រាជធានីភ្នំពេញ ៖ ក្រុមគ្រួសារជនជាតិសៀម៧នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃ.ស ត្រូវបានអនុញ្ញាតឱ្យចូលទៅសាកសួរសុខទុក្ខសាច់ញាតិរបស់ខ្លួនជាលើកទី២ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ មករា ២០១១ ដោយពួកគេមានគ្នា៩នាក់ ក្នុងនោះស្រី៣នាក់ ហើយបូករួមទាំងមន្ត្រីស្ថានទូតថៃប្រចាំនៅកម្ពុជាផង គឺសរុបជាង១០នាក់ ប៉ុន្តែលើកនេះមិនមានមេធាវីចូលរួមទេ ។ពួកគេធ្វើដំណើរតាមរថយន្តស្ថានទូតចំនួន៣គ្រឿង មានម៉ាកមែរសឺដេស ពណ៌ខ្មៅ ម៉ាកឡង់គ្រីស្ស័រ ពណ៌ខ្មៅ និងរថយន្តម៉ាកតូយ៉ូតា HIACE ប្រភេទទេសចរណ៍១២កៅអី ពណ៌ទឹកប្រាក់ បានចូលទៅខាងក្នុងរបងពន្ធនាគារបាត់ បន្សល់ទុកពួកអ្នកកាសែតជាច្រើននាក់ រង់ចាំយកព័ត៌មាននៅខាងក្រៅ និងចង់ដឹងអំពីលទ្ធផលនៃជោគវាសនារបស់ពួកសៀមទាំង៧នាក់នោះ... រហូតជិត២ម៉ោងទើបចេញមកវិញ ហើយរថយន្តដឹកក្រុមគ្រួសារជនជាតិសៀមទាំងនោះចេញមុនផុត ទើបរថយន្តស្ថានទូតចេញតាមក្រោយ ។ជាមួយការសួរសុខទុក្ខនេះផងដែរ មន្ត្រី តុលាការកម្ពុជានិយាយថា ជនជាប់ចោទ២នាក់ក្នុងចំណោមជនជាប់ចោទសៀម៧នាក់ កំពុងប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត គឺជនជាប់ចោទឈ្មោះវីរៈ ស៊ុមខ្វាមឃីត ជាមេដឹកនាំបណ្តាញអ្នកស្នេហាជាតិថៃ ឬក្រុមអាវលឿង និងជនជាប់ចោទឈ្មោះ Ratree Taiboon ដែលគេដឹងថា ជាលេខារបស់លោកវីរៈត្រូវចោទប្រកាន់បន្ថែមទៀត ពីបទប៉ុនប៉ងប្រមូលព័ត៌មានធ្វើឱ្យប៉ះពាល់សន្តិសុខជាតិរបស់កម្ពុជា អាចជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ប្រសិនបើពួកគេត្រូវបានរកឃើញថា មានទោសកំហុស ។នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា ថ្លែងថា ពលរដ្ឋថៃទាំង៧នាក់នោះពុំមានចេតនាបង្កបញ្ហាដល់កម្ពុជានោះទេ ហើយពេលនេះលោកកំពុងស្វះស្វែងសុំឱ្យកម្ពុជាដោះលែងដោយការបង់ប្រាក់ធានា ។ ប៉ុន្តែសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១០ ធ្នូ ថា ពុំមានអ្នកណាអាចធ្វើអន្តរាគមន៍ក្នុងករណីនេះបានទេ ដោយករណីនេះស្ថិតក្រោមសិទ្ធិសំរេចរបស់តុលាការកម្ពុជា ។ ការឆ្លងចូលទឹកដីកម្ពុជាដោយចេតនា ឬអចេតនាក៏ដោយ មិនមែនជនជាតិថៃទាំង៧នាក់នោះមិនដឹងថា ខ្សែបន្ទាត់ព្រំដែននៅត្រង់ណានោះទេ ព្រោះថា មានបង្គោលសីមាលេខ៤៦ និង៤៧ បង្ហាញយ៉ាងជ្រងរៗ ហេតុអ្វីពួកគេមិនប្រុងប្រយ័ត្ន? នេះគឺមកពីពួកគេប្រព្រឹត្តទាំងបំពានមកលើទឹកដីកម្ពុជាយ៉ាងគឃ្លើនតែម្តង ។គេបានកត់សំគាល់ថា នៅចំពោះមុខសមត្ថកិច្ចសួរចម្លើយ ជនជាតិសៀមទាំង៧នាក់នេះបង្ហាញនូវអាកប្បកិរិយាមួយ ដែលខ្មែរយើងហៅថា «ឈ្លើយណាស់» និយាយស្តីគ្មានការគួរសមក្នុងនាមជាមនុស្ស មានសុជីវធម៌សោះ ។ ដំណើរការនាំខ្លួនជនជាប់ចោទជនជាតិសៀមទាំង៧នាក់នេះ ក៏មានការតាមដានយ៉ាងដិតដល់ពីឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជាផងដែរ ។ ភាពខុសប្លែកគ្នារវាងចំណាត់ការរបស់តុលាការថៃ និងកម្ពុជាត្រូវបានគេមើលឃើញថា ជនជាប់ចោទកម្ពុជា ដែលតុលាការថៃហៅមកសាកសួរ ឬបើកសវនាការគឺសុទ្ធតែដាក់ខ្នោះដៃ និងច្រវាក់ជើង...ចំណែកជនជាប់ចោទថៃវិញ ពេលតុលាការកម្ពុជាហៅមកសាកសួរ ឬបើកសវនាការ គឺដើរបង់បោយឱ្យរំភើយ គ្មានដាក់ខ្នោះច្រវាក់អ្វីទេ... ដូចយើងឃើញរូបភាពនេះជាក់ស្តែងហើយ ។សូមបញ្ជាក់ថា ក្រុមជ្រុលនិយមអាវលឿង សៀម៧នាក់នេះមានស្រី២ ប្រុស៥ ត្រូវបានកំលាំងការពារព្រំដែនជួរមុខចាប់ឃាត់ខ្លួន ខណៈពួកគេចូលលុកលុយក្នុងទឹកដីកម្ពុជាដោយខុសច្បាប់កាលពីវេលាម៉ោង១០និង៣០នាទ ីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕

