ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់រួមនឹងម៉ូតូកញ្ចាស់មួយគ្រឿងម៉ាកវ៉េវ គ្មានស្លាកលេខជាវត្ថុតាង កាលពីថ្ងៃទី២ មករា ២០១១ ពីបទទិញផលចោរកម្ម ។ ការឃាត់ខ្លួននេះគឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ ខណៈពេលដើរមើលគេលេងរាំវង់ពេលយប់ក៏ប្រទះឃើញម៉ូតូរបស់ខ្លួនត្រូវគេជិះ ។ យុវជនដែលឃាត់ខ្លួនត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថា ឈ្មោះពឿន សំបូរ អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ជាកម្មករដាំដើមឈើរបស់ក្រុមហ៊ុនចិន ។យុវជនឈ្មោះពឿន សំបូរ បានសារភាពថា ម៉ូតូនេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះធ្វើកម្មករក្រុមហ៊ុនចិនដែរតែនៅការដ្ឋានខុសគ្ នា ។ ខ្លួនពុំស្គាល់បុរសនោះទេ ប៉ុន្តែគេប្រាប់ថាផ្ទះនៅឃុំព្រងិល ។ កាលពីថ្ងៃទី២៣ ធ្នូ ២០១០ បុរសនោះមានគ្នា៣នាក់ បានទៅផឹកស្រានៅការដ្ឋានចិនឃុំព្រងិល ដោយពួកគេផឹកស្រាបៀរអស់ប្រហែល២កេស លុះពេលគិតលុយខ្វះលុយឱ្យគេក៏លក់ម៉ូតូមកឱ្យខ្លួនក្នុងតម្លៃ៣៥០.០០០រៀល ។ ដោយគ្មានម៉ូតូជិះខ្លួនបានលក់ទូរស័ព្ទនិងប្រមូលប្រាក់ខែដែលសន្សំបានទិញយកតែម្តង ។ម៉ូតូនេះខ្លួនបានជិះរាល់ថ្ងៃ លុះថ្ងៃទី២ មករា ខណៈពេលជិះទៅមើលគេរាំវង់ក្នុងពិធីមង្គលការកូនអ្នកស្រុកនៅភូមិស្បូវរីក ស្រាប់តែម្ចាស់គេឃើញក៏ប្តឹងប៉ូលិសនាពេលនោះតែម្តង ។ យុវជនឈ្មោះពឿន សំបូរ បាននិយាយទៀតថា ខ្លួនគេពិតជាមិនស្គាល់ម្ចាស់ម៉ូតូដែលយកមកលក់នោះទេ ហើយម៉ូតូកញ្ចាស់នេះគឺទិញដោយថវិកាញើសឈាមខ្លួនឯងសុទ្ធសាធមិនបានលួចគេទេ ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌកំរិតស្រាលឱ្យដឹងថា ការឃាត់ខ្លួននេះគឺតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូពីបទទិញផលចោរកម្ម ប៉ុន្តែយើងមិនទាន់បញ្ជូនទៅឃុំខ្លួនភ្លាមទេ គឺកំពុងស៊ើបសួរសិន ៕
