ភ្លៀងធំ បណ្ដាលអោយផ្នែកមួយនឹងបេតិកភ័ណ្ឌដែលមានអាយុកាលជាង ២,០០០ឆ្នាំ ស្ថិតនៅក្នុងក្រុង Zhangjiakou ខេត្ត Hebei ប្រទេសចិន បានបាក់ ស្រុត។

មន្ដ្រីជាច្រើនរបស់ចិន បាននិយាយថា មុននេះ កម្មករសំណង់បានជីករណ្ដៅធំមួយនៅក្បែរកំពែងត្រង់ចំណុចឆ្លងកាត់ក្រុង Zhangjiakou ខេត្ត Hebei ធ្វើអោយប៉ះពាល់ដល់គ្រឹះរបស់កំពែង។ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ក៏បណ្ដាលអោយបាក់រលំ ជាង ៣០ម៉ែត្រ។ បច្ចុប្បន្ន មន្ដ្រីមានសមត្ថកិច្ចចិន កំពុងធ្វើការស្រាវជ្រាវលើបញ្ហានេះ។ 
គួរំលឹកថា កំពែងចិន(The Great Wall) ត្រូវបានអង្គការអប់រំ វិទ្យាសាស្ដ្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក កាលពីឆ្នាំ ១៩៨៧។

រហូតមកដល់ពេលនេះ មិនទាន់មានអ្នកណាអាចដឹងច្បាស់ថា កំពែងចិន(
The Great Wall) មានប្រវែងប៉ុន្មាននោះទេ។ អ្នកស្រាវជ្រាវមួយចំនួន និយាយថា កំពែងចិន(
The Great Wall) មានប្រវែងប្រហែល ៨,០០០គីឡូម៉ែត្រ ខណៈដែល អ្នកជំនាញការផ្សេងទៀត និយាយថា មានប្រវែងរហូតដល់ ២៣,០០០ គីឡូម៉ែត្រ៕