ោ​ ក្រុង​​បាត់​ដំបង​ ​កាលពី​​វេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃទី​​១៨ ​មករា បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​​ ហើយ​ត្រូវ​គេ​ជួយដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរ​ពេទ្យ​​អង្គការ​ EMERGENCY ។​ កុមារី​​រងគ្រោះ​ត្រូវ​​គេ​ប្រាប់​​ថា ឈ្មោះ​យុន សុភ័ក្ត្រ​ រស់​នៅ​សង្កាត់​ស្លា​កែត ក្រុង​បាត់​ដំបង ។បើ​តាមអ្នក​គ្រូ​ប្រចាំ​​ថ្នាក់​ដែល​មិន​ប្រាប់​ឈ្មោះ​​បាន​និយាយ​ថា ពេល​កើត​មាន​គ្រោះ​ថ្នាក់​​នោះ​កូន​សិស្ស​របស់​គាត់​ទាំងអស់ដល់​ម៉ោង​ចេញ​ទៅផ្ទះ​ហើយ ប៉ុន្តែ​គាត់​មិន​ដឹងថា​ កូន​សិស្ស​ឈ្មោះ​យុន សុភ័ក្ត្រ​​ ឡើង​ទៅ​លើ​អគារ​ជាន់​ទី​២​ទេ លុះ​បន្តិច​​ក្រោយ​មក​​ស្រាប់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​​ថា ​​​នាងធ្លាក់​ពីលើ​អគារ​សាលា​ជាន់ទី២ ​។ អ្នក​គ្រូ​រូបនេះ​បាន​បញ្ជាក់​ថា ​នាងយុន សុភ័ក្ត្រ​ មិនធ្លាប់​ឡើង​ទៅលើ​អគារ​ជាន់ទី២​នោះទេ ប៉ុន្តែ​គាត់​មិន​ដឹង​ថា ព្រឹកនោះ​នាង​​ឡើង​ទៅ​ធ្វើ​អ្វី​ឡើយ​ ​ហើយ​នាង​ឡើង​នៅពេល​ម៉ោង​ចេញទៅ​ផ្ទះ​ទៀត​ ។សាក្សី​​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​និយាយ​ថា គេឃើញ​​ក្មេង​ស្រី​​រូបនេះ​រត់​លេង​តាម​យ៉​​ជាន់ទី២​នៃ​អគារ​ផ្នែក​ខាង​ក្រោយ​ជាមួយ​ក្មេង​ៗ​ជាច្រើន​ទៀត​ ដែល​ជា​សិស្ស​សាលា​ដូចគ្នា​ ។ ខណៈនោះ​ស្រាប់​តែ​ឃើញ​ក្មេង​ស្រី​នេះឡើង​លើ​បង្កាន់​ដៃ​លេង​រួចក៏​របេះ​ដៃ​ធ្លាក់​មក​ដី​លាន់​ដូច​ផ្លែ​ដូ ងជ្រុះ​​​ ហើយ​មនុស្ស​ម្នា​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​ទៅចោម​រោម​​មើល ។ ក្មេង​​ស្រី​រូបនេះរង​​របួស​ជាទម្ងន់​ត្រង់​ក្បាល​ផ្នែក​ខាង​ឆ្វេង​​ និង​សន្លប់​បាត់​ស្មារតី​ហើយ ​ភ្លាមៗនោះ​ត្រូវបានគេ​ដឹក​​ទៅសង្គ្រោះ​​ជាបន្ទាន់​នៅមន្ទីរពេទ្យ​​អង្គការ​ EMER​GENCY ​។​បើ​តាម​អាណាព្យាបាល​នានា​នៃ​សិស្ស​សាលា​មត្តេយ្យ​​២ធ្នូ ​និយាយ​ថា ជា​ទម្លាប់​​ពេល​ដល់​ម៉ោង​ទៅផ្ទះ​ក្រុម​អាណាព្យា​បាល​តែង​​ទៅ​ទទួល​យក​កូន​រៀងៗ​ខ្លួន​ពីអ្នក​គ្រូ​ប្រចាំ ថ្នាក់​​ពួកគេ​ ។ រីឯ​អ្នក​គ្រូ​ទាំង​នោះ​ក៏​មាន​ភារកិច្ច​ថែទាំ​សិស្ស​មត្តេយ្យ​​ទាំងនោះ​ដែរ រហូត​ទាល់​តែ​អាណា​ព្យាបាល​ពួកគេ​​ទៅទទួល​ដល់​សាលា​ដោយ​ផ្ទាល់ ប៉ុន្តែ​ពេល​នេះ​មិន​គួរ​អ្នក​គ្រូ​ដែល​ទទួល​មើល​​ការ​ខុសត្រូវ​ធ្វេស​ប្រហែស​​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នា ក់​បែបនេះ​ឡើយ ។ កោះ​សន្តិភាព​​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពីនាយក​​គ្រប់​គ្រង​សាលា​មត្តេយ្យ​​២ធ្នូ​នេះដែរ ប៉ុន្តែ​មិន​អាច​​ទាក់​ទង​បាន​ ៕