រាជធានីភ្នំពេញ ៖ មិនមែនជារឿងទី១ទេ ដែលអ្នកទៅកំសាន្ត និងហូបចុកនៅរមណីយដ្ឋានកៀនស្វាយមានប្រតិកម្មជុំវិញការ «កោរមិនដាក់ទឹក» ពីសំណាក់អ្នកលក់តាមរោងលំហែកាយនានា ។ លើកនេះកោះសន្តិភាពបានទទួលលិខិតពីអ្នកអានដែលបានផ្ញើមកជុំវិញការ «កាប់ស៊ី» គួរឱ្យថ្កោលទោសបំផុតចំពោះអ្នកលក់ទាំងនោះ ។ ដោយមិនធ្វើអត្ថាធិប្បាយបន្ថែមកោះសន្តិភាព សូមចុះផ្សាយលិខិតអ្នកអានខាងក្រោមសំរាប់ឱ្យអាជ្ញាធរ មន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការកុំឱ្យហេតុការណ៍អសកម្មទាំងនេះក ើតឡើងជាថ្មីទៀត ហើយក៏ដើម្បីកុំឱ្យមានការប៉ះពាល់ដល់កេរិ៍្តឈ្មោះរម ណីយដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ដែលកំពុងប្រកបរបររកស៊ីដោយសុចរិតនៅតំបន់នោះដែរ ។ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ សូមគោរពជូនលោកអគ្គនាយកកោះសន្តិភាពសំណូមពរចុះផ្សាយនូវអត្ថបទរបស់ខ្ញុំបាទមួយមានចំណងជើង ថា «រមណីយដ្ឋានកៀនស្វាយ»ព្រះរាជាណាចក្រកម្ពុជាកំពុងអភិវឌ្ឍន៍ ពិសេសវិស័យទេសចរណ៍ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់នៅតាមរមណីយដ្ឋាន ។ រមណីយដ្ឋានកៀនស្វាយជាតំបន់ស្ថិតនៅខណ្ឌមានជ័យ ដូចនេះសូមលោកអភិបាលខណ្ឌនិងប៉ូលិសទេសចរណ៍ជ្រាបជាព័ត៌មាន និងផ្តល់យុត្តិធម៌ដល់ខ្ញុំ និងអ្នកគ្រប់គ្នាផង ។ បើនិយាយអំពីរមណីយដ្ឋានកៀនស្វាយអស់លោកស្គាល់ស្ទើរគ្រប់គ្នា ប៉ុន្តែបើនិយាយពីភាពខិលខូចប្រហែលជាអ្នកខ្លះជួប និងអ្នកខ្លះមិនទាន់ជួបនៅឡើយ វាមានចំងាយប្រហែល១២គីឡូម៉ែត្រពីផ្សារច្បារអំពៅ ។ លិខិតនេះខ្ញុំបាទសូមរៀបរាប់អំពីអំពើកេងប្រវ័ញ្ចរបស់អ្នកលក់មួយកន្លែងដែលមានទីតាំងនៅផ ្លូវឆ្លងស្ពានកោះ ប្រាក់បត់ស្តាំ តូបលេខ២ ។ខ្ញុំបាទនិងមិត្តភក្តិម្នាក់ទៀតបានទៅដល់នៅរសៀលម៉ោង២ និង៣០នាទីថ្ងៃទី៨ មករា ឆ្នាំ២០១១ ពេលទៅដល់មានស្ត្រីចំណាស់ម្នាក់ហៅខ្ញុំថា បើឆ្លងស្ពាន ថ្លៃតូបតែ៣០០០រៀលតែប៉ុណ្ណោះ ហើយទាក់ទាញខ្ញុំទៅ ។ ដោយខ្ញុំមានអារម្មណ៍ថា ហេតុអ្វីក៏គាត់ចេះតែទាក់ទាញខ្ញុំម្ល៉េះ ប៉ុន្តែខ្ញុំគិតថា ប្រហែលជាការប្រជែងអាជីវកម្ម ។ ទៅដល់តូប ខ្ញុំបាទ និងមិត្តខ្ញុំបានអង្គុយធម្មតា (ខ្ញុំទៅមានគ្នា២នាក់) ។ គាត់សួរថា ញ៉ាំអី? ខ្ញុំក៏សួរមាន់ដុតមួយប៉ុន្មាន? គាត់ឆ្លើយថា «៤០០០០រៀល» ។ អូខេ ខ្ញុំយកមាន់មួយ ។ អ្នកលក់បន្ថែមថា យកបាយអត់? ខ្ញុំថាយក ។ បានហើយខ្ញុំយកប៉ុណ្ណេះបានហើយ ព្រោះខ្ញុំបានទិញអីញ៉ាំមកខ្លះដែរ ហើយខ្ញុំកុម៉្មង់យកស្រាបៀរអា បេ សេ ។ពេលនោះគាត់ថា យកអី ក្លែមបន្តិចទេ ខ្ញុំថា អូខេ យកបន្តិចមកអ៊ីចឹង ។ ចាំប្រហែល៣០នាទី គាត់យកសាច់គោងៀតមួយចាន ជ្រក់មួយចាន