រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ មករា ក្រុមគ្រួសារសាច់ញាតិ បងប្អូន កូន និងម្តាយ ជនជាប់ចោទ៤នាក់ គឺនាង ស៊ីណាត, ចាន់ សុខា, យាន សុធារិទ្ធ និងសុខ ឡាក់ ដែលកំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធជាមួយភរិយាលោកឧកញ៉ាខូវ ជីលី ពីបទបានឃុបឃិតគ្នាប៉ុនប៉ងរំលោភសំលាប់លោកស្រីស៊ុន សុថា ភរិយាលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានជួបជុំគ្នានៅសណ្ឋាគារឡាផារ៉ាន់ដា ក្នុងគោលបំណងតែមួយគត់ គឺចង់បង្ហាញភាពស្មោះត្រង់តាមរយៈសារព័ត៌មាន ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជ្រាប និងជួយអន្តរាគមន៍ដោះលែងជនដែលគ្មានកំហុស ។ស្ថិតក្នុងភាពក្តុកក្តួលបង្ហូរទឹកភ្នែក និងលើកម្រាមដៃដប់ប្រណម្យសុំសម្តេចជួយ គឺ១-អ្នកស្រីប៉ូ សុខ អាយុ៥១ឆ្នាំ ត្រូវជាម្តាយ ជនជាប់ចោទឈ្មោះសុខ ឡាក់, ២-អ្នកស្រីសូ ថន អាយុ៥៥ឆ្នាំ ត្រូវជាម្តាយជនជាប់ចោទឈ្មោះយាន សុធារិទ្ធ, ៣-អ្នកស្រីចាន់ ដារ៉ា អាយុ៣៦ឆ្នាំ ត្រូវជាប្អូនជនជាប់ចោទឈ្មោះចាន់ សុខា, ៤-លោកទួន សារ៉ារត្ន ជាប្អូនថ្លៃ ឈ្មោះចាន់ សុខា, ៥-លោកអ៊ឹម ប៊ុនធឿន ត្រូវជាប្តីជនជាប់ចោទឈ្មោះនាង ស៊ីណាត, ៦-ប្អូនប្រុស ចាន់ អង្គរិទ្ធិ អាយុ១៣ឆ្នាំសិស្សវិទ្យាល័យទួលទំពូង ត្រូវជាកូនឈ្មោះចាន់ សុខា និងសាច់ញាតិមួយចំនួនទៀត ពួកគេបានកាន់លិខិតស្នើសុំអន្តរាគមន៍ទៅសម្តេចតេជោនាយករដ្ឋមន្ត្រីមកបង្ហាញជូនអ្នកសារ ព័ត៌មានដើម្បីជួយផ្សព្វផ្សាយដល់សម្តេចបានជ្រាប និងមហាជនឱ្យកាន់តែយល់ ។ពាក្យស្នើសុំអន្តរាគមន៍នេះបានដាក់ចូលទៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ មករា ប៉ុន្តែលទ្ធផលនៅមិនទាន់បានឆ្លើយតបមកវិញទេ ។ លិខិតនេះបានគោរពចូលមកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសំណើសុំសម្តេចមេត្តាជួយអន្តរាគមន៍លើសំណុំរឿង ព្រហ្មទណ្ឌលេខ១៣៦១ ចុះថ្ងៃទី២២ មិថុនា ២០១០ ដើម្បីឱ្យជនជាប់ចោទ៤នាក់ រួចផុតពីការចោទប្រកាន់ និងមានសេរីភាពឡើងវិញ ។ យោងសំណុំរឿង១៣៦១ ចុះថ្ងៃទី២២ មិថុនា ២០១០ លិខិតសរសេរដោយដៃផ្ទាល់របស់ជនត្រូវចោទឈ្មោះនាង ស៊ីណាត នៅថ្ងៃទី៣ វិច្ឆិកា លិខិតរបស់ជនត្រូវចោទឈ្មោះចាន់ សុខា ថ្ងៃទី២០ សីហា ពួកគេទាំងអស់គ្នាជាម្តាយ ប្រពន្ធ កូន ប្តី និងបងប្រុស បងស្រីរបស់ជនត្រូវចោទទាំង៤នាក់ សូមជំរាបជូនសម្តេចជ្រាបថា