ខេត្តកណ្តាល ៖ បុរសប្រមឹកម្នាក់នៅពេលស្រវឹងម្តងៗតែងតែវាយធ្វើបាបប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយត្រូវប្រពន្ធសុំលែងទើបតែបានមួយខែក៏មករករឿងប្រពន្ធទាំងកណ្តាលអធ្រាត្រ និងយកចបកាប់វាយទ្វារផ្ទះបណ្តាលឱ្យខូចខាត ហើយត្រូវប៉ូលិសស្រុកកណ្តាលស្ទឹងមកចាប់ឃាត់ខ្លួនតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៥ មករា នៅចំណុចផ្ទះអតីតស្ត្រីជាប្រពន្ធឈ្មោះយឿន ចិន្តា ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ។បុរសប្រមឹកដែលត្រូវប៉ូលិសឃាត់ខ្លួនឈ្មោះចិន ធី អាយុ៤៥ឆ្នាំ ជាកសិករ ចំណែកអតីតប្រពន្ធឈ្មោះយឿន ចិន្តា អាយុ៣៥ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ។ មន្ត្រីប៉ូលិសបានឱ្យដឹងថា ប្រហែលមួយខែមុនឈ្មោះយឿន ចិន្តា និងឈ្មោះចិន ធី បានលែងលះគ្នានៅត្រឹមភូមិ ពេលនោះឈ្មោះចិន ធី បានទៅរស់នៅជាមួយកូនស្រីឈ្មោះស៊ឹម ស្រីនី នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកប្រពន្ធ ព្រមទាំងកូនៗទាំង៧នាក់ទៀតរស់នៅផ្ទះកើតហេតុខាងលើជាធម្មតា ។ លុះដល់ថ្ងៃទី១៥ មករា មុនពេលបង្កហេតុជាមួយអតីតប្រពន្ធ បុរសឈ្មោះចិន ធី បានទៅជួយលីសែងស៊ីម៉ង់ត៍ និងលើកឥដ្ឋប្រហោងឱ្យគេធ្វើផ្ទះ ។ បន្ទាប់មកក៏មានការផឹកស្រាថ្នាំរហូតដល់ម៉ោង៨យប់អស់ស្រាមួយលីត្រកន្លះក៏បានដើរច េញពីភូមិសេរីសម្បត្តិ ទៅផ្ទះអតីតប្រពន្ធនៅភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ។នៅវេលាម៉ោង១១និង៥០នាទីយប់ ឈ្មោះចិន ធី បានទៅដល់ផ្ទះអតីតប្រពន្ធ ក្នុងពេលស្រ្តីជាប្រពន្ធ ព្រមទាំងកូនៗបានលង់លក់ក្នុងដំណេកអស់ទៅហើយ ។ ខណៈនោះចិន ធី បានយកចបកាប់វាយទ្វារនៅខាងក្រោមផ្ទះ បណ្តាលឱ្យបែកបាក់ខ្ទេចហើយស្រែកទាមទារយកក្រដាសពីប្រពន្ធដែលបានលែងគ្នាកាលពីខែ មុន ទើបអតីតប្រពន្ធប្តឹងប៉ូលិសឱ្យឃាត់ខ្លួនតែម្តង ។ ស្ត្រីឈ្មោះយឿន ចិន្តា បានឱ្យដឹងថា កន្លងមក ឈ្មោះចិន ធី នៅពេលផឹកស្រាស្រវឹងម្តងៗតែងតែវាយធ្វើបាបខ្លួនឱ្យរងរបួសជាច្រើនលើកមកហើយ មិនតែប៉ុណ្ណោះបានវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទីអស់គ្មានសល់ ។ ដោយសារទ្រាំនឹងទង្វើវាយដំ និងការបំផ្លាញទ្រព្យសម្បត្តិពីសំណាក់ប្តីប្រមឹកលែងបាន ទើបខ្លួនសុំលែងលះគ្នាដែលការលែងលះនេះមានរយៈពេលប្រមាណមួយខែមកហើយ ៕
