ភ្នំពេញ*៖ ករណីប្លន់បានចាប់ផ្តើមកក្រើក ឡើងទៀតហើយ បន្ទាប់ពីស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ធ្លាប់លើកឡើងកាលពីថ្មីៗថា ក្រុមចោរប្តូរទិសដៅពីប្លន់ម៉ូតូ ទៅប្លន់គ្រឿងអលង្ការវិញម្តង ប៉ុន្តែលើកនេះ គឺជាករណីប្លន់ប៉ងបាញ់សម្លាប់លើគូស្នេហ៍ មួយគូ ដែលកំពុងក្រេបរសជាតិស្នេហាក្នុងទីងងឹត ក្នុងភូមិសាស្ត្រក្រុមទី៨ ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយហេតុការណ៍បា៍នភ្ញាក់ ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ ។

នាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយប៉ាក បានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើង បាញ់ប្លន់យកម៉ូតូបានសម្រេច បណ្តាលឱ្យរងរបួសធ្ងន់នេះ ឈ្មោះ ពេជ្រ ស្រស់ថាវ័ន្ត ភេទប្រុស អាយុ ១៨ឆ្នាំ ជាសិស្សសាលានៅវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ និងមានទីលំនៅភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ចំណែកស្រីស្នេហ៍ជនរងគ្រោះឈ្មោះ ជា ស្រីពេជ្រ អាយុ ១៧ឆ្នាំ ជាសិស្សសាលានៅវិទ្យាល័យក្រួស និងមានទី លំនៅភូមិក្រួស សង្កាត់សំរោង ខណ្ឌសែនសុខ ។

នគរបាលដដែលបានបន្តថា ម៉ូតូជនរងគ្រោះដែលចោរភ្ជង់ប្លន់យកទៅនោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១ឈៅ -៩៩៥៣ ។ បន្ទាប់ពីកើតហេតុ និងមានការបាញ់បោះនៅក្នុងករណីប្លន់នេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ទាំងយប់ ហើយក៏បានបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យកាល់ម៉ែត រួមទាំងរកឃើញសំបកគ្រាប់នៅកន្លែងកើតហេតុ ចំនួន ២ គ្រាប់ ដោយ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យបានប្រើប្រាស់កាំភ្លើងម៉ាក កា៥៩ កែច្នៃ ប៉ុន្តែសាក្សីដែលឮស្នូរសំឡេងគ្រាប់កាំភ្លើងបានអះអាងថា ក្នុងអំពើប្លន់នេះ ក្រុមចោរបានផ្ទុះអាវុធចំនួន ៤គ្រាប់ តែបើតាមការពិនិត្យពីសមត្ថកិច្ចលើជនរងគ្រោះឃើញថា មានស្នាមគ្រាប់កាំភ្លើង ៣គ្រាប់ នៅចំចង្កេះខាងស្តាំ។

បន្ទាប់ពីមានការសាកសួរទៅលើសង្សារជនរងគ្រោះ សមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះហើយនិងស្រីស្នេហ៍បានណាត់ជួបគ្នា នៅក្បែរស្ពានព្រែកព្នៅ ដើម្បីបបួលគ្នាដើរលេង ប៉ុន្តែពេលមកដល់ចំណុចកើតហេតុ ដោយសារតែទីកន្លែងនេះ ជាកន្លែងងងឹតនិងស្ងាត់ផងនោះ ក៏ចាប់ផ្តើមផ្តោះផ្តង ពាក្យសម្តីផ្អែមល្ហែម និងក្រេបរសជាតិស្នេហា តែចៃដន្យមិនល្អត្រូវក្រុមចោរមានគ្នា ៣នាក់ មកឃើញហេតុការណ៍ដូច្នោះ ក៏យកកាំភ្លើងភ្ជង់ផ្តាច់ចង្វាក់ស្នេហាដើម្បីប្លន់យកម៉ូតូទំនើប ប៉ុន្តែពេលនោះជនរងគ្រោះមិនព្រមឱ្យ ដោយប្រតាយប្រតប់ជាមួយក្រុមចោរ តែ ដោយឡែកក្រុមចោរក៏មិនបន្ធូដៃ ក៏ដកកាំភ្លើងបាញ់ ៤-៥គ្រាប់ លើជនរងគ្រោះ រួចក៏យកម៉ូតូជនរងគ្រោះចែកគ្នាជិះម្នាក់មួយទៅបាត់ដោយ សុវត្ថិភាព។

សមត្ថកិច្ចបញ្ជាក់យ៉ាងច្បាស់ថា សមត្ថកិច្ចកំពុងតាមដានរឿងនេះ ហើយសមត្ថកិច្ចនឹងតាមចាប់ជនល្មើសឱ្យខាងតែបាន។

http://dap-news.com/index.php?option...news&Itemid=50