
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបត្រូវសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ កាល់ម៉ែតដើម្បីសង្គ្រោះ ដោយសារជួបឧបទ្ទវហេតុផ្ទុះកំប៉ុងហ្គាស កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី២០ មករា ២០១១ បណ្តាលឱ្យរលាកពេញដងខ្លួន ។ ជនរងគ្រោះឈ្មោះហាក់ បូរិន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលតាមដងមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសនោះរៀបរាប់ក្នុងមន្ទីរពេទ្យកាល់ម៉ែតឱ្យដឹងថា លោករៀបចំដាំបាយដោយប្រើចង្ក្រានហ្គាសធុនតូច ។ បន្ទាប់ពីបើកហ្គាសហើយដាក់ឆ្នាំងបាយរួចលោកដើរចេញទៅខាងក្រៅ ។
បន្តិចក្រោយមក ទៀតលោកដើរចូលវិញ កេះដែកកេះដុតបារី ស្រាប់តែឆាបឆេះកំប៉ុងហ្គាស និងផ្ទុះជះហ្គាសមកលើខ្លួនប្រាណលោក បណ្តាលឱ្យរលាក និងរោលខ្មៅពេញខ្លួន ។ ភ្លាមៗនោះសាច់ញាតិខាងប្រពន្ធជួយដឹកលោកទៅកាន់គ្លីនិកឯកជនមួយ ក្បែរផ្សារពោធិ៍ចិនតុង ប៉ុន្តែដោយសារមុខរបួសធ្ងន់ និងសេវាពេទ្យថ្លៃ ទើបសំរេចចិត្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតវិញ ។ ជនរងគ្រោះបញ្ជាក់ថា មូលហេតុផ្ទុះកំប៉ុងហ្គាសនេះទំនងមកពីចង្ក្រានរលត់ភ្លើង ហើយបញ្ចេញហ្គាសចោល លុះពេលលោកនៅក្បែរចង្ក្រានកេះដែកកេះជក់បារីបណ្តាលឱ្យឆាបឆេះ តែម្តង ៕
http://kohsantepheapdaily.com.kh/art...21-011245.html