រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យព្រឺក្បាល ដោយរថយន្តប្រភេទ FUSO មួយគ្រឿងបានកិនបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែអ្នកបើកបរស្រវឹងស្រាជោកជាំ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី១១ មករា នៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។ ជនរងគ្រោះដែលត្រូវរថយន្ត FUSO កិនស្លាប់នេះឈ្មោះលឹម សុខម៉េង ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ចំណែកឯអ្នកបើកបររថយន្តកិនជនរងគ្រោះត្រូវប៉ូលិសឃាត់ខ្លួនឈ្មោះជីវ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរកា ឃុំរកា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌសែនសុខ ដែលបានចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយរថយន្ត FUSO បើកបរដោយឈ្មោះជីវ ពៅ បានបោះពួយពីជើងទៅត្បូងតាមផ្លូវជាតិលេខ៥ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើបានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ 1AQ-2295 ដែលបើកដោយជនរងគ្រោះលឹម សុខម៉េង ក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង បណ្តាលឱ្យកង់រថយន្តកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងយ៉ាងអាណោចអាធ ័មជាទីបំផុត រីឯម៉ូតូត្រូវខូចខាតយ៉ាងដំណំផងដែរ ។ ភ្លាមនោះកំលាំងប៉ូលិសបានឃាត់អ្នកបើកបរ និងរថយន្តមកកាន់អធិការដ្ឋានខណ្ឌដើម្បីរង់ចាំធ្វើការដោះស្រាយ ៕
