ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ម្តាយ​ និង​កូន​​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ដោយ​សារ​​រថ​យន្ត​បុក​ពី​ក្រោយ​ពេល​ ជិះ​កង់​។ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​នៅ​វេលាម៉ោង​២ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១១ លើ​ដង​ផ្លូវ​ពី​ភូមិ​កូន​ដំរី​ទៅ​ស្រុក​ម៉ា​ឡៃ​ ក្នុងភូមិ​បឹង​រាំង​ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។ មន្ត្រី​នគរ​បាល​ចរា​ចរ​ខេត្ត​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​រ៉ាញ់ ញ៉ាញ់ អាយុ​៣៤​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ ឃុំ​អូរ​ស្រឡៅ​ ស្រុក​ម៉ា​ឡៃ ចំណែក​កូន​ប្រុស​ឈ្មោះ​ណំ​ ជិន អាយុ​១៣​ឆ្នាំ ។ ឯ​អ្នក​បើក​បរ​​រថ​យន្ត​ឈ្មោះ​​ផុន វុន ភេ​ទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ស្រុក​កំណើតនៅ​​​ភូមិ​ព្រះ​ធាតុ​ ឃុំ​ព្រះ​ធាតុ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃវែង ។ រថ​យន្ត​​នោះ​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​សណ្តោង​រ៉ឺម៉ក​​ផ្ទុក​ទំនិញ ពាក់​ស្លាក​លេខផ​៥៨០០​ភព​៣​។

ប្រភព​ព័ត៌​មាន​ដដែល​ឱ្យ​ដឹង​ថា តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​​ប្រាប់​​សមត្ថ​កិច្ច​ថា ស្ត្រី​រង​គ្រោះ​​ជិះ​កង់​ឌុប​កូន​ប្រុស​ពី​​កើត​ទៅ​លិច​​ស្រប​ទិស​គ្នា​ ជាមួយ​រថ​យន្ត​។ ចំណែក​​​អ្នក​បើក​បរ​រថ​យន្ត​​បើក​​វ៉ា​រថ​យន្ត​កាម​រី​ខាង​មុខ​ ប៉ុន្តែ​វ៉ា​មិន​រួច​ក៏​ងាក​​ជែង​ខាង​ស្តាំ​វិញ ហើយ​​ជ្រុល​ចង្កូត​ទៅ​បុក​ស្ត្រី​រង​គ្រោះ​នៅ​​លើ​ចិញ្ចើម​ផ្លូវ​ខាង​ស្តាំ​ បណ្តាល​ឱ្យ​កង់​រថ​យន្ត​កិន​ក្បាល​ក្មេង​ប្រុសបែក​ខ្ទេច​ និង​ស្ត្រី​នោះ​​ត្រូវ​កង់​រថ​យន្ត​កិន​ចំ​ពោះ​បែក​​ស្លាប់​ភ្លាម​នៅ​កន្លែង ​កើ​តហេតុ។ បើ​តាម​​សាច់​ញាតិ​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​​មាន​​ផ្ទៃ​ពោះ​​៧​ខែ​ផង​ដែរ​។ លោក​វរ​សេនីយ៍​ទោ ឈឿម សុផុន នាយ​ការិយា​ល័យ​ចរា​ចរ​ជើង​គោក​ខេត្ត​​ឱ្យ​ដឹង​ថា រថ​យន្ត​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ​ចរាចរ​ខេត្ត​ ខណៈ​អ្នក​បើក​បរ​គេច​ខ្លួន​បាត់​៕

http://kohsantepheapdaily.com.kh/art...21-040032.html