រាជធានីភ្នំពេញ ៖ ជា​សំណាង​ល្អមួយ​ក្នុង​មួយ​ពាន់​គ្រោះ​ថ្នាក់​ដែល​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្លាប់ ឬ​របួស​ក្នុងឧបទ្ទវ​ហេតុ​ផ្ទុះ​​ទុយោ​ផ្សារ​ដែក​ កាលពីវេលាម៉ោង​៣ និង៤៥​នាទី​រសៀលថ្ងៃ​ទី៥ មករា ២០១០ នៅ​មុខ​ក្លឹប​កំសាន្ត​ហ្គោស្តា​បា​(អតីត​​គុក​តេ​៣) ផ្លូវ​លេខ​១៥៤ សង្កាត់​ជ័យជំនះ ខណ្ឌដូន​ពេញ។ ​សាក្សី​​និយាយ​ឱ្យ​សមត្ថកិច្ច​ដឹង​ថា ពេល​​ជាង​​កំពុងផ្សា​រដែក​​​តួ​ម៉ូតូ​ ស្រាប់​តែមាន​ផ្សែង​ហុយ​ទ្រលោម​ដោយ​សារផ្ទុះ​ទុយោ​ផ្សារ​ដែក​ដែល​ប្រើ​ប្រាស់​ថ្ម​ស្អុយ។ នេះពិត​ជា​សំណាង​មួយ​​នៅក្នុង​​មួយពាន់គ្រោះ​ថ្នាក់​​ដែល​គ្រាន់​តែ​ផ្ទុះ​ទុយោផ្សារ​ប៉ុណ្ណោះ ​បើ​សិនជា​ផ្ទុះធុង​ថ្ម​ស្អុយ​វិញ ប្រាកដ​ជាមានអ្នកស្លាប់​ និងរបួស​ច្រើន​ព្រោះ​មាន​មនុស្ស​ជា​ច្រើន​​ឈរ​លក់​ទំនិញ​ក្បែរ​ចំណុច​កើត​ហេតុ​។​សាក្សី​បន្ត​ថា ទុយោ​ផ្សារ​ដែក​​ផ្ទុះ​ដាច់​ចេញ​ហើយ​មានផ្សែង​ខ្មៅ​នៅលើ​ធុង​ថ្ម​ស្អុយ​ ព្រម​ទាំង​មានអំបែង​តូចៗ​ជះទៅលើ​ស្លាកក្លឹបកំសាន្ត​ហ្គោ​ស្តាបា។ ក្រោយ​កើតហេតុនគរបាល​មូល​ដ្ឋាន​ទៅពិនិត្យ​ រួចយករទេះ​ដាក់ធុង​ផ្សារ​ដែក​ និង​នាំជាង​ផ្សារ​ដែកទៅ​ស្នាក់ការប៉ុសិ៍្ត​នគរ​បាល​ជ័យជំនះ ដើម្បី​​សាក​សួរ​មូលហេតុដែល​បណ្តាល​ឱ្យ​ផ្ទុះ។ អត្ត​សញ្ញាណ​ជាង​ផ្សារ​ដែកនោះនគរបាល​មិនប្រាប់​ទេ ហើយ​​បាន​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញនាល្ងាច​ថ្ងៃដដែល បន្ទាប់​ពី​សាក​សួរ​​រួច។ ហេតុ​​ការណ៍នោះ​មិន​ត្រូវ​​នគរ​បាលប៉ុសិ៍្ត​រាយការណ៍​ជូនថ្នាក់លើទេ ដោយ​សំអាងថា មិន​មានគ្រោះ​ថ្នាក់​ដល់​ជីវិត​​មនុស្ស​ ក៏​ដូចជា​ខូច​ខាត​សំភារ​អ្នកដទៃ៕