រាជធានីភ្នំពេញ ៖ សន្តិ​សុខ​ឯក​ជន​២នាក់​​​ត្រូវ​ប៉ូលិស​ចាប់​​ឃុំ​​ខ្លួននៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ​ដោយ​សារ​តែ​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ធ្វើឱ្យ​មនុស្ស​​ពីរ​នាក់​រង​របួស​ធ្ងន់​ និង​ម្នាក់​ទៀត​របួស​ស្រាល ចំណែក​រថ​យន្ត​ទំនើប​​មួយគ្រឿង​​រង​ការ​ខូច​ខាត​​យ៉ាង​ដំណំ ។ ករណី​នេះកើត​ឡើង​​នៅ​វេលា​ម៉ោង​១០យប់ថ្ងៃទី១២ មករា នៅ​មុខ​ហាង​ពីរ៉ា​មីតក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ សន្តិ​សុខ​​២​នាក់នោះ ១-​ឈ្មោះ​មាស សុវណ្ណ ភេទប្រុស អាយុ​២៨​ឆ្នាំ មាននាទី​យាមម៉ូតូ​-រថ​យន្ត​​នៅ​​​ហាង​ពីរ៉ាមីត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​២-ឈ្មោះ​ជីម រាម ភេទប្រុស ​អាយុ​​២៥ឆ្នាំ ជាសន្តិសុ​ខឯក​ជន នៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ។រី​ឯ​អ្នក​រងរបួស​ធ្ងន់​២​នាក់​​នោះឈ្មោះ​រស្មី ភេទប្រុស អាយុ​ប្រមាណ​២០​ឆ្នាំ បាក់​ដងកាំបិត​ស្មាស្តាំ​​និង​ម្នាក់​ទៀត​ឈ្មោះ​​​គឹម ស៊ុន​ ភេទប្រុស អាយុ​២១​ឆ្នាំ ​​បាក់​ម្រាម​ដៃ ។ អ្នក​ទាំង​ពីរស្នាក់នៅក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ កំពុង​​ព្យា​បាលនៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយក្នុង​ខណ្ឌ​ទួលគោក ។ ​ចំពោះ​​រថ​យន្ត​ទំនើប​ម៉ាកឡង់គ្រីស្ស័រ ឆ្នាំ២០១០ ​ពណ៌​ពង​មាន់ គ្មានស្លាកលេខ​​បានរង​ការ​ខូច​ខាត​ចង្កៀង​មុខ ហើយ​អ្នក​បើក​បរ​ត្រូវគេ​បង្ហើប​​ឱ្យ​​ដឹង​ថា ឈ្មោះ​ដារ៉ា ហៅភ័ន្ត ​​តែ​ទីលំនៅ​ត្រូវ​​​ប៉ូលិស​​លាក់​​មិន​ឱ្យ​អ្នក​កា​សែត​ដឹង​ទេ ។លោកម៉ក់ ហុង អធិការ​ប៉ូលិស​​ខណ្ឌ​សែន​សុខ ឱ្យ​ដឹង​ថា ​ប៉ូលិស​ឃាត់​ខ្លួន​សន្តិសុខ២​នាក់​ដោយ​មាន​បញ្ជា​ពីព្រះ​រាជ​អាជ្ញា​​រងសាលា​រាជ​ធានីភ្នំពេញ ។ សន្តិសុខ​២នាក់នោះ​បាន​ប្រើ​ដំបង​គប់ទៅលើ​យុវ​ជន​​៣​នាក់​ដែលកំពុង​ជិះ​​ម៉ូតូ​ C100 ស៊េរី​៩៦ គ្មានស្លាក​លេខ ​គ្មាន​កញ្ចក់ និង​មិន​ពាក់​មួក ហើយ​គេច​​ទៅ​បុក​ចំរថយន្ត​ទំនើប​ឡង់គ្រីស្ស័រ​ដែលកំពុង​បើក​បញ្ច្រាស​​ទិស​គ្នា ។ ​ហេតុការណ៍​នោះ​បណ្តាល​ឱ្យ​​យុ​វ​ជន​ទាំង​៣​នាក់​រងរបួស​ធ្ងន់ដោយ​សារ​ដួល​ម៉ូតូ ។ លោក​បន្ត​ទៀត​ថា ក្រោយកើត​ហេតុ​ភ្លាម ប៉ូលិស​ទៅ​ដល់ ​ហើយ​នាំអ្នករងគ្រោះ​ទៅមន្ទីរ​ពេទ្យ​ ។ ចំណែកសន្តិ​សុខ​​២​នាក់​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន ។ ​ប្រភព​ព័ត៌​មានពីកន្លែង​កើតហេតុ​ឱ្យ​ដឹងថា​សន្តិសុខ​ប្រើ​ដំបង​គប់​ទៅលើ​យុវ​ជន​៣​នាក់​នោះ ដោយសារ​តែជិះ​ម៉ូតូ​ទៅរក​រឿង​ពួក​គេ​ដែល​កំពុង​ឈរ​យាម​រថយន្ត​ និង​​ម៉ូតូ​នៅមុខ​ហាង​ពីរ៉ា​មីត​ តែមិន​ដឹងថា មកពីរឿង​អ្វីទេ ៕