ខេត្ត​កំពង់ឆ្នាំង ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​​ និងម្នាក់​ទៀត​រងរបួស​យ៉ាង​​ធ្ងន់​ធ្ងរ ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​​កាលពីវេលាម៉ោង​៥ និង២៥​នាទី​​ល្ងាច​​ថ្ងៃទី៧​មករា នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ជ្រៃ​បាក់ ឃុំជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ​ដែល​កើត​​ឡើង​ដោយ​ម៉ូតូ​ដួលចូល​ក្រោម​រថ​យន្ត​ដឹកស្រូវ ។ ​មន្ត្រី​ប៉ូលិស​ចរា​ចរខេត្ត​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​​ដែលស្លាប់ឈ្មោះ​សុក វណ្ណា ហៅ​ព្រុញ អាយុ​​២៥ឆ្នាំ ចំណែក​អ្នករបួស​ធ្ងន់​ឈ្មោះ​ហង្ស ​រ័តមុនី អាយុ​២៤​ឆ្នាំ ។ យុវ​ជន​ទាំង​២នាក់ ​មាន​ទី​លំនៅ​ក្នុងភូមិ​ជ្រៃ​បាក់​ ជិត​កន្លែងកើ​ត​ហេតុ ហើយ​ពួកគេ​ជិះ​ម៉ូតូម៉ាក​ស្មាស់ ពណ៌​ស ពាក់​ស្លាក​​លេខ​កំពង់​ឆ្នាំង 1A 3199 បើក​បរ​ក្នុង​ទិស​ដៅ​ពីជើង​​ទៅត្បូង ។លោកអៀរ ប៊ុន​ធឿន ​នាយ​ការិយា​ល័យ​ប៉ូលិស​​​ចរា​ចរ​ផ្លូវគោក​បានឱ្យ​ដឹង​ថា រថ​យន្ត​ដឹកស្រូវ​​មកពីខេត្ត​​ពោធិ៍សាត់ ដើម្បី​យក​ទៅ​ដាក់​នៅ​ស្រុកកំពង់​ត្រឡាច លុះ​​មក​ដល់​​ចន្លោះគីឡូ​ម៉ែត្រ​លេខ​៨៥ និង​លេខ​៨៦ ​ក៏​ស្រាប់​តែ​ម៉ូតូ​ដែលជិះ២​នាក់​ខាងលើ​បើក​ក្នុងល្បឿន​លឿន ដើម្បីវ៉ា​ ប៉ុន្តែ​ពេល​កំពុង​វ៉ា​ក៏​ជួបឧបសគ្គ​ដោយ​មាន​រថយន្ត​២-៣គ្រឿង​​​មកបញ្ច្រាសទិស​គ្នា ​។ ​ពេលនោះ​អ្នកជិះម៉ូតូ​​ជាន់ហ្វ្រាំង​ ក៏​ដួល​បោក​ចូល​ក្រោម​រថយន្ត​បណ្តាល​ឱ្យស្លាប់​ម្នាក់​នៅនឹង​កន្លែង​ និងម្នាក់​ទៀត​របួស​ធ្ងន់​ ចំណែក​ម៉ូតូ​ត្រូវ​​​រថ​យន្ត​​​ជាន់ខ្ទេច​ទាំងស្រុង​តែ​ម្តង ។សព​ជន​រង​គ្រោះ​​​ត្រូវ​បានដឹកយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​អ្នករបួស​ដឹកទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេ ទ្យ ។​ ដោយឡែក​រថយន្ត​ និង​ម៉ូតូ​ ត្រូវ​បាន​រក្សា​ទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរផ្លូវ​គោក ដើម្បី​​រង់ចាំ​ការ​ដោះ​ស្រាយ​តាមនីតិវិធី ។ ​លោក​នាយ​ការិយា​ល័យ​​រំលឹកថា អ្នក​ដែល​ស្លាប់​​ក្នុងហេតុការណ៍នេះ​កន្លងមក ធ្លាប់​ជិះ​​ម៉ូតូ​​បុក​តា​យាយ​បាក់​ជើង​ទាំងពីរនាក់ ​ដែលកា​សែត​​កោះសន្តិភាព​ធ្លាប់បានចុះ​ផ្សាយរួច​មកហើយ ហើយ​ក៏​មាន​សប្បុ​រស​ជន​អាណិត​ជួយ​ដល់តា​យាយ​​ផង​ដែរ ៕