នៅថ្ងៃទី១៩ មិថុនា ២០១០ កូន ប្តី ប្រពន្ធ បងស្រី យើងខ្ញុំត្រូវបានប៉ូលិសក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនដោយចោទប្រកាន់ថា ប៉ុនប៉ងរំលោភ និងសំលាប់ភរិយាលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី គឺលោកស្រី ស៊ុន សុថា ។ ប៉ុន្តែការពិត ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ហើយដំណើររឿងពិតនោះដូចមានលិខិតរបស់ជនជាប់ចោទឈ្មោះចាន់ សុខា និងនាង ស៊ីណាត រៀបរាប់ជូនភ្ជាប់ជាមួយនោះដែរ ដែលបានបញ្ជាក់ពីភាពពិតប្រាកដ និងចេញពីឆន្ទៈស្មោះត្រង់របស់ពួកគេ ។ចំពោះរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកមកបើកសវនាការ២លើករួចមកហើយដែរ ហើយនៅថ្ងៃទី១៨ មករា នឹងធ្វើឡើងជាលើកទី៣ទៀត ។ ក្នុងលិខិតបានសរសេរថា សម្តេចជាទីគោរព រឿងក្តីនេះ យើងខ្ញុំជាសាច់ញាតិក៏ដូចជាជនជាប់ចោទស្ថិតក្នុងពន្ធនាគារទាំង៤នាក់ មានការព្រួយបារម្ភយ៉ាងខ្លាំងពីការចោទប្រកាន់ និងឃុំខ្លួនដោយគ្មានទោសកំហុសអស់រយៈពេលជិត៧ខែមកហើយ ។ ពេលនេះមានតែសម្តេចទេ ដែលជាម្លប់ដ៏ត្រជាក់សំរាប់ប្រជាពលរដ្ឋជួយអន្តរាគមន៍ដើម្បីផ្តល់ភាពយុត្តិធម៌ដល់យើងខ្ញ ុំទាំងអស់គ្នា ដែលជាជនក្រីក្រ និងស្លូតត្រង់រស់នៅក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេច ។ ថ្វីដ្បិតតែលិខិតស្នើសុំអន្តរាគមន៍នេះបានដាក់ចូលទៅទីស្តីការគណៈរដ្ឋមន្ត្រីរួច ហើយ ប៉ុន្តែដោយសារការចង់បានមកវិញនូវភាពយុត្តិធម៌សំរាប់ក្រុមគ្រួសារដែលកំពុងជាប់ឃុំឃាំង ក្នុងពន្ធនាគារ ពួកគេបានមូលមតិគ្នាស្វែងរកទំព័រសារព័ត៌មានដើម្បីទំលាយរឿងនេះ ។ដោយដិតដាមទៅដោយទឹកភ្នែកហូរជោកថ្ពាល់រយៈពេលជាង១ម៉ោងនៅចំពោះមុខអ្នកសារព័ត៌មាន អ្នកស្រីចាន់ ដារ៉ា ក៏ដូចជាម្តាយ ប្តី និងបងប្អូនទាំងអស់ បានលើកម្រាមដៃដប់ប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកឱ្យជួយផ្តល់ភាពយុត្តិធ ម៌ ហើយពួកគេក៏បានលើកដៃជាសម្បថជំនួសឱ្យជនដែលត្រូវចោទថា ពួកគេពិតជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ មករា សវនាការរឿងក្តីភរិយាលោកឧកញ៉ា ខូវ ជីលី ដែលត្រូវកូនបង្កើតលោកឧកញ៉ាប្តឹងចោទប្រកាន់ពីបទប៉ុនប៉ងធ្វើមនុស្សឃាតត្រូវលើកយកមកប ើកសវនាការបន្តដែលនេះជាសវនាការលើកទី៣ ។ ឯចំពោះការផ្តន្ទាទោស ឬយ៉ាងណានោះត្រូវរង់ចាំមើលលទ្ធផលក្រោយពេលសវនាការបានបញ្ចប់ ៕