និងយីហ៊ឺមួយចាន ខ្ញុំក៏សួរថា យកមកច្រើនម្ល៉េះ? ហើយគិតលុយអត់? ខ្ញុំមិនកុម្ម៉ង់ដូចនេះទេ? យីហ៊ឺមួយចាន់ប៉ុន្មាន? អ្នកលើកមកនិយាយថា ខ្ញុំមិនដឹងតំលៃទេ ។ ខ្ញុំប្រាប់ថា យកទៅវិញទៅ បើមិនដឹងតំលៃនោះ ។ គេថា មិនអាចលើកទៅវិញបានទេ អាំងរួចហើយ ។ ខ្ញុំបានប្រាប់ថា ខ្ញុំមិនហូបជាដាច់ខាត ព្រោះខ្ញុំមិនកុម្ម៉ង់ដូចនេះទេ ហើយឱ្យម្ចាស់តូបមកជួបខ្ញុំផង ព្រោះខ្ញុំចង់ដឹងតំលៃ? មិនឃើញនរណាមកសោះ? ១០នាទីក្រោយមក មានអ្នកលើកមាន់មកឱ្យ ។ ខ្ញុំបានប្រាប់ថា ខ្ញុំញ៉ាំតែមាន់ទេ ឯរបស់ផ្សេងខ្ញុំមិនញ៉ាំទេ ។ គេក៏ដើរចេញមិនរវល់ ហើយខ្ញុំស្រែកផ្តាំថា មកគិតលុយឱ្យហើយទៅ ព្រោះខ្ញុំមានអារម្មណ៍ថា អ្នកលក់កំពុងប្រើល្បិចអ្វីមួយដាក់ខ្ញុំហើយ ។៥នាទីក្រោយមកមានបុរសម្នាក់មកសួរថា គិតលុយឬ? ខ្ញុំថា បាទ តែខ្ញុំនៅសួរថា របស់នេះថ្លៃប៉ុន្មាន (សាច់គោ និងយីហ៊ឺជ្រក់) គេថា គេមិនដឹងទេ ហើយឱ្យខ្ញុំទៅគិតលុយនៅឯផ្ទះវិញ ។ ខ្ញុំក៏ថាមិនអីទេ ចាំខ្ញុំទៅក៏បាន ។ ពេលខ្ញុំមកគិតលុយព្រះអើយ គ្រែ៣០០០រៀលមែន ប៉ុន្តែស្រាបៀរអា បេ សេ ១កំប៉ុង៨.០០០រៀល ទឹកកក១ធុង៩.០០០រៀល (ប្រហែលជិត១គីឡូ) មាន់មួយ៤០.០០០រៀល ។ ប៉ុន្តែសាច់គោ១ចាន ៧៥០០០រៀល យីហ៊ឺ១ចាន ៧៥.០០០រៀល ។ បាយ១ឆ្នាំង១៥០០០រៀល សរុប២២៥.០០០រៀល ។ ព្រះអើយ ខ្ញុំបើកភ្នែកប៉ុនពងមាន់ (កាប់ស៊ីងៀតគោមួយចាន និងយីហ៊ឺមួយចាន១៥ម៉ឺនរៀល ស្មើនឹង៣៧,៥ដុល្លារ នេះចំជាកាប់ភ្ញៀវស៊ីមែន ។ អ្វីជាកលល្បិចនៅទីនេះ? មានល្បិចជាប្រព័ន្ធ? គេសួរខ្ញុំថា ដាក់ក្លែមបន្តិចអត់? ពេលសួរថា តំលៃប៉ុន្មាន អត់ប្រាប់ទេ ថាអត់ដឹង ។ ហើយសាច់២ចានសោះតំលៃ១៥ម៉ឺនរៀល ម្ហូបមកពីឋានសួគ៌ឬ? ចំណុចនេះសួរថា តើកេងប្រវ័ញ្ចភ្ញៀវទេសចរអត់? ខុសច្បាប់ទេសចរណ៍ដូចចោរចាប់ជំរិត ឬអត់? មិនបាច់ទេ ខ្ញុំមានភស្តុតាងគ្រប់គ្រាន់ រង់ចាំសហការជាមួយសមត្ថកិច្ច ។ខ្ញុំចង់ប្តឹងតែមិនដឹងថា ត្រូវចាប់ផ្តើមពីចំណុចណាដើម្បីប្តឹងនោះទេ ។ ខ្ញុំបានប្តឹងទៅ ប៉ូលិសក្នុងតំបន់រួចរាល់ហើយ ។ ប៉ុន្តែចង់ឱ្យអ្នកល្មើសទទួលទោសច្បាប់ទេសចរណ៍ ។ ចំណែកម្ហូប២ចាន១៥ម៉ឺនរៀលនេះ ខ្ញុំមិនទាន់ញុាំទេសូម្បីតែបន្តិច កំពុងរក្សាទុក រួមនឹងវិក្កយបត្រគិតលុយអាចទុកជាភស្តុតាងបាន ។ជាចុងក្រោយ ខ្ញុំបាទសូមសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរដែនដី នគរបាលទេសចរណ៍ ជួយយកជនល្មើសពិន័យទៅតាមច្បាប់ ទេសចរណ៍ និងបិទចោលប្រភេទអាជីវកម្មបោកប្រាស់កេងប្រវ័ញ្ចកាប់ស៊ីប្រភេទនេះ ។ តើលោកអ្នកចង់ឱ្យជនខិលខូចមួយចំនួនតូចនេះកេងប្រវ័ញ្ចប្រជាជនយើងតទៅទៀតទេ? ឯណាទៅពាក្យរមណីយដ្ឋានស្អាត សេវាល្អ? ឯណាទៅច្បាប់ទេសចរណ៍ កម្ពុជា?
